(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញសេចក្តីសម្រេចផ្អាក ការងារបណ្តោះអាសន្នលោកឧត្តមសេនីយ៍ត្រី ស្រេង សុខា ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល។ នេះបើតាមសេចក្តីសម្រេចដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០នេះ។

សេចក្តីសម្រេចរបស់ក្រសួងមហាផ្ទៃបានបង្គាប់ឲ្យឧត្តមសេនីយ៍ត្រី ស្រេង សុខា ត្រូវមកបង្ហាញមុខនៅនាយកដ្ឋានបុគ្គលិក រៀលរាល់ម៉ោងធ្វើការ ដើម្បីរង់ចាំការសម្រេចជាថ្មី។

ការផ្អាកការងាររបស់ស្នងការរងរូបនេះ ត្រូវបានគេសង្ស័យថាអាចជាប់ពាក់ព័ន្ធនឹងរឿង ដែលឧត្តមសេនីយ៍ត្រី ស្រេង សុខា យកឈ្មោះលោក ម៉ៅ ភិរុណ អតីតអភិបាលខេត្តកណ្តាល និងជាប្រធានក្រុមប្រឹក្សាភិបាលខេត្ត ទៅបញ្ជាឲ្យចៅសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ឲ្យកាត់ដីរបស់រដ្ឋ៕