(បាត់ដំបង)៖ លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០នេះ បាននាំយកអំណោយជាសម្ភារ មានម៉ាស៦ពាន់ អាល់កុល និងជែល១,២០០ដប, សាប៊ូម្សៅ៤៨០កញ្ចប់ របស់នាយឧត្តមសេនីយ៍ សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ចុះចែកជូនដល់គ្រឹះស្ថានសិក្សាចំនួន៤កន្លែង នៅក្រុងបាត់ដំបង និងមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការ មន្ទីរអប់រំខេត្ត លោកគ្រូ អ្នកគ្រូចូលរួមផងដែរ។

លោក ងួន រតន: បានឲ្យដឹងថា ដើម្បីទប់ស្កាត់ ការពារ កុំឲ្យឆ្លងរោគ COVID-19 បន្តទៀត ខណៈដែលមេរោគនេះកំពុងរីករាលដាលនៅលើពិភពលោក ដោយឡែកនៅប្រទេសកម្ពុជា ក៏មានការឆ្លងមេរោគនេះផងដែរនោះ នៅខេត្តបាត់ដំបង ក៏មានផ្ទុកមេរោគនេះចំនួន៨នាក់ បានមកសម្រាកព្យាបាល នៅមន្ទីរបង្អែកខេត្ត ហើយបានជាសះស្បើយចំនួន៧នាក់ ត្រូវបានគ្រូពេទ្យអនុញ្ញាតឲ្យចេញទៅផ្ទះវិញហើយ ចំណែកអ្នកជំងឺម្នាក់ទៀតក៏បានជាសះស្បើយ នឹងត្រូវគ្រូពេទ្យអនុញ្ញាត ឲ្យចេញទៅវិញក្នុងពេលដ៏ខ្លីខាងមុខនេះផងដែរ។

លោកអភិបាលខេត្តបានបញ្ជាក់ថា ទោះជានៅខេត្តបាត់ដំបង មានអ្នកជំងឺតិច ហើយបានសះស្បើយអស់ហើយក៏ដោយ យើងមិនត្រូវធ្វេសប្រហែសនោះទេ គឺត្រូវការទប់ស្កាត់ ការពាររក្សាអនាម័យជានិច្ច ទើបថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានផ្តល់អំណោយជាសម្ភារប្រឆាំងនឹងជំងឺកូវីដ១៩នេះ ដើម្បីចែកជូនគ្រឹះស្ថាន សិក្សាចំនួន៤កន្លែងក្នុងមាន៖ សាលវិទ្យាល័យបាត់ដំបង, វិទ្យាស្ថានភូមិភាគបច្ចេកទេស តេជោសែនបាត់ដំបង, វិទ្យាស្ថានបច្ចេកទេសបាត់ដំបង, វិទ្យាស្ថានជាតិវិជ្ជាជីវ:បាត់ដំបង ដើម្បីប្រើប្រាស់សម្អាតអនាម័យប្រចាំថ្ងៃ មិនឲ្យឆ្លងរោគបន្តទៀតផងដែរ៕