(ភ្នំពេញ)៖ គណៈកម្មាធិការអន្តរជាតិ នៃកាកបាទក្រហមប្រចាំប្រទេសកម្ពុជា (ICRC) នៅព្រឹកថ្ងៃ២០ ខែមេសា ឆ្នាំ២០២០ បានរៀបចំវគ្គបណ្ដុះបណ្ដាល ស្ដីពី «បច្ចេកទេសសម្អាតសម្លាប់មេរោគដោយប្រើក្លរ» ជូនដល់មន្រ្តីអគ្គនាយកដ្ឋានពន្ធនាគារទាំង២៨ មណ្ឌលអប់រំកែប្រែខេត្ត-រាជធានី ដើម្បីបង្ការការរីករាលដាលនៃ ជំងឺកូវីដ១៩ក្នុងពន្ធនាគារ។

នៅក្នុងថ្ងៃផ្ដល់វគ្គបណ្ដុះបណ្ដាលនេះ ក៏មានការចួលរួមជាគណៈអធិបតីពីអគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធនាគារ ដែលមានលោក ឈុន សាណាត និងលោក លីម សុខា និងលោក ជីងហ្គី រ៉េយអាមប៊េកកូវ អនុប្រធានអ្នកសម្របសម្រួលគម្រោងក្នុងពន្ធនាគារប្រចាំ ICRC លោកស្រីវេជ្ជបណ្ឌិត ណេស្រីន ប៊ែន អាម៉េត ប្រធានគម្រោងសុខភាពក្នុងពន្ធនាគារនៃ ICRC រួមទាំងមន្រ្តីពន្ធនារគារថ្នាក់ខេត្ត-រាជធានី និងអ្នកបច្ចេកទេសសរុបចំនួន៦៦នាក់។

វគ្គបណ្ដុះបណ្ដាលនេះ គឺជាសកម្មភាពគាំទ្រ បន្ទាប់ពីព្រឹត្តិការណ៍ ប្រគល់សម្ភារអនាម័យ ជូនអគ្គនាយកដ្ឋានពន្ធនាគារ ដើម្បីបង្ការការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងពន្ធនាគារ កាលពីពេលកន្លងទៅនេះ នៅឯមណ្ឌលអប់រំកែប្រែទី១ (ម១)។

ក្រោមកិច្ចសហការជាមួយអគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ ICRC បានបន្តបេសកកម្មរបស់ខ្លួន ក្នុងគោលដៅផ្ដល់ជំនួយសម្ភារផ្នែកសុខាភិបាល សម្ភារអនាម័យ ដល់ជនជាប់ឃុំ ក៏ដូចជាមន្រ្តីដែលមានមុខងារ នៅក្នុងពន្ធនាគារ តាមរយៈការផ្ដល់សម្ភារបរិក្ខារអនាម័យ វគ្គបណ្ដុះបណ្ដាល និងការតាមដានលើសកម្មភាពសំខាន់ៗដូចជា ការរៀបចំប៉ុស្តិ៍ត្រួតពិនិត្យ អនាម័យនៅក្នុងបរិវេណអគារ និងផ្ដល់ការការពារដល់ជនជាប់ឃុំ សរុបជាចំនួន៣៨,000នាក់ និងមន្រ្តីពន្ធនាគារសរុបចំនួន ៤,០០០នាក់។

ICRC បានបញ្ជាក់អំពីសារៈសំខាន់ នៃការស្ដារទំនាក់ទំនងគ្រួសារ របស់ជនជាប់ឃុំ ខណៈដែលពេលនេះខ្លួនបានព្យាយាមគ្រប់លទ្ធភាព ដើម្បីទប់ស្កាត់នៃការរីករាលដាលនៃវីរុសកូវីដ១៩ នៅក្នុងពន្ធនាគារផងដែរ។

