(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានថ្លែងអំពាវនាវដល់អង្គការសុខភាពពិភពលោកថា ប្រសិនបើរកឃើញនូវវ៉ាក់សាំង ឬថ្នាំមានប្រសិទ្ធិភាព ក្នុងការព្យាបាលជំងឺកូវីដ១៩ សូមជូមមកកម្ពុជាមុនគេ ព្រោះថានៅកម្ពុជា កំពុងស្ថិតនៅក្នុងដំណាក់កាលមួយ ដែលអាចកំណត់ និងគ្រប់គ្រងបាន មិនទាន់ឆ្លងជាសហគមន៍។

ថ្លែងក្នុងសន្និសីទព័ត៌មាន ស្តីពី បច្ចុប្បន្នភាពជំងឺកូវីដ១៩នៅកម្ពុជា នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០នេះ រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងបន្ដថា មកទល់នឹងពេលនេះ យើងមិនទាន់រកឃើញពីប្រភព និងការវិវឌ្ឍន៍នៃជំងឺកូវីដ១៩ ដែលខុសប្លែកពីជំងឺផ្សេងដែលធ្លាប់កើតមានឡើងពីមុនមក ។

រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ថ្លែងបន្ដថា «ពេលនេះ អ្នកវិទ្យាសាស្ដ្រកំពុងសិក្សាស្វែងយល់ នៅពេលណាយើងមិនទាន់មានវ៉ាក់សំាង ឱ្យការព្យាបាលឱ្យជាសះស្បើយ យើងនៅតែព្រួយបារម្ដ ហើយយើងនៅតែបន្ដខិតខំប្រឹងប្រែងធ្វើការងារនេះ ដើម្បីប្រយុទ្ធប្រឆាំង កាត់បន្ថយការចម្លង និងថែទាំប្រជាពលរដ្ឋយើង។លើសពីនោះ ចំនុចសំខាន់ចំនួន៤ ដែលយើងកំពុងអនុវត្ដន៍ គឺទុកដោយឡែកអ្នកជំងឺការតាមដាន, ការព្យាបាល ,ត្រួតពិនិត្យឱ្យរហ័ស និងការធ្វើតេស្ដ»

រដ្ឋមន្ដ្រីបញ្ជាក់ថា «នៅពេលនេះ កម្ពុជា ស្ថិតនៅក្នុងស្ថានភាពផុសស្រួយនៅឡើយទេ ដូច្នេះគឺទាមទារខ្ពស់ ឱ្យប្រជាពលរដ្ឋយើងត្រូវតែមានប្រុងប្រយ័ត្នខ្ពស់ ព្រោះមានការចម្លងពីក្រៅ មកក្នុងស្រុក ហើយអ្នកក្នុងស្រុកចម្លងទៅអ្នកក្នុងស្រុកយើងបន្ដ»

សូមកុំធ្វេសប្រហែសឱ្យឆ្លងរីករាលដាលជាលក្ខណៈសហគមន៍ ដែលប្រឈមមុខខ្ពស់ នូវការគ្រប់គ្រងផ្នែកវេជ្ជសាស្រ្ដ និងការព្យាបាល អាចបណ្ដាលឱ្យមានករណីស្លាប់ ដោយជំងឺកូវីដ១៩នៅកម្ពុជា។

ដោយកន្លងមកនេះ អ្នកឆ្លងជំងឺកូវីដ១៩ នៅកម្ពុជា មានករណីជាសះស្បើយមានជាបន្ដបន្ទាប់ ដែលបណ្ដាលឱ្យពលរដ្ឋយើង ព្រងើយកន្ដើយមិនសូវភ័យខ្លាច ដោយខ្លះហ៊ានជួបជុំផឹកស៊ីគ្នាច្រើន ការដើរទៅកាន់តាមទីសាធារណៈ ជួបជុំជាលក្ខណៈទ្រង់ទ្រាយធំ ដោយមិនគោរពតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល។

រដ្ឋមន្ដ្រី បន្ដជំរុញលើកទឹកចិត្ដដល់ប្រជាពលរដ្ឋឱ្យចេះភ័យខ្លាច ខ្លួនអ្នកអាចឆ្លង ចម្លងបន្ដទៅអ្នកដទៃ ជាពិសេសក្រុមគ្រួសារជាទីស្រលាញ់របស់លោកអ្នក និងឈានទៅដល់ឆ្លងជាសហគមន៍ ដែលជាគ្រោះថ្នាក់មួយឈានទៅបំផ្លាញសុភមង្គលក្នុងគ្រួសារ បន្ទាប់ពីមានការជួបជុំ និងទៅកាន់ទីប្រជុំជនមានមនុស្សច្រើន។

សូមជម្រាបថា អ្នកជំងឺកូវីដ១៩ ចំនួន២នាក់ទៀត បានជាសះស្បើយ ធ្វើឲ្យចំនួនអ្នកជាសះស្បើយកើនឡើងរហូតដល់១០៧នាក់ ហើយពុំមានករណីអ្នកឆ្លងជំងឺកូវីដថ្មីទេ។ ចំណែកអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដធ្លាក់ចុះមកត្រឹមចំនួន១៥នាក់ នៃអ្នកឆ្លងសរុប១២២នាក់។ បើគិតត្រឹមព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០នេះ៕