(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ បានបើកកិច្ចប្រជុំគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តកំពង់ចាម ប្រចាំត្រីមាសទី១ និងលើកទិសដៅត្រីមាសទី២ សម្រាប់ឆ្នាំ២០២០ នៅស្នាក់ការ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម។

លោក ទូច ឆៃ នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម បានឲ្យដឹងថា ដោយអនុវត្តតាមសេចក្តីសម្រេចរបស់សន្និបាតគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម អាណត្តិទី៥ និងផែនការការងាររបស់គណៈកម្មាធិការសាខា ឆ្នាំ២០២០ ក្រោមការណែនាំតម្រង់ទិសពីលោក ហ៊ុន ណេង ប្រធានកិត្តិយសសាខា និងការដឹកនាំដោយផ្ទាល់ពីលោក អ៊ុន ចាន់ដា រយៈពេលត្រីមាសទី១កន្លងទៅនេះ សាខាបានខិតខំដាក់ចេញនូវផែនការសកម្មភាព ការងារជំរុញឲ្យវិស័យស្នូលទាំង៤ តាមយុទ្ធសាស្ត្រកាកបាទក្រហមកម្ពុជា សម្រេចបានលទ្ធផលគួរឲ្យកត់សម្គាល់ ។

លោកបន្តថា សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម បានយកចិត្តទុកដាក់ និងត្រៀមបង្ការ ជាយថាហេតុតាមរយៈការត្រៀមកម្លាំងគ្រោងមធ្យោបាយ ថវិកា ស្បៀង និងសម្ភារបម្រុងទុក និងកិច្ចសហការជាមួយគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត អង្គការដៃគូ និងសប្បុរសជននានា ដើម្បីឆ្លើយតបឱ្យទាន់ពេលវេលា ក្នុងករណីមានគ្រោះមហន្តរាយកើតឡើង។

លោក ទូច ឆៃ បានឲ្យដឹងទៀតថា គ្រប់កម្មវិធីនៃការជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងគ្រួសារជនរងគ្រោះ ថ្នាក់ដឹកនាំគណៈកម្មាធិការសាខាកាកបាទក្រ ហមខេត្តកំពង់ចាម តែងបានអំពាវនាវឲ្យគ្រប់ក្រុមគ្រួសារ និងបុគ្គលម្នាក់ៗ យកចិត្តទុកដាក់ថែរក្សាសុខភាពអនាម័យ និងសុវត្ថិភាពផ្ទាល់ខ្លួន ក្នុងនេះត្រូវអនុវត្ត វិធានការអនាម័យស្អាត ដើម្បីការពារ ការឆ្លងជំងឺរាតត្បាតផ្សេងៗ ពិសេសការទប់ស្កាត់ហានិភ័យ នៃការឆ្លងជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មីកូវីដ១៩ ដែលកំពុងកើត មាននៅកម្ពុជាដោយត្រូវអនុវត្តតាមសារអប់រំនានា របស់ក្រសួងសុខាភិបាលផងដែរ។

ក្នុងឱកាសនោះដែរលោក អ៊ុន ចាន់ដា បានថ្លែងដែរថា ជាទិសដៅបន្តសាខាកាកបាទក្រហមខេត្ត ត្រូវពង្រឹងក្រុមឆ្លើយតបគ្រោះមហន្តរាយនៅសាខា អនុសាខា ក្រុមកាកបាទក្រហមយុវជន និងអ្នកស្ម័គ្រចិត្តត្រៀមគ្រប់លក្ខណៈ ដើម្បីបង្ការនឹងធ្វើការឆ្លើយតបគ្រោះមហន្តរាយឱ្យទាន់ពេលវេលាតាមទិសស្លោក «កាកបាទក្រហម មានគ្រប់ទីកន្លែង មិនទាត់នរណាម្នាក់ចោល» និងធ្វើការផ្សព្វផ្សាយដល់សហគមន៍ ស្ដីពីសុវត្ថិភាពចរាចរណ៍ស្របតាមពាក្យស្លោក «ថ្ងៃនេះថ្ងៃស្អែក កុំអោយមានគ្រោះថ្នាក់ចរាចរណ៍»។

លោក អ៊ុន ចាន់ដា បានបន្ថែមថា ត្រូវបន្តយកចិត្តទុកដាក់អប់រំផ្សព្វផ្សាយពីគ្រោះថ្នាក់នៃគ្រឿងញៀន និងលើកកម្ពស់ការអប់រំថែរក្សាសុខភាពអនាម័យ និងសុវត្ថិភាព ផ្ទាល់ខ្លួន ដើម្បីបង្កា ទប់ស្កាត់ ការឆ្លងជំងឺរាតត្បាតផ្សេងៗ ពិសេសជំងឺកូវីដ១៩ ។ ត្រូវរៀបចំផែនការសកម្មភាពចុះផ្ដល់អំណោយមនុស្សធម៌ ជូនដល់ប្រជាពលរដ្ឋ ងាយរងគ្រោះរួមមាន៖ ជនចាស់ជរាគ្មានទីពឹង, ជនមានពិការភាព, ស្ត្រីមេម៉ាយកូនច្រើន, កុមារកំព្រាគ្មានសាច់ញាតិ, អ្នកជំងឺរ៉ាំរ៉ៃ, អ្នកផ្ទុកមេរោគអេដស៍ ដែលកំពុងខ្វះខាតជីវភាពឲ្យបានទាន់ពេលវេលា តាមអនុសាសន៍សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយកុំទុកឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ ដោយយើងមិនបានដឹង មិនបានដោះស្រាយ៕