សូមបញ្ជាក់ថា ICRC បានប្រគល់សម្ភារអនាម័យចំនួន២០តោន ជូនអគ្គនាយកដ្ឋានពន្ធនាគារ ដើម្បីបង្កាការរីករាលដាល នៃជំងឺកូវីដ១៩ក្នុងពន្ធនាគារ នៅឯមណ្ឌលអប់រំកែប្រែទី១ (ម១) កាលពីព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០។ គោលបំណងនៃការឧបត្ថម្ភសម្ភារទាំងនេះ គឺក្នុងន័យគាំទ្រ និងចូលរួមបំពេញបន្ថែម នូវកិច្ចខិតខំប្រឹងប្រែងរបស់អគ្គនាយកដ្ឋានពន្ធនាគារ ក្នុងការបង្កាទប់ស្កាត់ និងការគ្រប់គ្រងការរាតត្បាតនៃជំងឺខូវីដ១៩ នៅតាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី-ខេត្ត។

នៅក្នុងប្រទេសកម្ពុជា ICRC បានបន្ថែមទិសដៅបេសកកម្មរបស់ខ្លួន ក្នុងការឆ្លើយតបនឹងស្ថានភាពបច្ចុប្បន្ន។ អង្គការមនុស្សធម៌នេះទៀតសោត កំពុងតែផ្ដោតការយកចិត្តទុកដាក់គាំទ្រ ដល់អាជ្ញាធរក្នុងតំបន់ ដើម្បីទប់ស្កាត់ការឆ្លង ឬរីករាលដាលនៃវីរុសកូវីដ១៩ នៅក្នុងពន្ធនាគារ ហើយនឹងប្រាកដថា ជនជាប់ឃុំនៅតែអាចមានទំនាក់ទំនង ជាមួយគ្រួសាររបស់គេដដែល។

ICRC ក៏ប្រាកដថា មណ្ឌលស្ដារលទ្ធភាព ពលកម្ម កាយសម្បទា ក្នុងខេត្តបាត់ដំបង និងកំពង់ស្ពឺ និងនៅតែមានប្រតិបត្តិការដដែល។ ជាងនេះទៅទៀត កិច្ចគាំទ្រជាមួយសមាគមជាតិកាកបាទក្រហម ក្នុងការលើកកម្ពស់ការយល់ដឹងអំពីអនាម័យ សុខភាព និងវិធីសាស្រ្តសុវត្ថិភាព ដើម្បីទប់ស្កាត់ការរីករាល នៃជំងឺកូវីដ១៩ នៅក្នុងខេត្តទាំង១៣ ដែលទទួលរងផលប៉ះពាល់ពីជំងឺនេះ។

លោក រ៉ូម៉ាន៍ ប៉ារ៉ាម៉ូណូវ ប្រធានបេសកកម្ម ICRC ប្រចាំប្រទេសកម្ពុជាបានឲ្យដឹងថា ក្រុមការងារ ICRC មានកត្តិយសណាស់ ដែលមានកិច្ចសហការ និងបានចូលរួមចំណែកជាមួយអគ្គនាយកដ្ឋានពន្ធនាគារ។ ICRC បានត្រៀមកញ្ចប់ថវិការចំនួន ២៣០,០០០ដុល្លារ សម្រាប់កិច្ចប្រតិបត្តិការទៅលើការផ្គត់ផ្គង់សម្ភារ និងឧបករណ៍ដែលចាំបាច់ និងផ្ដល់វគ្គបណ្ដុះបណ្ដាលបច្ចេកទេស ដល់អាជ្ញាធរក្នុងពន្ធនាគារ។

យ៉ាងណាមិញនៅមានចំណុចជាច្រើនទៀត ដែលគួរតែត្រូវបានបំពេញ នៅក្នុងនេះផងដែរ លោកសូមអំពាវនាវដល់ស្ថាប័នមនុស្សធម៌ទាំងឡាយ និងស្ថាប័ននានា ដែលមានគោលបំណងចង់ចូលរួមចំណែក ក្នុងកិច្ចការមនុស្សធម៌នេះ អាចចូលរួមជាមួយ ICRC បាន៕