(កណ្ដាល)៖ កម្លាំងនគរបាលស្រុកស្អាង បានឃាត់ខ្លួនមនុស្ស ២នាក់ ករណីរកឃើញថា បុរស២នាក់នេះ បានលួចដាំដំណាំប្រភេទកញ្ឆា កញ្ឆុងខុសច្បាប់។ ករណីឃាត់ខ្លួននេះធ្វើឡើងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០នេះ នៅចំនុចចុងព្រែកយូហ៊ឹង ស្ថិតនៅភូមិពោធិ៍ក្រោម ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល។

ដោយមានប្រជាពលរដ្ឋបានរាយការណ៍ថា មានករណីដាំដុះកញ្ឆាកញ្ឆុង នៅចំណុចខាងលើភ្លាមនោះកំលាំងនគរបាលប៉ុស្ដិ៍ត្រើយស្លា បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកស្អាង ចុះដល់កន្លែងកើតហេតុឃើញឈ្មោះ ឌឿឡេង និងឈ្មោះ ហេង ហុកសេង នៅក្នុងចំការត្រាវ ដែលមានដាំដុះកញ្ឆា កញ្ឆុងនៅក្នុងចំការត្រាវ របស់ខ្លួនបន្ទាប់ មកបានធ្វើការនាំខ្លួនជនសង្ស័យខាងលើមកប៉ុស្តិ៍ដើម្បីសាកសួរ។

នគរបាលបន្តថា នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំងពីរនាក់ខាងលើដែលមានឈ្មោះ ហេង ហុកសេង ភេទប្រុស អាយុ៦០ឆ្នាំ នៅភូមិពោធិក្រោម ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល មុខរបរ កសិករ និងឈ្មោះ ឌឿ ឡេង ភេទប្រុស អាយុ៥៤ឆ្នាំ នៅភូមិពោធិក្រោម ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល មុខរបរ កសិករ បានសារភាពថា ខ្លួនបានដាំដុះកញ្ឆា កញ្ឆុងនៅក្នុងចំការត្រាវពិតប្រាដកមែន។

ប្រភពដដែលបានឱ្យដឹងទៀតថា ករណីឃាត់នេះរកឃើញវត្ថុតាងរួមមាន៖ កញ្ឆាកញ្ឆុងចំនួន ១៧ដើមជារបស់ឈ្មោះ ហេង ហុកសេង និងកញ្ឆា កញ្ឆុងចំនួន៩៨ដើម ជារបស់ឈ្មោះឌឿ ឡេង។ បច្ចុប្បន្នជនសង្ស័យខាងលើបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីបន្ដអនុវត្តនីតិវិធី៕