(ភ្នំពេញ)៖ ជំងឺកូវីដ១៩ បានធ្វើឲ្យមនុស្សទូទាំងសកល ជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ក្នុងនោះរួមបញ្ចូលទាំងកម្ពុជាផងដែរ។ វិបត្តិដ៏ធ្ងន់ធ្ងរនេះ វាមិនត្រឹមតែប៉ះពាល់ ដល់សុខភាព មនុស្សតែប៉ុណ្ណោះទេ តែវាក៏បានធ្វើឲ្យសេដ្ឋកិច្ចទូទាំងសកល បានដើរថយក្រោយដោយសារការនៅគម្លាតឆ្ងាយពីគ្នា ដើម្បីបញ្ឈប់ការរីករាតត្បាតនៃជំងឺកូវីដ១៩នេះ។

នៅពេលដែលប្រជាជន មិនអាចចេញទៅខាងក្រៅ ដើម្បីរកប្រាក់កម្រៃចញ្ចឹមជីវិតប្រចាំថ្ងៃ ទាំងនេះបានធ្វើឲ្យគ្រួសារជាច្រើនជួបទុក្ខលំបាក ជាពិសេសការរកប្រាក់កម្រៃ ប្រចាំថ្ងៃ ដែលពួកគេមិនអាចធ្វើការពីផ្ទះបាន។ នៅក្នុងប្រទេសកម្ពុជាវិញ អ្នក រត់រម៉កកង់បី (តុកតុក) និង អ្នកមគ្គុទេសក៍ទេសចរ កំពុងជួបវិបត្តិខ្វះខាតជាច្រើន។

លោក គួយ ដារ៉ាវុធ អ្នករត់រម៉កកង់បី នៅខេត្តសៀមរាប បានឲ្យដឹងថា មុនពេលមានជំងឺកូវីដ-១៩កើតឡើង រូបលោកអាចរកប្រាក់កម្រៃ បានជាមធ្យមជាង២០ ដុល្លារជាប្រចាំថ្ងៃ។ តែក្នុងរយៈពេលនេះ រូបលោកអាចរកបានត្រឹមតែ២ដុល្លារតែប៉ុណ្ណោះ ពេលខ្លះសូម្បីតែមួយកាក់មួយសេនក៏គ្មានដែរ។

‍លោក ដា រ៉ាវុធ បានថ្លែងថា៖« ពីមុនយើងអាចទិញសាច់មាន់ ឬក៏សាច់គោ ដើម្បីបរិភោគក្នុងក្រុមគ្រួសាររបស់យើង តែដោយសារតែជំងឺរាតត្បាតឥឡូវនេះ យើងអាចទិញបានតែ មី ឬក៏ត្រីខកំប៉ុង សម្រាប់បរិភោគក្នុងក្រុមគ្រួសារតែប៉ុណ្ណោះ»

នៅក្នុងប្រទេសកម្ពុជា មានប្រជាជនជាង ៥០,០០០ នាក់ដែលអាស្រ័យប្រកបរបរ រត់រម៉កកង់បីដើម្បីរកប្រាក់ចំណូលចិញ្ចឹមជីវិត។ យោងតាមសមាគមកងបីកម្ពុជា បានឲ្យដឹងថា ជាទូទៅអ្នករត់រម៉កកង់បី អាចរកប្រាក់ចំណូលបាន១៥ដុល្លារក្នុងមួយថ្ងៃ។

តែដោយសារមានជំងឺរាតត្បាត និងខ្វះតម្រូវការពីអ្នកធ្វើដំណើរ វាបានធ្វើឲ្យអ្នករត់រម៉កកង់បី អាចរកប្រាក់ចំណូលបានត្រឹមតែ២ដុល្លារប៉ុណ្ណោះ ដូចលោក ដា រ៉ាវុធ យ៉ាងដូចច្នេះដែរ។

វិបត្តិទាំងនេះ វាមិនត្រឹមតែកំពុងបង្កផលវិបាក ដល់អ្នករត់រម៉កកងបីតែប៉ុណ្ណោះទេ តែសូម្បីតែអ្នកមគ្គុទេសក៍ទេសចរជាង៣,០០០នាក់ ក៏កំពុងជួបវាសនា ដូចអ្នករត់រម៉កកង់បីផងដែរ។

អ្នកស្រី រ៉ា សាវ៉ែន អាយុ ៣៧ឆ្នាំ បានប្រកបរបរជាអ្នកមគ្គុទេសក៍ទេសចរ ក្នុងខេត្តសៀមរាប ចាប់តាំងពីឆ្នាំ២០១៦ ហើយអ្នកស្រី បានធ្វើការផ្សព្វផ្សាយ និងបង្ហាញពីបេតិកភណ្ឌវប្បធម៌ របស់ប្រទេសកម្ពុជា ទៅភ្ញៀវជនជាតិជប៉ុនជាពិសេស។

