(កំពង់ធំ)៖ ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ស្រុកតាំងគោក ដែលដឹកដោយលោក ហាក់ ម៉ុងហួត និងសហការី នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ បាននាំយកអំណោយមនុស្សធម៌ របស់ក្រុមយុវជនគណបក្សប្រជាជនកម្ពុជា ស្រុកតាំងគោក ចែកជូនដល់ប្រជាពលរដ្ឋខ្វះខាត ជនចាស់ជរា ជួបការលំបាក ចំនួន៦០គ្រួសារ ក្នុងភូមិគោកត្របែក ឃុំស្រឡៅ ស្រុកតាំងគោក ក្នុងខេត្តកំពង់ធំ។

លោក ហាក់ ម៉ុងហួត ក៏បានពាំនាំនូវការផ្តាំផ្ញើរសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ដែលលោកតែងតែព្រួយបារម្ភសុខទុក្ខប្រជាពលរដ្ឋផងដែរ។

ក្នុងឱកាសនោះ លោក ហាក់ ម៉ុងហួត អំពាវនាវសូមឲ្យប្រជាពលរដ្ឋទាំងអស់ ចូលរួមរក្សាអនាម័យខ្លួនឯងជានិច្ចត្រូវលាងដៃ និងសាប៊ូឲ្យបានស្អាត សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ-១៩ រស់នៅមិនមានការប្រមូលផ្តុំ។

លោកបានបន្តថា អំណោយទាំងអស់នេះ អាចជួយសម្រួលការខ្វះខាតរបស់ បងប្អូនបានរយៈពេលខ្លី ប្រសិនបើមានការខ្វះខាត ឬបញ្ហាផ្សេងៗ ត្រូវផ្តល់ដំណឹងមកមេឃុំ ឬ សមាជិកភូមិ ឃុំ ដើម្បីយើងមានវិធានការឆ្លើយតបបានទាន់ពេលវេលា ដោយមិនទុកឲ្យប្រជាពលរដ្ឋយើងណាម្នាក់ ស្លាប់ដោយអត់អាហារនោះទេ។

ម្យ៉ាងទៀតការនាំ យកអំណោយចែកជូនចាស់ជរាទីទ័លក្រ ប្រជាពលរដ្ឋមានជីវភាពខ្វះខាត នាពេលនេះ ដោយមិនប្រកាន់ វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការ នយោបាយអ្វីនោះឡើយ គឺយើងជួយពួកគាត់ក្នុងនាមមនុស្សធម៌ និងជាវប្បធម៌នៃការចែករម្លែក បានទាន់ពេលវេលាមិនទុក ឲ្យពួកគាត់ខ្វះខាតដាច់ស្បៀងឡើយ។

លោកប្រធាន ក៏បានចែកអំណោយ ជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត ជនចាស់ជរា ជួបការលំបាកចំនួន៦០គ្រួសារ នៅក្នុង១គ្រួសារ ទទួលបានអង្ករ២០គីឡូ ទឹកត្រី១យួរ ទឹកស៊ីអ៉ីវ១យួរ និងសាប៊ូ១ដុំ៕