(ភ្នំពេញ)៖ ដើម្បីប្រយុទ្ធប្រឆាំងបង្ការការពារពីការឆ្លងរាលដាលនៃជំងឺកូវីដ១៩ (COVID-19) សហគមន៍ឥស្លាមកនអ៊ីម៉ាំសាន់ បានណែនាំដល់អ៊ីម៉ាំខេត្ត ថ្នាក់ដឹកនាំវិហារ និងសាសនិកទាំងអស់ ដែលត្រៀមខ្លួនចូលបួស (ការតមអាហារពេលថ្ងៃរយៈពេល ១ខែ) ក្នុងខែរ៉ាម៉ាឌន នៃសាសនិកឥស្លាម ដែលជាបុណ្យធំរបស់ឥស្លាម ឬហៅតាមកនអ៊ីម៉ាំសាន់ថា ចូលបួសហ្គាម៉ឺវ៉ាន ដែលគ្រោងនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ ខាងមុខនេះ។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី២២ខែមេសា ឆ្នាំ២០២០នេះ លោកឧកញ៉ា ឃ្នួរ ម៉ាត់សា មេដឹកនាំសហគមឥស្លាមកនអ៊ីម៉ាំសាន់បានណែនាំចំណុចសំខាន់ៗដូចខាងក្រោម៖

*១៖ ផ្អាកការពិសារអាហារស្រាយបួស នៅវិហារ ដោយសូមអនុវត្តនៅតាមផ្ទះរៀងៗខ្លួន
*២៖ ផ្អាកការស្រឡាតតារ៉វ៉េះ (ថ្វាយបង្គំពេលយប់ក្នុងខែ រ៉ាម៉ាឌន) នៅតាមវិហារ តែសូមធ្វើការជាលក្ខណៈគ្រួសារនៅតាមផ្ទះ រហូតដល់មានសេចក្ដីជូនដំណឹងពីរាជរដ្ឋាភិបាល
*៣៖ ថ្ងៃបុណ្យរ៉យ៉ាហ្វីត្រាស់ អនុវត្តសឡាត (ថ្វាយបង្គំ) តាមផ្ទះរៀងៗខ្លួន មិនចាច់សូត្រឃុតពះក៏បាន
*៤៖ ការដើរសួរសុខគ្នា នៅថ្ងៃរ៉យ៉ាហ្វិត្រាស់ សូមកុំប្រមូលផ្តុំ ហើយរក្សាគម្លាតពីគ្នា
*៥៖ ត្រូវអនុវត្តវិធីបង្ការតាមការណែនាំរបស់ក្រសួងសុខាភិបាល ឱ្យបានខ្ជាប់ខ្ជួនគ្រប់ពេលរួមមាន៖ ការរក្សាអនាម័យ ការលាងដៃនឹងសាប៊ូ អាល់កុល ឬជេល ការពាក់ម៉ាស់ និងចៀសវាងចាប់ដៃគ្នា។

ករណីមានការសង្ស័យ សូមប្រញាប់ទាក់ទងទៅអាជ្ញាធរពាក់ព័ន្ធ ដើម្បីធ្វើតេស្តរកមេរោគ ទាំងនេះ គឺជាក្បួននៃការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតជំងឺ COVID-19 ដ៏កាចសាហាវនេះ។

ការចេញសេចក្ដីជូនដំណឹងរបស់មេដឹកនាំឥស្លាមកនអ៊ីម៉ាំសាន់ ជូនសាសនិករបស់ខ្លួនទូទាំងប្រទេស ធ្វើឡើងក្រោយប៉ុន្មានថ្ងៃចុងក្រោយ ក្រសួងសុខាភិបាល បានរកឃើញអ្នកផ្ទុកវីរុសកូវីដ១៩ ជាបន្ដបន្ទាប់៕