(ភ្នំពេញ)៖ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០នេះ បានប្រទានព្រះរាជសារជូនពរសម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ដែលរាជរដ្ឋាភិបាលសម្រេចអនុញ្ញាត ប្រសិទ្ធនាមផ្លូវ២០០៤ ទៅជាមហាវិថីសម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល។

យោងតាមព្រះរាជសាររបស់ព្រះមហាក្សត្រី ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំមានសេចក្តីរីករាយដោយទទួលបានព័ត៌មានថា រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា យល់ព្រមអនុញ្ញាតឲ្យប្រសិទ្ធនាមផ្លូវ ២០០៤ ចាប់ពីចំណុចមហាវិថីខេមរភូមិន្ទ (ផ្លូវ២៧១) រហូតដល់ចំណុចមហាវិថីសហព័ន្ធរុស្ស៉ីប្រវែង ៤៤៥០ម៉ែត្រ និងទទឹងប្រវែងប្រមាណ ២០ម៉ែត្រ ស្ថិតនៅខណ្ឌសែនសុខ និងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ជាមហាវិថីសម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល»

«ខ្ញុំសូមអបអរសាទរ និងកោតសរសើរដ៏កក់ក្តៅជាទីបំផុត សម្តេចចៅហ្វាវាំង ដែលបានយកចិត្តទុកដាក់ខិតខំ ប្រឹងប្រែងបម្រើ ព្រះមហាក្សត្រ ព្រះករុណា មហាវីរក្សត្រ ព្រះវរបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ និងខ្ញុំផ្ទាល់ ដោយចំណាយពេលវេលាទាំងកម្លាំងចិត្ត កម្លាំងកាយ ប្រាជ្ញាវៀងវៃ និងមានទេព្យកោសល្យដ៏ប៉ិនប្រសព្វ ស័ក្តិសម និងទទួលនូវមហាកិត្តិយសនេះ»

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចប្រសិទ្ធនាមផ្លូវ២០០៤ ទៅជាមហាវិថីសម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ដែលមហាវិថីនេះ ចាប់ពីចំណុចមហាវិថីខេមរភូមិន្ទ (ផ្លូវលេខ២៧១) រហូតដល់ចំណុចមហាវិថីសហព័ន្ធរុស្ស៊ី ប្រវែង ៤៤៥០ម៉ែត្រ និងមានទទឹងប្រវែង ២០ម៉ែត្រ ស្ថិតនៅខណ្ឌសែនសុខ និងខណ្ឌពោធិ៍សែនជ័យ។ នេះបើតាមលិខិតរបស់ ទីស្តីការគណៈរដ្ឋមន្ត្រី ចុះថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០៕