(ភ្នំពេញ)៖ ថ្វីត្បិតតែពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ទើបបានកន្លងផុតទៅនាពេលថ្មីៗនេះក៏ពិតមែន តែការចុះសួរសុខទុក្ខដល់វរនគរបាលការពារព្រំដែន លេខ៧៣៩ ទិសប្រាសាទព្រះវិហារនៅតែបន្តធ្វើឡើង ដោយមន្ទីរសាធារណការ និងដឹកជញ្ជូន, ខណ្ឌពោធិ៍សែនជ័យ, ខណ្ឌព្រែកព្នៅ និងខណ្ឌកំបូល ដែលជាអង្គភាពចងសម្ពន្ធ័មេត្រីភាព ជាមួយអង្គភាពវរនគរបាលការពារព្រំដែន លេខ៧៩៣ ឈរជើងនៅច្រកអានសេះ ខេត្តព្រះវិហារ។

ក្នុងពិធីនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០ គណៈប្រតិភូបានគូសបញ្ជាក់ថា បើទោះបីការចុះមកសួរសុខទុក្ខយឺតបន្ដិចមែន ប៉ុន្ដែបង្ហាញមនោសញ្ចេតនា រវាងសមរភូមិក្រោយ ចំពោះសមរភូមិមុខ គឺមិនអាចកាត់ផ្តាច់បានឡើយ។ វរកងទ័ព និងនគរបាលការពារព្រំដែន គឺជារបងដ៏រឹងមាំការពារបូរណៈភាព ទឹកដីពីសត្រូវឈ្លានពាន ហើយសមរភូមិក្រោយតែងតែនៅជិតជាមួយកងទ័ព និងនគរបាលវរការពារព្រំដែនជានិច្ច។

គណៈប្រតិភូប្តថា បានថ្លែងកោតសរសើរដ៏ស្មោះ ចំពោះស្មារតីលះបង់សាច់ស្រស់ ឈាមស្រស់ប្រកបដោយវីរៈភាពដ៏អង់អាចក្លាហាន ក្នុងបុព្វហេតុការពារជាតិ មាតុភូមិ និងការពារបូរណៈភាពទឹកដី។

គណៈប្រតិភូក៏បានអំពាវនាវដល់បងប្អូន កងកម្លាំងនគរបាលវរការពារព្រំដែនលេខ៧៩៣ ត្រូវចូលរួមឲ្យបានម៉ឺងម៉ាត់ តាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីយើងបានជៀសផុតពីជំងឺផ្លូវដង្ហើម ដ៏កាចសាហាវគឺជំងឺ COVID-19 ដែលរាជរដ្ឋាភិបាលកំពុងចាត់វិធានការទប់ស្កាត់យ៉ាងយកចិត្តទុកដាក់បំផុត។

ចំពោះអំណោយដែលត្រូវផ្តល់ជូនវរនគរបាលការពារព្រំដែនលេខ៧៩៣ រួមមានអង្ករមួយអង្គភាព ១តោន, អាល់កុល៣កាន ១អង្គភាព, ម៉ាស់ក្នុងមួយអង្គភាព ១កេសធំ, មី៥កេស, ថវិកា១លានមួយអង្គភាព ព្រមទាំងផ្តល់ជាថវិកាដល់នាយនគរបាល មេបញ្ជាការ មេបញ្ជាការរងនគរបាល ព្រមទាំងជូនគ្រួសារនគរបាល ដែលសរុបជាថវិកាមានចំនួន៣២,៨៥២,០០០រៀល៕