(ភ្នំពេញ)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ស្អែកនេះ នឹងរៀបចំសន្និសីទសារព័ត៌មានពីរ ដោយនៅពេលព្រឹក ស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់ក្រសួងរ៉ែ និងថាមពល» លុះពេលរសៀល ស្ដីពី «បច្ចុប្បន្នភាព នៃការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ របស់សហគមន៍ខ្មែរឥស្លាម» នៅជាន់ផ្ទាល់ដី សាលប្រជុំ B នៃទីស្ដីការគណៈរដ្ឋមន្ដ្រី។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

សន្និសីទនេះ មានគោលបំណង ជម្រាបជូនសាធារណជនឲ្យបានជ្រាប អំពីបច្ចុប្បន្នភាពជំងឺកូវីដ១៩ ក្នុងសហគមន៍ខ្មែរឥស្លាម ក្នុងកិច្ចចូលរួមចំណែកដ៏សកម្ម ជាមួយនឹងវិធានការអនុវត្តរបស់រាជរដ្ឋាភិបាល និងការត្រៀមខ្លួនក្នុងការទទួលបួសរ៉ាម៉ាឌន ដើម្បីបង្ការ ការពារ ទប់ស្កាត់ការរាតត្បាតកូវីដ១៩។

មួយវិញទៀត ក៏បង្ហាញជូនសាធារណៈឲ្យបានយល់ច្បាស់ ពីសកម្មភាពសមិទ្ធផល និងទិសដៅការងារបន្ដរបស់ក្រសួងរ៉ែ និងថាមពល ក្នុងទិសដៅស្នួល ជំរុញគោលនយោបាយ អភិបាលកិច្ចល្អ ឲ្យកាន់តែមានប្រសិទ្ធភាព ឆ្លើយតបទៅ នឹងយុទ្ធសាស្ដ្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល។

ក្នុងសេចក្ដីជូនដំណឹងបានឲ្យដឹងថា សន្និសីទសារព័ត៌មាននេះ នឹងមានការអញ្ជើញចូលរួមជាវាគ្មិនពី លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស។ ដោយឡែកពាក់ព័ន្ធក្រសួងរ៉ែ និងថាមពលក៏មានការចូលរួមបកស្រាយពី តំណាងក្រសួងមួយនេះផងដែរ៕