(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានបញ្ចេញកញ្ចប់ថវិកាប្រមាណ៥០លានដុល្លារ តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដើម្បីផ្ដល់ឥណទានមានការប្រាក់ទាប ដល់វិស័យកសិកម្ម ដូចជាការចិញ្ចឹមសត្វ, ចិញ្ចឹមត្រី និងដាំដុះបន្លែជាដើម។

ជាក់ស្ដែង នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ និងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានរៀបចំកិច្ចប្រជុំមួយ ស្ដីពី «កម្ចីដែលមានការប្រាក់ទាប ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ក្នុងស្ថានភាពដែលរាជរដ្ឋាភិបាល កំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩»។

កិច្ចប្រជុំនេះរៀបចំឡើងក្រោមការចូលរួមពីលោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ និងលោក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម។

លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាបានឲ្យដឹងថា ចាប់តាំងពីផ្ទុះឡើងនៃជំងឺកូវីដ១៩មក វិស័យចិញ្ចឹមសត្វនៅកម្ពុជាពុំបាន ថមថយនោះឡើយ មានតែកើនឡើង ប៉ុន្ដែកើនឡើងក្នុងកម្រិតមួយទាបនៅឡើយ ប៉ុន្ដែស្របពេលនេះរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងជំរុញបន្ថែមទៀត គឺបានផ្ដល់ក្ដីសង្ឃឹមយ៉ាងធំធេងថា ថ្ងៃណាមួយនឹងទទួលបានជោគជ័យ ពីការចិញ្ចឹមសត្វនេះ។

ពាក់ព័ន្ធកញ្ចប់ហិរញ្ញប្បទាន៥០លានដុល្លារ សម្រាប់វិស័យកសិកម្មនេះ លោក ស៊្រុន ពៅ ចាត់ទុកថា ជាការគិតគូររបស់រាជរដ្ឋាភិបាល ក្នុងជួយជំរុញការចិញ្ចឹមសត្វនៅកម្ពុជា។

លោក កៅ ថាច បានឲ្យដឹងថា សម្រាប់កម្ចីនេះនឹងផ្ដល់ជូនដល់ក្រុមហ៊ុនមានទុនវិនិយោគមិនលើសពី៣០ម៉ឺនដុល្លារក្នុងមួយក្រុមហ៊ុន អត្រាការប្រាក់៦.៥ភាគរយ និងសម្រាប់ទុនបង្វិលខ្ពស់បំផុត២០ម៉ឺនដុល្លារ ដែលមានការប្រាក់៦ភាគរយក្នុងមួយឆ្នាំ។

លោកបានបន្ថែមថា ផ្ដល់កម្ចីជូនដល់រោងចក្រកែច្នៃ SME ដែលពាក់ព័ន្ធនឹងវិស័យកសិកម្ម, សហគមន៍កសិករចិញ្ចឹមសត្វ, កសិករដាំបន្លែ, កសិករចិញ្ចឹមត្រីជាដើម ហើយអាចទទួលកម្ចីបានលុះត្រារបស់ធានា៕