(កំពង់ស្ពឺ)៖ ក្រុមទណ្ឌិតប្រមាណ៣០នាក់ នៅព្រលប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០ បាននាំគ្នាវាយមន្ត្រីពន្ធនាគារឲ្យរងរបួសប្រុងរត់ចេញពីគុក ខេត្តកំពង់ស្ពឺ តែត្រូវបានកម្លាំងនគរបាល និងកងរាជអាវុធហត្ថ សហការចាប់ជនសង្ស័យបានមកវិញទាំអស់ភ្លាមៗ ក្រោមការបញ្ជាផ្ទាល់ពីលោក វ៉ី សំណាង គណបញ្ជាការឯកភាពខេត្តកំពង់ស្ពឺ។

លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ និងជាអ្នកដឹកនាំប្រតិបត្តិការបង្ក្រាប ក្រុមអ្នកទោសហែកគុករត់នេះ បានឲ្យភ្នាក់ងារព័ត៌មាន Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០នេះថា ក្រោយពីទទួលបានដំណឹងភ្លាមៗថា មានក្រុមអ្នកទោសហែកគុក និងវាយមន្ត្រីពន្ធនាគាររត់ចេញ លោកបានបញ្ជាឲ្យកម្លាំងនគរបាលនៃស្នងការដ្ឋានខេត្ត និងកម្លាំងកងរាជអាវុធហត្ថសហការគ្នាបង្ក្រាប និងចាប់ជនដៃដល់ជាអ្នកទោសយកបានមកវិញភ្លាមៗ។

លោកអភិបាលខេត្តបានបន្តថា អ្នកទោសដែលរត់បានដល់ក្រៅមន្ទីរឃុំឃាំង ក៏ត្រូវចាប់បានមកវិញទាំងអស់ដែរ និយាយរួមមិនដូចពាក្យចចាមអារ៉ាមថា មានអ្នកទោសរត់រួចរាប់រយអ្នកនោះទេ។

លោកអភិបាលខេត្តសង្កត់ធ្ងន់ថា បើប្រើកម្លាំងនគរបាល និងកម្លាំងកងរាជអាវុធហត្ថមិនធានាបាន លោកនឹងបញ្ជាកម្លាំងយោធាបន្ថែមទៀត ដើម្បីគ្រប់គ្រងសភាពការណ៍។

ចំពោះមូលហេតុដែលនាំឲ្យមានអ្នកទោសប្រុងរត់ និងវាយមន្ត្រីពន្ធនាគារឲ្យរបួសនេះ ដោយអ្នកទោសម្នាក់បានឈឺ ហើយត្រូវយករថយន្តសង្គ្រោះដឹកទៅព្យាបាល ពេលនោះរថយន្តសង្គ្រោះចូលទៅក៏ត្រូវ បានក្រុមអ្នកទោសបះបោរឈាន ទៅវាយមន្ត្រីពន្ធនាគារតែម្តង ហើយមានឱកាសក៏នាំគ្នារត់ចេញពីគុក ប៉ុន្តែត្រូវបានកម្លាំងសមត្ថកិច្ចចាប់បានមកវិញ៕

មន្ត្រីពន្ធនាគារដែលត្រូវអ្នកទោសវាយ