(ភ្នំពេញ)៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ទើបតែអនុម័តគម្រោងវិនិយោគថ្មីៗចំនួន៤ទៀត សរុបទុនវិនិយោគជាង១៤លានដុល្លារ ឲ្យដំណើរការអាជីវកម្មនៅកម្ពុជា ដែលអាចបង្កើតការងារជាច្រើនពាន់កន្លែង។

តាម Facebook ផ្លូវការរបស់ CDC បានចុះផ្សាយថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណ:កម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញ «វិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ» ជូនដល់ក្រុមហ៊ុនចំនួន៣ដូចខាងក្រោម៖

* ទី១៖ ក្រុមហ៊ុន Y S (Cambodia) Packing Products Co., Ltd.: គម្រោងបង្កើតរោងចក្រ ផលិតសម្ភារវេចខ្ចប់គ្រប់ប្រភេទ, មានទីតាំងស្ថិតនៅក្នុងតំបន់ សេដ្ឋកិច្ចពិសេស ស្វាយរៀង ហ្គីហ្គា រីស៍ស, មានទុនវិនិយោគចំនួន៨៨ម៉ឺនដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៩០កន្លែង។

* ទី២៖ ក្រុមហ៊ុន AIDC Trading Co., Ltd.: គម្រោងបង្កើតរោងចក្រកែច្នៃគ្រាប់ធញ្ញជាតិ និងដំណាប់ផ្លែឈើ, មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ, មានទុនវិនិយោគចំនួន៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន១១០កន្លែង។

* ទី៣៖ ក្រុមហ៊ុន KNPG Investment Co., Ltd.: គម្រោងបង្កើតរោងចក្របន្សុទ្ធ និងកែច្នៃខ្សាច់ស, មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស គីរីសាគរ កោះកុង (ឃុំព្រែកខ្សាច់ ស្រុកគីរីសាគរ ខេត្តកោះកុង), មានទុនវិនិយោគចំនួន៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន១៧០កន្លែង។

ដោយឡែកតបតាមសំណើសុំវិនិយោគលើគម្រោង បង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់របស់ក្រុមហ៊ុន JOYANCE INTERNATIONAL (CAMBODIA) APPAREL CO., LTD. គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុននេះ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃពង្រ ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ២.៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១០៤៨កន្លែង៕