(កណ្ដាល)៖ មុខសញ្ញាឆក់យ៉ាងសកម្ម ២នាក់ ដែលទើបតែចេញពីពន្ធនាគារមិនទាន់ក្ដៅខ្លួនផង ហ៊ានចេញមកក្រៅចាប់ផ្ដើមធ្វើសកម្មភាពឆក់ទៀត តែត្រូវបានកម្លាំងនគរបាលក្រុងតាខ្មៅ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រីស្នងការ ឈឿន សុចិត្ត ចាប់វាយខ្នោះបានម្តងទៀត កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០ម្សិលមិញនេះ។

នគរក្រុងតាខ្មៅ បានឱ្យភ្នាក់ងារ Fresh News ដឹងនៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០នេះថា បន្ទាប់ពីទទួលពាក្យបណ្ដឹងជាបន្តបន្ទាប់ ពីជនរងគ្រោះទាក់ទងនឹង ករណីឆក់ កម្លាំងនគរបាលក្រុងតាខ្មៅ បានតាមដានស្រាវជ្រាវតាមវែកមុខចោរជើងឆើតឆក់យ៉ាងសកម្ម យកមកផ្ដន្ទាទោសបានសម្រេចម្តងទៀត។

ចោរឆក់ទាំង ២រូបនេះ មិនមែនប្រព្រឹត្តតែការឆក់ប៉ុណ្ណោះទេ ថែមទាំងប្រព្រឹត្តការកាច់កម៉ូតូថែមទៀតផង រហូតមានជនរងគ្រោះបានដាក់ពាក្យប្ដឹងជាបន្តបន្ទាប់ផងដែរ។ ជាក់ស្ដែងកម្លាំងនគរបាល បានប្រទះឃើញហើយក្របួចបានជាប់នេះ គឺបន្ទាប់ពីមុខសញ្ញាទាំង ២រូបនេះ បានជិះម៉ូតូក្រឡឹងរកឆក់បន្តទៀត ដោយឃើញដូច្នេះនគរបាលក៏បានឃាត់ខ្លួនតែម្ដងនៅចំនុចភូមិក្រពើហាកើត សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ជនសង្ស័យទាំង២រូបនេះមាន៖ ឈ្មោះ កែវ ប៊ុនធឿន ភេទប្រុស អាយុ៣០ឆ្នាំ ទីលំនៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ និងឈ្មោះ រី ពិសិដ្ឋ ភេទប្រុស អាយុ១៩ឆ្នាំ ទីលំនៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ។

នគរបាលបានរៀបរាប់សាច់រឿងថា នៅវេលាកើតហេតុខាងលើ កម្លាំងប៉ុស្តិ៍ព្រែកឫស្សី បានចេញល្បាតដល់ចំណុចខាងលើ បានឃើញជនសង្ស័យទាំងពីរនាក់ កំពុងតែជិះម៉ូតូងាកចុះងាកឡើង ដោយមានការសង្ស័យកំលាំងក៏បានដេញតាមឃាត់សួរនាំ ពេលនោះស្រាប់តែជនសង្ស័យឈ្មោះ កែវ ប៊ុនធឿន បានទំលាក់វត្ថុតាង ចោល ភ្លាមនោះសមត្ថកិច្ចបានធ្វើការឃាត់ជនសង្ស័យទាំងពីរនាក់ រួមទាំងវត្ថុតាងរួចបញ្ជូនបន្តមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីធ្វើការសាកសួរ និងចាត់ការបន្តតាមនីតិវិធី ៕