(ភ្នំពេញ)៖ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានឱ្យដឹងថា ការព្យាបាលអ្នកកើតជំងឺកូវីដ១៩ម្នាក់ ចំណាយចន្លោះពី ២,០០០ដុល្លារ ទៅ ២,៥០០ដុល្លារអាមេរិក។
ក្នុងសន្និសីទសារព័ត៌មានស្តីពីបច្ចុប្បន្នភាពជំងឺកូវីដ១៩ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០នេះ លោកស្រី យក់ សម្បត្តិ បានឱ្យដឹងថា ថវិកាដែលចំណាយនេះ គឺជាង ១ពាន់ដុល្លារ ចំណាយទៅលើការធ្វើតេស្តរកមេរោគ។ ដោយឡែកជាង១ពាន់ដុល្លារទៀត ចំណាយទៅលើថ្លៃថ្នាំ អាហារហូបចុក ថែទាំ និងការស្នាក់នៅជាដើម។
បើតាមលោកស្រី យក់ សម្បត្តិ ការចំណាយនេះអាស្រ័យទៅលើរយៈពេលនៃការព្យាបាល ពោលបើការព្យាបាលចំណាយពេលយូរការចំណាយក៏ច្រើន ហើយបើការព្យាបាលរយៈពេលខ្លី ការចំណាយក៏តិច។ តម្លៃនេះក៏ប្រែប្រួលទៅតាមការព្យាបាលរវាងមន្ទីរពេទ្យរដ្ឋ និងឯកជនផងដែរ។
លោកស្រី យក់ សម្បត្តិ បានឱ្យដឹងផងដែរថា ការចំណាយនេះមិនទាន់គិតដល់ការឧបត្ថម្ភដល់គ្រូពេទ្យព្យាបាលមួយថ្ងៃ៥០ដុល្លារថែមពីលើប្រាក់បៀវត្សនោះទេ។
មិនទាន់មានការបញ្ជាក់ពីការចំណាយសរុបក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ក៏ដូចជាព្យាបាលអ្នកជំងឺនៅឡើយនោះទេ។ ប៉ុន្តែលោកស្រីរដ្ឋលេខាធិការ បានឱ្យដឹងថា ក្រសួងបានចំណាយថវិកាប្រមាណ ៤.៥លានដុល្លារអាមេរិកជាថវិការបស់រដ្ឋ និងថវិកាសប្បុរសជន ៥លានដុល្លារទៀត ទិញសម្ភារនានា សម្រាប់ក្រុមគ្រូពេទ្យប្រើប្រាស់។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ធ្លាប់បានបញ្ជាក់ថា ការព្យាបាលអ្នកជំងឺកូវីដ១៩ទាំងជនបរទេស និងពលរដ្ឋខ្មែរ មិនត្រូវបានគិតថ្លៃនោះទេ។ ការសម្រេចនេះបានបង្ហាញពីការទទួលខុសត្រូវខ្ពស់ និងទឹកចិត្តសប្បុរសធម៌ដ៏ជ្រាលជ្រៅរបស់រាជរដ្ឋាភិបាលកម្ពុជាទៅលើអ្នកជំងឺ ខណៈបណ្តាប្រទេសជាច្រើនសុទ្ធតែបានយកថ្លៃព្យាបាលពីជនបរទេស។
សូមបញ្ជាក់ថា មកដល់ត្រឹមថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ១២២នាក់ ពលរដ្ឋខ្មែរ ៥១នាក់ ជនបរទេស៧១នាក់។ មកដល់បច្ចុប្បន្នព្យាបាលជា ១០៧នាក់ ហើយកំពុងព្យាបាល ១៥នាក់៕