(ស្វាយរៀង)៖ រដូវផ្សិតផ្ចាក់បានមកដល់ហើយ ពលរដ្ឋនៅភូមិព្រៃផ្ដៅសង្កាត់បាទី ក្រុងបាវិត នាំគ្នាសម្រុកទៅដកផ្សិតយកមកលក់ដោយបានតម្លៃសមរម្យបន្ថែម ចំណូលក្នុងការផ្គត់ផ្គង់ជីវភាពបានមួយកម្រិត។

បើតាមស្ត្រីម្នាក់កំពុងលក់ផ្សិតផ្ចាក់បានឲ្យដឹងថា សម្រាប់ក្រុមគ្រួសារគាត់ពេលទំនេរ បាននាំគ្នាទៅដកផ្សិតនៅតាមព្រៃផ្ចាក់ និងប្រេងខ្យល់នៅតាមសហគមន៍ព្រៃកូនគរគី នៅក្រុងបាវិត ដើម្បីយកមកលក់។

ក្រុមគ្រួសាររបស់គាត់មានគ្នា ៥នាក់ ដកផ្សិតចាប់តាំងពីម៉ោង ២យប់រហូតដល់ម៉ោង ៥ទៀបភ្លឺ អ្នកខ្លះបាន ១គីឡូ និងអ្នកខ្លះទៀត ដកបានដល់ទៅ ៥គីឡូក្រាម ទៅតាមសហគមន៍ផ្សេងគ្នាដែលមានផ្សិតដុះតិច ច្រើន ហើយយកមកលក់នៅតាមចញ្ចើមផ្លូវជាតិលេខ១ ដោយមានអ្នកធ្វើដំណើរឆ្លងកាត់ឈប់ទិញដោយឃើញផ្សិតផ្ចាក់ធម្មជាតិ។ ចំណែកតម្លៃផ្សិតផ្ចាក់វិញ១គីឡូក្រាម លក់ចេញបាន ២០០០០រៀល ទៅ៣០០០០រៀល គឺមានតម្លៃខ្ពស់គួរសម។

ស្ត្រីដដែលបានបន្តទៀតថា ក្រៅពីការងាររោងចក្រ និងនិងស្រែចម្ការហើយគួបផ្សំនៅរដូវនេះ មានភ្លៀងធ្លាក់មួយមេពីរមេមក មានផ្សិតដុះ អ្នកស្រុកអ្នកភូមិក៏នាំគ្នាទៅដកយកមកទុកធ្វើម្ហូបអាហារ និងយកមកលក់យកថវិការផ្គត់ផ្គង់ជីវភាពគ្រួសារ។

ការដកផ្សិតនេះមិនមែនជាអាជីពប្រចាំដូចការងាររោងចក្រ និងធ្វើស្រែចម្ការ ឬលក់ដូរនោះទេ គ្រាន់តែបានថវិការបន្តិចបន្ទួចដើម្បីផ្គត់ផ្គង់បន្ថែមប៉ុណ្ណោះព្រោះផ្សិតដុះនៅតែដើមឆ្នាំ គឺនៅពេលភ្លៀងធ្លាក់ដំបូងហើយមានរយៈពេលដុះផ្សិតវិញប្រហែលជា ៣ខែហើយក៏មិនអាចដកបានរាល់ថ្ងៃនោះទេ។

សូមបញ្ជាក់ថា ផ្សិតផ្ចាក់គឺអ្នកខេត្តស្វាយរៀង ចូលចិត្តបរិភោគខ្លាំងណាស់ គឺអាចយកទៅធ្វើមុខម្ហូបបានច្រើនមុខដូចជា ស្លរម្សៅ ឆាជាមួយសាច់គោ ជ្រូក ខសាច់ជាដើមដោយមានរស់ជាតិល្វីងតិចៗប៉ុន្តែឆ្ញាញ់៕