(ពោធិ៍សាត់)៖ ដើមត្នោតគឺជារុក្ខជាតិ ដែលផ្តល់នូវគុណសម្បត្តិច្រើនយ៉ាង ដល់ប្រជាជនខ្មែរ តាំងពីសម័យបុរាណកាលមក និងជាតំណាងឱ្យអត្តសញ្ញាណជាតិខ្មែរ ជាដួងព្រលឹងជាតិ ដែលប្រជាជនខ្មែរ បានសម្គាល់នូវទឹកដីរបស់ខ្លួន តាំងពីបុរាណកាលរហូតមកដល់បច្ចុប្បន្ននេះ។ ដើមត្នោតមានសារៈប្រយោជន៍ដូចជា៖ ផ្លែត្នោតខ្ចីគេអាចបរិភោគសាច់របស់វា ដែលមានរសជាតិផ្អែមពិសា ថែមទាំងអាចយកទៅធ្វើជាបង្អែម និងធ្វើជាមុខម្ហូបបានជាច្រើនមុខទៀត។ ចំណែកឯផ្លែទុំវិញគេអាចយកវា ទៅធ្វើជានំយ៉ាងឈ្ងុយឆ្ងាញ់។ ចំពោះស្លឹកត្នោត គេអាចយកទៅប្រក់ដំបូលផ្ទះ ត្បាញធ្វើជាសម្ភារប្រើប្រាស់មួយចំនួន រួមមានមួក កន្ដ្រក កន្ទេល និងថែមទាំងអាចយកទៅធ្វើជាវត្ថុអនុស្សាវរីយ៍ស្រស់ស្អាតជាច្រើនផងដែរ។ រីឯផ្ការបស់វាវិញ យើងអាចគាបយកទឹក ធ្វើជាទឹកត្នោតផ្អែម រហូតកែច្នៃធ្វើជាទឹកត្នោតជូរ និងក្លាយជាទឹកខ្មេះអញ្ជឹងដែរ។

លោក សាន ពៅ ម្ចាស់សិប្បកម្មដើមត្នោត ដែលមានទីតាំងស្ថិតក្នុងភូមិបឹងឈូក ឃុំបឹងបត់កណ្តោល ស្រុកបាកាន ខេត្តពោធិ៍សាត់ បានឱ្យដឹងថា សិប្បកម្មរបស់លោក បានចាប់ផ្តើមបើកនៅឆ្នាំ២០០៤ តាំងពីនៅក្រោមផ្ទះ រហូតមកដល់ពេលនេះ បានពង្រីករោងសិប្បកម្មយ៉ាងធំ និងមានកម្មករជិត១០០នាក់ឯណោះ។ លោក សាន ពៅ បានអះអាងថា សិប្បកម្មរបស់លោកអាចដំណើរការបាន គឺដោយសារបញ្ជាទិញដើមត្នោតចាស់ៗ ដែលគេកាប់ចោល ដើម្បីសង់ផ្ទះ ធ្វើផ្លូវ ប៉ះពាល់បង្គោលភ្លើង ដើមត្នោតកំបុតចុង ដើមត្នោតដួលរលំ និងដើមត្នោតលែងផ្លែផ្កាជាដើម។ លោកបានបន្ថែមថា ដើមត្នោតយើងអាចកែច្នៃបានច្រើនយ៉ាងដូចជា តុ ទូ កៅអី សាឡុង ទូកត្នោត ពិដានផ្ទះ វត្ថុអនុស្សាវរីយ៍ សម្ភារផ្ទះបាយ វត្ថុតាំងលំអរជាច្រើនមុខ និងមានតម្លៃរហូតរាប់ពាន់ម៉ឺនដុល្លារ។

បើទោះបីជារុក្ខជាតិដើមត្នោត បានផ្តល់នូវគុណសម្បត្តិយ៉ាងច្រើនដល់ប្រជាជនខ្មែរក៏ពិតមែន តែបច្ចុប្បន្ននេះពុំទាន់មានការបំផុសនូវផ្នត់គំនិតឱ្យក្មេងៗជំនាន់ក្រោយ បន្តដាំដើមត្នោត ឱ្យបានច្រើននៅឡើយទេ។ ក្រឡេកមកខេត្តពោធិ៍សាត់ឯណោះវិញ សិប្បកម្មកែច្នៃសម្ភារៈប្រើប្រាស់ធ្វើអំពីដើមត្នោត ដែលមានឈ្មោះល្បីល្បាញគឺ «សិប្បកម្ម សាន ពៅ» បានបញ្ជាទិញដើមត្នោតមួយដើម ចន្លោះពី១ម៉ឺនរៀល ដល់២ម៉ឺនរៀល ខណៈដែរសិប្បកម្មមួយនេះ រកចំណូលបានចន្លោះពី៥ ទៅ៦ម៉ឺនដុល្លារអាមេរិក ក្នុងមួយឆ្នាំ។ បើប្រៀបធៀបតម្លៃដើមត្នោតមួយដើម ២ម៉ឺនរៀល ហើយមានអាយុកាល៣៥ឆ្នាំវិញនោះ គឺដើមត្នោតដែលមានអាយុកាលមួយឆ្នាំ មានតម្លៃត្រឹមតែជិត៦០០រៀលតែប៉ុណ្ណោះ, ចុះបើយើងទុកដើមត្នោត ដើម្បីប្រើប្រាស់ជាគុណប្រយោជន៍ឱ្យអស់លទ្ធភាព តើយើងអាចរកប្រាក់ចំណូលបានច្រើន ជាងការបញ្ជាទិញក្នុងតម្លៃនេះកម្រិតណា?

ប្រជាពលរដ្ឋដែលស្រលាញ់ និងការពារអត្តសញ្ញាណជាតិខ្មែរ «ដើមត្នោត» សូមមិនបញ្ចេញឈ្មោះ បានបង្ហើបឱ្យដឹងថា ការបង្កើតសិប្បកម្មកែច្នៃដើមត្នោតនេះ ទោះបីជាអាចបង្ហាត់បង្រៀន និងជួយរកកាងារ ឱ្យកូនចៅប្រជាពលរដ្ឋ គេចផុតពីការចំណាកស្រុកក៏ពិតមែន តែទំហំសិប្បកម្មមួយនេះ វាហាក់បីដូចជាកំពុងបំផ្លាញអត្តសញ្ញាណខ្មែរខ្ទេចគ្មានសល់។ ប្រជាពលរដ្ឋរូបនោះ សូមធ្វើការអំពាវនាវដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ សូមមេត្តាចុះពិនិត្យ និងបញ្ឈប់ទីតាំងសិប្បកម្មនេះ ដោយលើកហេតុផលថា «បើកែច្នៃប្រើប្រាស់លក្ខណៈគ្រួសារដូចជាមិនខ្វល់ខ្វាយទេ តែនេះរហូតដល់សិប្បកម្មទ្រង់ទ្រាយធំ»៕