តែដោយសារវិបត្តិជំងឺកូវីដ-១៩នេះ វាបានបង្ខំឲ្យអ្នកស្រី ស្នាក់នៅតែក្នុងផ្ទះ ដោយមិនអាចរកប្រាក់ចំណូល ដើម្បីជួយទប់ទល់ទ្រទ្រង់ជីវភាពគ្រួសារបាន។
លោកស្រីបាននិយាយថា «ខ្ញុំមានអារម្មណ៍ពិបាកចិត្តណាស់ នៅពេលដែលខ្ញុំបាត់បង់ប្រាក់ចំណូល»

អ្នកស្រីបានបន្តថា៖ «ឥឡូវនេះ ខ្ញុំមានតែពឹងលើប្រាក់ខែប្តីដ៏ស្ទួចស្តើង ដើម្បីបង់ថ្លៃបំណុលធនាគារ និងចិញ្ចឹមកូនស្រីដែលទើបតែមានអាយុ១១ខែ»

ក្នុងកិច្ចគាំទ្រដល់សហគមន៍ ដែលរងផលប៉ះពាល់ដោយកូវីដ-១៩នោះ បុគ្គលិក និងភ្នាក់ងាររបស់ធនាគារឯកទេសវីង ព្រមទាំងបុគ្គលិករបស់រ៉ូយ៉ាល់គ្រុប បានចូលរួមចំណែកផ្តួចផ្តើម នូវមូលនិធិដើម្បីជួយដល់ក្រុមគ្រួសារ ដែលងាយរងគ្រោះ និងជួបការលំបាកពីការផ្ទុះឡើងនៃជំងឺកូវីដ-១៩។
តាមរយៈមូលនិធិសប្បុរសធម៌នេះ ពួកគេបានរៀបចំ ជាការរៃអង្គាស ប្រមូលមូលនិធិសម្រាប់ផ្តល់ជូន ដល់ក្រុមគ្រួសារដែលងាយរងគ្រោះ ដោយផ្តល់ជូននូវតម្រូវការចាំបាច់មួយចំនួន សម្រាប់ទ្រទ្រង់ជីវភាពរបស់ពួកគេ។

លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេសវីង បានថ្លែងថា «ក្នុងនាមជាស្ថាប័នមួយ ដែលមានទំនួលខុសត្រូវចំពោះសង្គម យើងមិនត្រឹមតែគិតគូពីសុខភាព និងសុវត្ថិភាពផ្ទាល់ខ្លួនរបស់យើងនោះឡើយ ប៉ុន្តែយើង ក៏បានយកចិត្តទុកដាក់ចំពោះអ្នកនៅជុំវិញខ្លួនយើង ដែលពួកគេកំពុងទទួលរងផលប៉ះពាល់ នៃវិបត្តិនេះផងដែរ»

លោកបន្ដទៀតថា «វាជារឿងដ៏សំខាន់សម្រាប់វីង ក្នុងការចូលរួមចំណែក ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតមួយនេះ ក៏ដូចជាជួយគាំទ្រសហគមន៍យើង ឲ្យឆ្លងផុតពេលវេលាដ៏លំបាកនេះ ជាមួយគ្នា»

លោក ម៉ានូ បានបន្ថែមថា «ការចូលរួមគាំទ្រដ៏សប្បុរសរបស់អស់លោក លោកស្រី វាមិនត្រឹមតែមានសារៈសំខាន់ចំពោះសហគមន៍របស់យើងប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយជំរុញឲ្យអ្នកដ៏ទៃ ចូលរួមជួយការពារសហគមន៍របស់យើង ទាំងអស់គ្នាផងដែរ»

សប្បុរសជនទាងឡាយ ក៏អាចចូលរួមជួយដល់ប្រជាជន ដែលខ្វះខាតដោយការបរិច្ចាគថវិការតាមរយៈ គណនីមូលនិធិរបស់វីងផងដែរ។ សម្រាប់គណនីប្រាក់រៀល សូមផ្ញើទៅកាន់ ០៣២១០០០០ និង ០៣៣១០០០០ សម្រាប់គណនីប្រាក់ដុល្លារ។ សប្បុរសជន ក៏អាចបរិច្ចាគថវិការ តាមរយៈភ្នាក់ងារវីងណាមួយ ក្នុងចំណោមភ្នាក់ងារវីងជាង ៧៥០០កន្លែង នៅទូទាំងប្រទេសកម្ពុជា៕