(កណ្តាល)៖ ស្នងការនគរបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅល្ងាចថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០នេះថា មន្រ្តីនគរបាលប៉ុស្តិ៍ បាក់ខែង ដែលបានបាញ់សម្លាប់ប្អូនថ្លៃ នៅឃុំឧកញ៉ាតី ស្រុកខ្សាច់កណ្តាល កាលពីសប្តាហ៍មុន ត្រូវបានកម្លាំងនគរបាលតាមចាប់បានហើយ។

លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត បានបញ្ជាក់ថា ក្រោយមានឃាតកម្មនេះកើតឡើង នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាឲ្យកម្លាំងនគរបាល រួមសហការគ្នាតាមចាប់ជនដៃដល់យកមកផ្តន្ទាទោសឲ្យបាន។

ក្រោយមានបទបញ្ជារបស់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត កម្លាំងនគរបាលខេត្តកណ្តាល បានសហការជាមួយកម្លាំងនគរបាល ខេត្តស្ទឹងត្រែង និងកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌក្រសួង តាមចាប់ជនដៃដល់បានតែម្តង។

សូមបញ្ជាក់ថា អំពើឃាតកម្មឈានដល់បាញ់សម្លាប់គ្នានេះ កើតឡើងនៅម៉ោង៦៖៣០នាទីយប់ ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ នៅចំណុចភូមិចុងកោះ ឃុំកោះឧកញ៉ាតី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដោយបងថ្លៃជាមន្ត្រីនគរបាលប៉ុស្តិ៍បាក់ខែងម្នាក់ បានបាញ់សម្លាប់ប្អូនថ្លៃ ព្រោះតែភ្លើងប្រចណ្ឌ។

ជនរងគ្រោះដែលស្លាប់ មានឈ្មោះ ម៉ៅ ប៊ុនហេង ប្រុសអាយុ២៥ឆ្នាំជនជាតិខ្មែរ មុខរបរលក់ដូរ។ ចំណែកជនសង្ស័យមានឈ្មោះ សែន រ៉ានុន ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលបាក់ខែង។ ដោយប្រពន្ធជនសង្ស័យ និងជនរងគ្រោះ ជាបងប្អូនបង្កើតនឹងគ្នា។

លោកឧត្តមសេនីយ៍ស្នងការបានបន្តថា នៅពេលកើតហេតុ ជនសង្ស័យមានទំនាស់ជាមួយប្រពន្ធខ្លួន ឈ្មោះ គង់ សុខជា ដោយជនសង្ស័យយកអាវុធខ្លី មិនស្គាល់ម៉ាក ភ្ជង់ប្រពន្ធខ្លួន ពេលនោះជនរងគ្រោះចេញមកឃាត់ដោយនិយាយថា ចាំយកកាំភ្លើងភ្ជង់ប្រពន្ធធ្វើអី និយាយតែប៉ុណ្តឹង ស្រាប់តែជនសង្ស័យដែលមានកំហឹង និងភ្លើងប្រចណ្ឌផងនោះ ក៏បាញ់សំដៅទៅជនរងគ្រោះ១គ្រាប់ត្រូវបំពង់ក បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ។ ក្រោយមកជនសង្ស័យបានយកម៉ូតូ ជាអ្នកជិតខាងជិះគេចខ្លួនបាត់៕