(កណ្ដាល)៖ ស្ថិតនៅក្នុងឱកាសប្រកាសតែងតាំងមន្ត្រីទាំង៦រូប ក្នុងរចនាសម្ព័ន្ធមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកណ្ដាល នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០នេះ អភិបាលខេត្តកណ្តាល គង់ សោភ័ណ្ឌ បានលើកទឹកចិត្តឲ្យបន្តការឧស្សាហ៍ព្យាយាម ធ្វើការផង រៀនផង បន្តលើកកម្ពស់សមត្ថភាពផ្ទាល់ខ្លួន និងស្ថាប័នដើម្បីបុព្វហេតុជាតិ និងប្រជាជន។

លោកអភិបាលខេត្ត ក៏បានវាយតំលៃខ្ពស់ចំពោះមន្ត្រីរាជការទាំង៦រូប ដែលបានទទួលការតែងតាំងថ្មីថា លទ្ធផលដែលលោក លោកស្រី ទទួលបាននាពេលនេះ កើតឡើងចេញពីការខិតខំ ប្រឹងប្រែងបំពេញនូវតួនាទីភារកិច្ច ប្រកបដោយការទទួលខុសត្រូវ និងគោរពនូវលក្ខណៈសម្បត្តិទាំង៤ របស់មន្ត្រីរាជការស៊ីវិល គឺឆន្ទះម្ចាស់ការ ភក្តីភាព មនសិកាវិជ្ជាជីវៈ និងវប្បធម៌សេវាសាធារណៈ។

លោកអភិបាលខេត្តក៏បានក្រើនរំលឹក ដល់មន្ត្រីរាជការដែលទើបទទួលបានការតែងតាំងថ្មីត្រូវ៖

*ទី១៖ បន្តគោរពឲ្យបាននូវច្បាប់សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា និងលិខិតបទដ្ឋានគតិយុត្តិផ្សេងៗទៀត
*ទី២៖ ត្រូវមានសាមគ្គីភាពផ្ទៃក្នុង ចេះសហការគ្នាក្នុងពេលបំពេញការងារ ដើម្បីសំរេចបាននូវលទ្ធផលការងារជូនអង្គភាពរបស់ខ្លួន ជូនរដ្ឋបាលខេត្ត និងប្រជាជនរបស់យើង
*ទី៣៖ បន្តពង្រឹងឲ្យបាននូវលក្ខណៈសម្បិត្តិទាំង៤ របស់មន្ត្រីរាជការស៊ីវិល ឆន្ទះម្ចាស់ការ ភក្តីភាព មនសិកាវិជ្ជាជីវៈ និងវប្បធម៌សាធារណៈ
*ទី៤៖ ប្រកាន់ឲ្យបានខ្ជាប់ខ្ជួន នូវអភិក្រមទាំង៥ គឺ ឆ្លុះកញ្ចក់ មុជទឹក ដុះក្អែល ព្យាបាល វះកាត់
*ទី៥៖ ខិតខំពង្រឹងសមត្ថភាពពាក់ព័ន្ធ និងការងារជំនាញ ដែលខ្លួនទទួលបន្ទុក ព្រមទាំងបន្តរៀនសូត្រស្វែងរកចំណេះដឹងថ្មីៗបន្ថែមទៀត ជាពិសេសចំណេះដឹងផ្នែកភាសា និងផ្នែកព័ត៌មានវិទ្យា ដើម្បីអភិវឌ្ឍន៍ខ្លួនស្របតាមការវិវត្តនៃស្ថានភាពសង្គម។

សូមបញ្ជាក់ថា មន្ត្រីរាជការដែលទើបតែងតាំងថ្មីរួមមាន៖

*ទី១៖ លោក វិត ធារិទ្ធ ឋានន្តរស័ក្តិមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែពិសេសថ្នាក់លេខ ៦ (ក ១.៦) នៃក្របខណ្ឌក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាអនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកណ្តាល
*ទី២៖ លោក ហេង សុភារិទ្ធិ ឋានន្តរស័ក្តិ មន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែពិសេសថ្នាកលេខ៤ (ក២.៤) នៃក្របខណ្ឌក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជានាយខណ្ឌជលផលកណ្តាល
*ទី៣៖ លោកស្រី សាត គន្ធា ឋានន្តរស័ក្តិមន្រ្តីបច្ចេកទេសជាន់ខ្ពស់ថ្នាក់លេខ ១ (ក ៣.១) នៃក្របខណ្ឌក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាអនុប្រធានការិយាល័យកសិឧស្សាហកម្ម
*ទី៤៖ លោក រី វិភាវី ឋានន្តរស័ក្តិមន្រ្តីបច្ចេកទេសជាន់ខ្ពស់ថ្នាក់លេខ ៣ (ក ២.៣) នៃក្របខណ្ឌក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាអនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល
*ទី៥៖ លោក សុក សឿង មន្ត្រីបច្ចេកទេសបឋមថ្នាក់លេខ៨ (គ៨) នៃក្របខណ្ឌក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាអនុប្រធានការិយាល័យគ្រឿងយន្តកសិកម្ម
*ទី៦៖ លោក កាយ វណ្ណារ៉ា ឋនន្តរស័ក្តិមន្ត្រីបច្ចេកទេសបឋម ថ្នាក់លេខ៧ (គ.៧) នៃក្របខណ្ឌក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាអនុប្រធានការិយាល័យក្សេត្យសាស្ត្រ និងផលិតភាពកសិកម្ម៕