(ស្ទឹងត្រែង)៖ លោក ម៉ុម សារឿន សមាជិកអចិន្ត្រៃយ៍គណៈកម្មការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានគណៈកម្មាធិការសហភាពសហព័ន្ធកម្ពុជា ខេត្តស្ទឹងត្រែងនាព្រឹកថ្ងៃ២១ ខែមេសា ឆ្នាំ២០២០ បានដឹកនាំកិច្ចប្រជុំសមាជិក ដោយមានការចូលរួមពីប្រធាន អនុប្រធាន ស.ស.យ.ក ក្រុង ស្រុក សមាជិកគណៈកម្មាធិការ ព្រមទាំងក្រុមសកម្មជនយុវជន មន្ទីរ អង្គភាពជុំវិញខេត្ត នឹងបានបានដាក់ចេញនូវវិធានការណ៍៥ចំណុច ដើម្បីរួមគ្នាចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19។

លោក ម៉ែន គង់ អនុប្រធានគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្ទឹងត្រែង បានឲ្យដឹងថា ដើម្បីបញ្ជា្របការយល់ដឹងដល់ប្រជាជនឲ្យបានយល់ច្បាស់ អំពីគ្រោះថ្នាក់នៃជំងឺកូវីឌ១៩ សហព័ន្ធយុវជនកម្ពុជានឹងយកវិធានការណ៍សំខាន់ៗចំនួន៥មកអនុវត្ត។

លោក ម៉ែន គង់ បានបញ្ជាក់ថា វិធានការណ៍ទាំង៥ រួមមាន៖ បង្កើតក្រុមការងារ ផ្សព្វផ្សាយ ដែលស្រុកនិងខេត្តរៀបចំសេចក្តីសម្រេចរួម, ធ្វើយ៉ាងណាឲ្យស.ស.យ.ក ក្រុង ស្រុក ខេត្ត មានការយល់ដឹងកាន់តែច្បាស់រួមគ្នា ពាក់ព័ន្ធនិងវិធានការការពារជំងឺកូវីដ១៩ ដើម្បីបន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ, ក្រុមការងារ ស.ស.យ.ក តាមវិស័យត្រូវត្រៀមខ្លួនចូលរួមជាមួយសុខាភិបាល ក្នុងករណីណាមានការផ្ទុះជំងឺកូវីដ១៩ក្នុងខេត្ត ឬក្នុងករណីចាំបាច់, បន្តធ្វើការផ្សព្វផ្សាយតាមឃោសនស័ព្ទចល័ត ឬតាមបណ្តាញសង្គមជាបន្តទៀត ដើម្បីកុំឲ្យប្រជាពលរដ្ឋខ្វះការប្រុងយ័ត្ន និងឲ្យពួកគាត់បន្តចូលរួមប្រយុទ្ធ និងជំងឺកូវីដ១៩, ស.ស.យ.ក ថ្នាក់ក្រុង ស្រុក ត្រូវត្រៀមសមាជិកសកម្មសំខាន់ៗ ចាប់ពី៣០ទៅ៥០នាក់ បញ្ជូនមកថ្នាក់ខេត្ត ដើម្បីបញ្ជ្រៀសការយល់ដឹងពីការទប់ស្កាត់ជំងឺ Covid-19 នេះ។

លោក ម៉ុម សារឿន បានឱ្យដឹងដែរថា ដើម្បីឲ្យមានប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ចាំបាច់ណាស់ត្រូវមានការសហការ និងការចូលរួមជាចាំបាច់ គ្រប់អ្នកពាក់ព័ន្ធ។ ដើម្បីឲ្យប្រជាពលរដ្ឋយល់ដឹងកាន់តែច្បាស់ពីវិធានការការពារខ្លួនពីជំងឺកូវី១៩ ប្រធាន ស.ស.យ.ក ថ្នាក់ ក្រុង ស្រុក ត្រូវសហការជាមួយ មន្ទីរសុភិបាល ធ្វើយុទ្ធនាការឲ្យកាន់តែសកម្ម និងផុសផុលបន្ថែមទៀត អំពីគ្រោះថ្នាក់នៃជំងឺកូវីដ១៩ ជាពិសេសត្រូវជំរុញឲ្យបានកាន់តែខ្លាំងដល់អាជីវករនិងអ្នក ទិញត្រូវប្រើម៉ាស់ ប្រើអាល់កុល ឬសាប៊ូលាងដៃឱ្យស្អាត ចំណុចសំខាន់ៗ មានភ្នែក ច្រមុះ និងមាត់។

លោក ម៉ុម សារឿន ក៏បានផ្តល់នូវថវិកា ៥០ម៉ឺនរៀល ដល់មន្ទីរសុខាភិបាលខេត្ត, មន្ទីរទេព្យបង្អែកខេត្តថវិកា ៥០ម៉ឺនរៀល, ស.ស.យ.ក ក្រុង ស្រុក ទាំង៦ ក្នុងមួយស្រុកទទួលបានម៉ាស់ ៥ដុំ ស្មើនឹង២៥០ម៉ាស់, បដា៥ផ្ទាំង Poster២០ផ្ទាំង, សៀវភៅផ្នត់ ៥០០សន្លឹក, ខិតប័ណ្ណ ១២០សន្លឹក, ថវិកា ៥០ម៉ឺនរៀល, ក្រុមចត្តាឡីស័កប្រចាំនៅគោលដៅទាំង៤ ក្នុង ១គោលដៅទទួលបានថវិកា ២០ម៉ឺនរៀល និង ស.ស.យ.ក វិស័យជំនាញក្នុង១មន្ទីរទទួលបានម៉ាស់៥០ និងPoster ២ផ្ទាំង ផងដែរ៕