(ព្រះសីហនុ)៖ លោក សាយ សំអាល់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលកម្ពុជាចុះមូលដ្ឋានខេត្តព្រះសីហនុ, លោក ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត, លោក គួច ចំរើន អភិបាលខេត្ត ព្រមទាំងមន្រ្តីពាក់ព័ន្ធ នាថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ បានចុះពិនិត្យការស្ថាបនាផ្លូវទាំង ៣៤ខ្សែ នៅក្នុងខេត្តជាថ្មីទៀត ដើម្បីមើលវឌ្ឍនភាពថ្មីៗ។

គួជម្រាបថា ផ្លូវចំនួន៣៤ខ្សែ ត្រូវបានបើកការដ្ឋានក្រោមវត្តមានដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីពាក់កណ្តាល ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយប្រើកញ្ចប់ថវិកាពិសេស របស់រដ្ឋាភិបាលតាមរយៈគោលការណ៍ស្លឹកត្នោតខ្ចប់ស្ករត្នោត។ ដោយឡែក ផ្លូវជាច្រើនខ្សែទៀត ក៏បានធ្វើឡើងក្នុងពេលដំណាលគ្នានេះផងដែរ ដោយកញ្ចប់ថវិកា ក្រសួងសាធារណៈការដឹកជញ្ជូន និងថវិការបស់ខេត្តផ្ទាល់។

ទន្ទឹមនឹងការស្វះស្វែងធ្វើផ្លូវក្នុងខេត្ត ការស្តារប្រព័ន្ធប្រឡាយបង្ហូរទឹកបញ្ចៀសការជន់លិច ការគ្រប់គ្រងសំណល់រឹង រាវ ការតបណ្តាញទឹកស្អាត បណ្តាញអគ្គីសនី ការកែលម្អសោភណ្ឌភាពឆ្នេរសមុទ្រ រម្មណីយដ្ឋាន ការអភិវឌ្ឍកំពង់ផែ ព្រលានយន្តហោះអន្តរជាតិ ផ្លូវដែក និងផ្លូវល្បឿនលឿន តភ្ជាប់ក្រុងព្រះសីហនុជាដើម ក៏កំពុងដំណើរការព្រមគ្នាផងដែរដើម្បីធ្វើអោយខេត្តព្រះសីហនុ កាន់តែមានសក្តានុពល និងទាក់ទាញបន្ថែមទៀត។

គួររំលឹកថាលោក សាយ សំអាល់ និងសហការី កន្លងមកតែងបានចុះពិនិត្យដំណើរការធ្វើផ្លូវទាំង៣៤ខ្សែនេះ ជាបន្តបន្ទាប់ និងមកជួបប្រជាជន ដើម្បីឈ្វេងយល់ពីសុខទុក្ខ តម្រូវការចំពោះមុខ និងសំណូមពរ របស់ប្រជាជនផងដែរ។

លោក សាយ សំអាល់ ក៏បានបង្ហាញនូវការខិតខំយ៉ាងខ្លាំងក្លា ក្នុងការជួយដោះស្រាយក្តីកង្វល់របស់ប្រជាពលរដ្ឋ ក្នុងនាមជាអ្នកបម្រើប្រជាពលរដ្ឋ និងបានប្តេជ្ញាចិត្តរួមគ្នា ក្នុងការកសាងខេត្តព្រះសីហនុ ឱ្យទៅជាប៉ូលសេដ្ឋកិច្ចពិសេសមួយ គឺជាខេត្តឧស្សាហកម្មគំរូពហុបំណង ស្របតាមចក្ខុវិស័យ និងបំណងប្រាថ្នាដ៏មុតស្រួច នៃរាជរដ្ឋាភិបាលកម្ពុជា។

លោក សាយ សំអាល់ បានថ្លែងថា រដ្ឋាភិបាលកម្ពុជា បានផ្សារភ្ជាប់ខ្លួនជាមួយនឹងប្រជាជននៅគ្រប់កាលៈទេសៈ ស្មោះស្ម័គ្របម្រើប្រជាជនអស់ ពីកម្លាំងកាយ កម្លាំងចិត្ត និងបញ្ញាស្មារតីប្រកប ដោយឆន្ទៈមោះមុតក្នុងការអនុវត្តការកែទម្រង់ស៊ីជម្រៅលើគ្រប់ផ្នែក និងគ្រប់វិស័យទាំងអស់ ដើម្បីឆ្លើយតបបំណងដ៏ពិសិដ្ឋរបស់ប្រជាពលរដ្ឋខ្មែរ។ រដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានប្តេជ្ញាលើកកម្ពស់ភាព ជាម្ចាស់លើជោគវាសនា របស់ប្រទេសជាតិ តម្កល់ផលប្រយោជន៍ជាតិ និងប្រជាជនជាធំ ព្រមទាំងធានារក្សាឱ្យបានក្នុងគ្រប់កាលៈទេសៈ នូវសុខសន្តិភាព ការអភិវឌ្ឍ ជំនឿទុកចិត្ត និងការគាំទ្រពីសំណាក់ប្រជាជន។

បើយោងតាមលោក គួច ចំរើន បានឱ្យដឹងថាគិតត្រឹមថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០ ក្រុមហ៊ុនធ្វើបានសម្រេចលទ្ធលជារួម៖ ចំពោះកាចាក់បេតុងបាន ៥៦% អាចទាន់ពេល ចំណែកឯការដាក់លូ បានសម្រេច ៦៨%។ រាល់ថ្ងៃក្រុមហ៊ុនកំពុងតែសម្រុកយ៉ាងសកម្ម ដើម្បីសម្រេចបានតាមផែនការគ្រោងទុក៕