(ភ្នំពេញ)៖ អង្គការ FOUR PAWS បានអះអាងថា យ៉ាងហោចណាស់ មានសត្វឆ្កែរាប់លានក្បាលត្រូវបានប៉ាន់ស្មានថា បានសម្លាប់ជារៀងរាល់ឆ្នាំនៅតំបន់អាស៊ី ហើយការជួញដូរ និងការបរិភោគសាច់ឆ្កែ និងឆ្មាទាំងនោះ គឺអាចបណ្តាលឱ្យមានហានិភ័យខ្ពស់ចំពោះសុខភាពសាធារណៈ ដូចជាឆ្លងជំងឺឆ្កែឆ្កួតជាដើម។

បើតាមអង្គការនេះ, អ្នកបរិភោគសាច់ឆ្កែ និងឆ្មា អាចទទួលរងផលប៉ះពាល់ពីការផ្ទុះឡើងនៃជំងឺអាសន្នរោគ ដែលបណ្ដាលមកពីពពួកបាក់តេរី វីប៊្រីយ៉ូ កូឡេរ៉ា និងជំងឺទ្រី ឈីនែឡា ដែលជា ជំងឺ ប៉ារ៉ាស៊ីតក្នុងចំណីអាហារដែលចម្អិនមិនបានល្អ។ អ្នកដែលហូបសាច់ឆ្កែ និងអ្នកពាក់ព័ន្ធនឹងការជួញដូរនេះក៏អាចប្រឈមនឹងជំងឺអានត្រាក់ ជំងឺប្រ៊ុយសែសឡូស៊ីស ជំងឺរលាកថ្លើម និងជំងឺឡិបតូស្ដីរ៉ូស៊ីស ដែលជំងឺទាំងនេះ បង្កដោយមេរោគសាហាវរួមមាន៖ អ៊ីកូលី ១០៧ និងសាលម៉ូណេឡា ដែលភាគច្រើនត្រូវបានគេរកឃើញ នៅក្នុងសាច់កខ្វក់ និងទទួលរងនូវផលប៉ះពាល់ ដោយសារធាតុពុលដូចជា ប៉ូសារធាតុប៉ូតាស្យូមស៊ីយានីត ស្ទ្រិចនីន និងថ្នាំបន្ទន់សាច់ដុំ ស៊ូហ្សេមេថូនៀម ដែលត្រូវបានគេប្រើដើម្បីបំពុល និងចាប់សត្វឆ្កែ។

តាមការចងក្រងជាឯកសាររបស់អ្នកស៊ើបអង្កេតអង្គការ FOUR PAWS, សត្វឆ្កែ និងឆ្មារ ទទួលរងនូវការឈឺចុកចាប់យ៉ាងខ្លាំង នៅគ្រប់ដំណាក់កាលនៃការជួញដូរនេះ ចាប់ផ្តើមពីការចាប់យកទៅរហូតដល់ការសម្លាប់។ ដើម្បីចាប់យកសត្វឆ្កែ គេប្រើអន្ទាក់ខ្សែលួសទៅពាក់នឹងក របស់ឆ្កែ និងវាយនឹងដំបងដែលជាវិធីចាប់ឆ្កែ ដែលពេញ និយមបំផុត។ នៅពេលដែលសត្វឆ្កែត្រូវបានចាប់ ពួកគេត្រូវបានគេដាក់នៅក្នុងទ្រុងតូចមួយហើយដឹកជញ្ជូនរាប់រយ ឬរាប់ពាន់គីឡូម៉ែត្រ។ ក្នុងអំឡុងពេលនៃការដឹកជញ្ជូន សត្វឆ្កែទាំងនោះមិនត្រូវបានឱ្យចំណី ឬឱ្យផឹកទឹកឡើយ ហើយខ្លះទៀតស្លាប់ដោយសារការខ្វះជាតិទឹក ការឡើងកម្តៅ និងការរងរបួស។

