(ស្វាយរៀង)៖ កម្មការិនីរោងចក្រម្នាក់ រត់ឆ្លងថ្នល់មិនប្រយត្ន័ត្រូវរថយន្តដឹកកម្មករ កម្មការិនីរោងចក្រ បុកស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ ករណីនេះកើតឡើងនៅ វេលាម៉ោង៥៖៤៥នាទីព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០នេះ នៅលើផ្លូវជាតិលេខ ៣១៤.D. ស្ថិតនៅចំណុចភូមិស្វាយអាណាត ឃុំញរ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។

យោងតាមសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុមានរថយន្តមួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ សៀមរាម 3A 0439 ធ្វើដំណើរ ពីត្បូងទៅជើងបើកបរដោយបុរសម្នាក់មានឈ្មោះ ឆូយ ភីរុន អាយុ៤២ឆ្នាំ រស់នៅភូមិជុបព្រីង ឃុំថ្មី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង មុខរបរបើករថយន្តដឹកកម្មករ កម្មការិនីរោងចក្រ។

ប្រភពបានបន្តទៀតថា លុះមកដល់ចំណុចកើតហេតុខាងលើមានស្ត្រីម្នាក់ឈ្មោះ ស្ងួន ស្រី អាយុ៣៧ឆ្នាំ រស់នៅភូមិភ្នុំស្រូវ ឃុំរាជមន្ទី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង មុខរបរកម្មកររោងចក្រ (ធ្វើការវេនយប់) បានចុះពីរថយន្ដដែលខ្លួនជិះដើរចូលក្នុងផ្សារកំពង់រោទិ៍ ដើម្បីទិញអីវ៉ាន់ លុះត្រឡប់ចេញមកវិញបាំងរថយន្តមួយគ្រឿងផ្សេងទៀត ក៏រត់ឆ្លងថ្នល់ ពីទិសខាងកើតទៅលិច នៅខាងផ្សារកំពង់រោទិ៍សំដៅទៅរថយន្តរបស់ខ្លួនជិះ ក៏ត្រូវរថយន្តខាងលើបុកបណ្តាលឲ្យស្លាប់ភ្លាមៗ នៅហ្នឹងកន្លែងកើត ហេតុតែម្តង។

ក្រោយបង្កឲ្យមានគ្រោះថ្នាក់រួចមកអ្នកបើកបររថយន្ត បានចុះពីរថយន្តរត់គេចខ្លួនបាត់ស្រមោលតែម្តង។ ចំណែកសាកសពត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ចំពោះរថយន្តបង្កត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលឃុំញរ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