(ភ្នំពេញ)៖ លោក កូយ សៅ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០នេះ បានចេញដីកាបង្គាប់ឱ្យសមត្ថកិច្ចចាប់ខ្លួន លោក ហ៊ាង គឹមស្រឿន អនុប្រធានគណបក្សមហាសាមគ្គីជាតិខ្មែរ និង លោក ថុល សុផាន់ណា ក្រោមការចោទប្រកាន់លើករណីញុះញង់រឿងព្រំដែន ។

តុលាការក្រុងភ្នំពេញ បានសម្រេចចោទប្រកាន់ជនត្រូវចោទទាំងពីរនាក់នេះពីបទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងអំពើប្រមាថ» ដែលប្រព្រឹត្តឡើងកាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩។

លោក ហ៊ាង គឹមស្រឿន និង លោក ថុល សុផាន់ណា ត្រូវបានប្តឹងដោយ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បន្ទាប់ពីបង្ហោះសារលើ Facebook ប្រមាថដល់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ពាក់ព័ន្ធករណីអញ្ជើញលោក វ៉ា គឹមហុង បំភ្លឺរឿងព្រំដែនកម្ពុជា-វៀតណាម។

លោក ពេជ្រ ស្រស់ ធ្លាប់បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News យ៉ាងដូច្នេះថា៖ «ក្រោយពីខ្ញុំពិភាក្សាជាមួយមេធាវីរួច គឺមេធាវី បានសម្រេចឲ្យខ្ញុំប្ដឹងបុគ្គលនេះ (Heang Kimsroeun) តែម្ដង ដោយបុគ្គលនេះបានប្រមាថយ៉ាងធ្ងន់ធ្ងរមកលើឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ជាពិសេសប្រមាថដល់ អង្គព្រះមហាក្សត្រផងដែរ ពីព្រោះយន្តការឧត្តមក្រុមប្រឹក្សានេះគឺអាចដំណើរការទៅបាន ដោយសារតែមានព្រះមហាក្សត្រទ្រង់ អនុញ្ញាតឲ្យដំណើរការ»

កាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩ កន្លងទៅ លោក ហ៊ាង គឹមស្រឿន បានបង្ហោះសារមួយរិះគន់លើការអនុញ្ញាតឱ្យលោកទេសរដ្ឋមន្ត្រី វ៉ា គឹមហុង ប្រធានអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន ចូលបំភ្លឺជូនឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។

លោកសរសេរដូច្នេះថា «ចំពោះនាយករដ្ឋមន្ត្រីអនុញ្ញាតឱ្យ លោក វ៉ា គឹមហុង ចូលបំភ្លឺជូនឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ជុំវិញការចុះហត្ថលេខា កំណត់ព្រំដែនរវាង កម្ពុជា-វៀតណាម គឺជាការជួបបំភ្លឺដើម្បីបង្គ្រប់កិច្ច និងជាក្រុមអាយ៉ង និងអាចផ្តល់ភាពមិនច្បាស់លាស់ ឬគ្មានបានជាផលវិជ្ជមានណាមួយសម្រាប់ជាតិ នៅក្នុងជំនួបនេះឱ្យប្រាកដសោះឡើយ»

លោកបន្តថា «ការជួប និងបំភ្លឺរបស់លោក វ៉ា គឹមហុង គ្រាន់តែជាការរៀបចំឈុតឆាកដែលបានរៀបចំដោយរាជរដ្ឋាភិបាលឯកបក្ស ដើម្បីរៀបចំអោយមាន ឯកឧត្តមមន្ត្រីជើងមិនជាប់ដីក្បាលមិនជាប់មេឃ នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដើម្បីបំពេញបន្ថែមបំភ្លេប្រវត្តិសាស្ត្រ ជាតិ និងអន្តរជាតិតែប៉ុណ្ណោះ»