តម្រូវការសាច់ឆ្កែមានការឡើងចុះទៅតាមតំបន់ ដូច្នេះមានពេលខ្លះសត្វឆ្កែទាំងនោះត្រូវបានបង្ខាំងទុកដោយចងរឹតជើងចូលគ្នាជាច្រើនថ្ងៃ ឬសប្ដាហ៍ដោយទទួល បានអាហារ ឬទឹកតិចតួចបំផុតមុន ពេលបញ្ចូនទៅទីសត្តឃាត ហើយអំពើឃោរឃៅផ្សេងទៀតត្រូវបានអនុវត្តនៅពេលពួកវាត្រូវបានបញ្ជូនដល់ទីសត្តឃាត ដូចជាចាប់ច្រកបាវបោះចូលក្នុងទឹក ព្យួរក វាយសំពង រោលភ្លើង និងចាប់ស្រោចទឹកក្ដៅទាំងរស់ជាដើម។

ក្នុងឆ្នាំ២០១៩ អង្គការ FOUR PAWS បានធ្វើការសិក្សាស្រាវជ្រាវលើការជួញដូរសាច់ឆ្កែនៅកម្ពុជា ហើយបានបង្ហាញឱ្យឃើញថា សម្រាប់អ្នកត្រូវបានគេសម្ភាសចំនួន ៥៣,៦% បានឆ្លើយថា ពួកគេធ្លាប់បានបរិភោគសាច់ឆ្កែម្ដងកាលក្នុងជីវិតរបស់ពួកគេ (ក្នុងនោះមានបុរស ៧២,៤% និងស្ត្រី ៣៤,៨%) ហើយ ១២,២% ទៀតទទួលទាន សាច់ឆ្កែជាប្រចាំ។

ហេតុផលជាច្រើននៅពីក្រោយការបរិភោគសាច់ឆ្កែនេះ ក្នុងចំណោមអ្នកបរិភោគមានដូចជា៖ សាច់ឆ្កែជាម្ហូបក្លែមពិសេសសម្រាប់ពេលផឹកស្រា។ គេជឿថា វាជួយបង្កើនលំហូរឈាម ជាពិសេសស្ត្រីក្នុងពេលមានរដូវ និងក្រោយពេលសម្រាលកូនរួច។ ហេតុផលចុងក្រោយសម្រាប់មនុស្សមួយភាគតូច សាច់សត្វឆ្កែខ្មៅ ត្រូវបានគេជឿថា មានលក្ខណៈសម្បត្តិពិសេសខាងវេជ្ជសាស្ត្រ។ ឈ្មួញបានលួចសត្វចិញ្ចឹម ឬសត្វអនាថា ហើយដឹកជញ្ជូនពួកគេទៅពាសពេញប្រទេស សូម្បីតែនៅតាមបណ្ដាព្រំដែន។ គ្មាននរណាម្នាក់ដឹងទេថា តើសត្វទាំងនោះមានឆ្លងជំងឺឆ្កែឆ្កួត ឬជំងឺផ្សេងៗទៀតដែរឬអត់។ នេះបើតាមការអះអាងរបស់ FOUR PAWS។

អង្គការនេះបន្តថា ចំពោះការចាប់ឃុំទុក និងការសម្លាប់សត្វឆ្កែ និងឆ្មាវិញ ភាគច្រើននៅតាមទីផ្សារលក់សត្វរស់ផ្ទាល់ ទីធ្លាក្រោយផ្ទះ មិនត្រឹមតែប្រើវិធីឃោរឃៅ ថែមទាំងមិនបានបំពេញ តាមបទដ្ឋានអនាម័យត្រឹមត្រូវឡើយ ហេតុដូច្នេះហើយវានឹងក្លាយជាកន្លែងបង្កាត់វីរុសរាតត្បាតផ្សេងៗ។ នេះបើយោងតាមការឱ្យដឹងរបស់វេជ្ជបណ្ឌិត ខេតធឺរីន ភូលាក់ ដែលជាពេទ្យសត្វ និងជាប្រធានទទួលបន្ទុកសុខមាលសត្វអនាថា ប្រចាំតំបន់អាស៊ីអាគ្នេយ៍របស់អង្គការ FOUR PAWS៕