(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០នេះ បានទទួលអំណោយម៉ាសចំនួន១០ម៉ឺន, ម៉ាស N95 ចំនួន២ពាន់, ឧបករណ៍វាស់កម្ដៅចំនួន១០០, វ៉ែនតាការពារជាង១ពាន់ និងស្រោមដៃចំនួន១ពាន់, ម៉ាស៊ីនវាស់ក្ដៅចំនួន២គ្រឿង ពីក្រុមហ៊ុនចិន China Huadian Corporation (CHDPC) ដើម្បីយកទៅប្រើប្រាស់សម្រាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩។

ពិធីនេះដោយមានការចូលរួមពីលោក កែវ រតនៈ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា និងលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងតំណាងក្រុមហ៊ុន China Huadian Corporation ដែលរៀបចំធ្វើឡើងនៅទីស្ដីការអគ្គិសនីកម្ពុជា នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០នេះ។

ថ្លែងក្នុងឱកាសនោះ លោក កែវ រតនៈ បានឲ្យដឹងថា អំណោយដែលអគ្គិសនីកម្ពុជា ទទួលបានក្រុមហ៊ុនចិននៅថ្ងៃនេះ អគ្គិសនីកម្ពុជា ក៏អាចប្រើប្រាស់ ជំនួយទាំងនេះជួយដល់មណ្ឌលសុខភាព តាមតំបន់ក្រីក្រមួយចំនួនផងដែរ។

លោករដ្ឋមន្ត្រី កែវ រតនៈ បានឲ្យដឹងថា ក្នុងជំនួបនោះ លោក វ៉ាង វិនធាន ក៏បានសន្យាថា ដរាបណាប្រទេសកម្ពុជានៅជួបបញ្ហាកូវីដ-១៩ រដ្ឋាភិបាល និងប្រជាជនចិន នឹងបន្ដជួយកម្ពុជា រហូតដល់តែជាពីជំងឺកូវីដ-១៩អស់ គ្មានបញ្ហាជំងឺនេះតទៅទៀត ដែលនេះសម្ដែងឲ្យឃើញពីទឹកចិត្ត នៃការស្រលាញ់រាបអានគ្នាក្នុងពេលគ្រាអាសន្ន។

ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាបានបន្ដថា ទំនាក់ទំនងល្អនេះចេញមកពីស្នាដៃ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាជាមួយនឹងថ្នាក់ដឹកនាំចិន ក៏ដូចជាប្រជាជនរបស់ប្រទេសទាំង២ ដែលដឹងសុខដឹងទុក្ខជាមួយគ្នាក្នុងគ្រាក្រ គ្រប់ពេលវេលា ដែលជាទំនាក់ទំនងជាប្រវិត្ដសាស្ដ្រ ជាយូរលង់ណាស់មកហើយ។

លើសពីនោះទៀត ឯកអគ្គរដ្ឋទូតចិនក៏បានប្ដេជ្ញាបន្ដជួយដល់កម្ពុជា ក្នុងបញ្ហាប្រយុទ្ធប្រឆាំងកូវីដ-១៩ ហើយក៏បន្ដជួយគាំទ្រ ដល់ការអភិវឌ្ឍន៍កម្ពុជា គ្រប់វិស័យជាបន្ដទៀតផងដែរ៕