(ភ្នំពេញ)៖ លោក យស មុនីរ៉ាត់ អគ្គនាយកនៃអគ្គនាយកដ្ឋានរ៉ែ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០នេះ បានបញ្ជាក់ឲ្យដឹងថា បច្ចុប្បន្ននេះនៅកម្ពុជា ក្រុមហ៊ុនមានអាជ្ញាប័ណ្ណចំនួន៤០ កំពុងតែធ្វើអាជីវកម្មរុករករ៉ែមាសដោយស្របច្បាប់ ដែលចេញដោយក្រសួងរ៉ែ និងថាមពល។
ការបញ្ជាក់យ៉ាងដូច្នេះ បានធ្វើឡើងក្នុងឱកាសដែល លោក យស មុនីរ៉ាត់ ចូលរួមក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់ក្រសួងរ៉ែ និងថាមពល» ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០នេះ។
លោក យស មុនីរ៉ាត់ បានបញ្ជាក់យ៉ាងដូច្នេះថា «បច្ចុប្បន្ននេះ ក្រុមហ៊ុនដែលទទួលអាជ្ញាប័ណ្ណស្វែងរុករកមាស ដែលផ្ដល់ជូនដោយក្រសួងនៅសល់ប្រមាណ៤០ក្រុមហ៊ុន ក្នុងនោះមានក្រុមហ៊ុនខ្លះទទួល១អាជ្ញាប័ណ្ណ ក្រុមហ៊ុនខ្លះ២ ឬ៣អាជ្ញាប័ណ្ណ»។
អគ្គនាយកនៃអគ្គនាយកដ្ឋានរ៉ែបានបន្ថែមទៀតថា «ក្រុមហ៊ុនដែលអាចឈាន ធ្វើអាជីវកម្មរ៉ែមាសបាន មានមិនច្រើនក្រុមហ៊ុនទេ»។
បើតាមលោក យស មុនីរ៉ាត់ បានឲ្យដឹងថា ការរុករករ៉ែមាសមិនមែនរកបាន១០០ភាគរយទេ ទាញដែលបានខ្ពស់បំផុតនោះ៨៥ភាគរយ និងក្រុមហ៊ុនខ្លះ ទាញបានតែ៦០ ទៅ៦៥ភាគរយប៉ុណ្ណោះ។
លោក យស មុនីរ៉ាត់ បានគូសបញ្ជាក់ទៀតថា បើសិនជាក្នុងគម្រោងទាញ បានតែ៦០ ទៅ៦៥ភាគរយ ក៏ក្រសួងរ៉ែ មិនទាន់អនុញ្ញាតឲ្យធ្វើការរុករកដែល ព្រោះវាបាត់រ៉ែ ប៉ុន្ដែធ្វើខ្លះ ក្រសួងក៏អនុញ្ញាត ដោយសារមើលសភាពការណ៍ជាក់ស្ដែង បើសិនជារ៉ែនោះធំ។
ទន្ទឹមគ្នានោះ លោក យស មុនីរ៉ាត់ ក៏បានឲ្យដឹងផងដែរថា ជាមធ្យមរ៉ែមាសនៅកម្ពុជា ដែលអាចទាញយកបាន នៅក្នុង១តោនរ៉ែ អាចយកមាស បានប្រមាណជា២ក្រាមទៅ៣ក្រាមតែប៉ុណ្ណោះ។
ជាមួយគ្នានោះ អគ្គនាយកនៃអគ្គនាយកដ្ឋានរ៉ែ បានបញ្ជាក់ថា ចំពោះការលើកឡើងថា ក្រសួងរ៉ែ និងថាមពល បានឃុបឃិនជាក្រុមហ៊ុនរុករករ៉ែមាស ដែលអនុញ្ញាត ឲ្យនាំចេញមាសដោយសេរីនោះ គឺជាការលើកឡើង ដោយមូលដ្ឋានច្បាស់លាស់។
សូមជម្រាបថា សម្រាប់ទុនវិនិយោគសរុបក្នុងវិស័យរ៉ែ ដែលបានចុះបញ្ជីទាំងអ្នកវិនិយោគក្នុងស្រុក និងបរទេស គិតមកត្រឹមឆ្នាំ២០១៩ មានចំនួន១,១៥៧.៧៣លានដុល្លារ ដោយក្នុងនោះ៖ ទុនវិនិយោគផ្នែកស្វែងរុករក មានចំនួន១០៧.១៦លានដុល្លារ, ទុនវិនិយោគផ្នែករ៉ែសំណង់ មានចំនួន៧៥.២៨លានដុល្លារ, ទុនវិនិយោគផ្នែករ៉ែលោហៈមានចំនួន១៥៨.៣៦លានដុល្លារ, ទុនវិនិយោគផ្នែករ៉ែអលោហៈ មានចំនួន៨១៦.៩៣លានដុល្លារ។
នៅឆ្នាំ២០១៩ ចំណូលមិនមែនសារពើពន្ធពីវិស័យរ៉ែ ដែលក្រសួងរ៉ែ និងថាមពល ប្រមូលបានប្រចាំឆ្នាំ២០១៩ មានចំនួន៨៥,៩៨៣លានរៀល៕