(បន្ទាយមានជ័យ)៖ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អមដំណើរដោយលោក លោកស្រី ជាក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្ត-ក្រុង-ស្រុក-ឃុំ នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០នេះ បានចុះជួបសំណេះសំណាល និងចែកអំណោយដល់ប្រជាពលរដ្ឋក្រីក្រជួបការលំបាកចំនួន ១,៥០០គ្រួសារ ព្រះសង្ឃ និងអង្គភាពពាក់នានា នៅជុំវិញខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានពាំនាំនូវការសួរសុខទុក្ខ និងជូនពរជ័យពីសម្ដេចសាយ ឈុំ ប្រធានព្រឹទ្ធសភា, សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា, សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ប្រគេន និងជូនចំពោះព្រះសង្ឃ ប្រជាពលរដ្ឋទាំងអស់ ក្នុងខេត្តបន្ទាយមានជ័យ ជាពិសេសនៅស្រុកអូរជ្រៅ ព្រមទាំងកោតសរសើរ វាយតម្លៃខ្ពស់ចំពោះអាជ្ញាធរមាន សមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ ប្រជាពលរដ្ឋ ថ្នាក់ដឹកនាំ និងគ្រប់សាសនាទាំងអស់ នៅក្នុងកាលៈទេសៈប្រទេសកំពុងប្រឈមមុខនឹងការគំរាមកំហែងនៃជំងឺរាតត្បាត COVID-19 បានរួមគ្នាជាធ្លុងមួយប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ អនុវត្តតាមការអំពាវនាវ និងណែនាំរបស់រាជរដ្ឋាភិបាល ព្រមទាំងបរិច្ចាគធនធាន និងសម្ភារផ្ទាល់ខ្លួន ដល់គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩។

ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានបន្តថា កម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវវិធានការ ប្រកបដោយភាពស្វាហាប់ ដើម្បីបង្ការកុំឱ្យមានការរីករាលដាលជំងឺ COVI D-19 នៅកម្ពុជា និងរក្សាបាននូវទំនាក់ទំនងជាប្រចាំជាមួយអន្តរជាតិ តាមរយៈកាយវិការមនុស្សធម៌ និងបានធ្វើឱ្យទំនាក់ទំនងកម្ពុជា និងចិនកាន់តែស៊ីជម្រៅបង្ហាញពីការជួយគ្នាក្នុងគ្រាក្រ។

ជាមួយនឹងបញ្ហាកូវីដ១៩ បាននឹងមានសញ្ញាធូរស្រាលនេះដែរ ឧបនាយករដ្ឋមន្ត្រី ក៏បានសំណូមពរដល់អ្នកពាក់ព័ន្ធទាំងអស់ត្រូវ ថែរក្សាសុខសន្តិភាព សណ្តាប់ធ្នាប់សាធារណៈ ទប់ស្កាត់ព័ត៌មានក្លែងក្លាយបង្ករ ចលាចលសម្របសម្រួលចរាចរទំនិញឆ្លងកាត់ បន្តអនុវត្តតាមការ ណែនាំរបស់រាជរដ្ឋាភិបាល រក្សាគម្លាតសុវត្ថិភាព អនាម័យជាប្រចាំ មិនចេញក្រៅបើមិនចាំបាច់ បន្តអនុវត្តការធ្វើចត្តាឡីស័កពលករ ដែលមកពីក្រៅប្រទេស និងកម្មករដែលត្រឡប់ មកពីស្រុកកំណើត ក្នុងកំឡុងពេលចូលឆ្នាំបន្តព្យាបាល ថែទាំអ្នកជំងឺកូវីដ១៩ បន្តឧបត្ថម្ភស្បៀង សង្គ្រោះដល់គ្រួសារជនក្រីក្ររងផលប៉ះពាល់ធ្ងន់ធ្ងរ ដោយសារជំងឺកូវីដ១៩ បំផុសជំរុញឱ្យធ្វើកសិកម្ម ដាំដំណាំរួមផ្សំ ចិញ្ចឹមសត្វ ដើម្បីជួយទ្រទ្រង់ សេដ្ឋកិច្ចគ្រួសារជំរុញការរៀនសូត្រតាមប្រព័ន្ធ Online ដើម្បីពង្រឹងចំណេះដឹង និងគុណភាពសិក្សា និងប្រែក្លាយបញ្ហាប្រឈម ពីជំងឺកូវីដ១៩ ឱ្យក្លាយទៅជាកាលានុវត្តន៍ថ្មី ប្រែក្លាយធនធានមនុស្ស ជំនាន់ថ្មីក្លាយជាធនធានដ៏មាន សក្តានុពលសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ដើម្បីសម្រេចបាន តាមចក្ខុវិស័យ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសអភិវឌ្ឍន៍ នៅឆ្នាំ២០៥០។

អំណោយ និងទេយ្យទាន ជាថវិកា និងបច្ច័យប្រគេន របស់ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ដែលប្រគល់ជូននាពេលនេះរួមមាន៖

*ទី១៖ ប្រគេនជូនដល់វត្តចាន់ស៊ី នូវអង្ករចំនួន ២០០គីឡូក្រាម, មី ៥កេស, ត្រីខ ៥០កំប៉ុង, ទឹកត្រី ១០យួរ, ទឹកស៊ីអ៊ីវ ១០យួរ, ទឹកក្រូច ៥កេស និងបច្ច័យ ចំនួន ១លានរៀល។
*ទី២៖ ប្រជាពលរដ្ឋក្រីក្រជួបការលំបាក ចំនួន ២០០គ្រួសារ ដែលមកចូលរួមក្នុងកម្មវិធីក្នុង ១គ្រួសារទទួលបានអង្ករ ២០គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, នំធុង ១ធុង, ក្រមា២ និងថវិកា ៥ម៉ឺនរៀល។
*ទី៣៖ ប្រជាពលរដ្ឋក្រីក្រជួបការលំបាកចំនួន ១,៣០០គ្រួសារ នៅតាមគេហដ្ឋានក្នុង ១គ្រួសារទទួលបានអង្ករ ២០គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ។
*ទី៤៖ ឧបត្ថម្ភឃុំកូប មណ្ឌលសុខភាពកូប និងក្រុមចត្តាឡីស័ក នៅកូប ក្នុងអង្គភាព១លានរៀល។
*ទី៥៖ ឧបត្ថម្ភក្រុង/ស្រុក ទាំង៩ ក្នុង១ក្រុង/ស្រុក ថវិកា ២លានរៀល
*ទី៦៖ ឧបត្ថម្ភនគរបាល កងរាជអាវុធហត្ថ យោធាសឹករង កងពល៥១ ភូមិភាគជួរមុខ កងការពារព្រំដែន ៥០៣ នគរបាលអន្តោប្រវេសន៍ ក្នុង១ អង្គភាពៗ ទទួលបានថវិកា ៥០ម៉ឺនរៀល។
*ទី៧៖ ឧបត្ថម្ភ ក្រុមចត្តាឡីស័ក ឬទាំង ១១ទីតាំង និងក្រុងប៉ោយប៉ែត សរុប២០៤នាក់ ក្នុងម្នាក់ៗ ទទួលបានថវិកា ២ម៉ឺនរៀល
ទី៨៖ ឧបត្ថម្ភដល់គណកម្មការប្រយុទ្ធនឹងជំងឺកូវីដ១៩ ខេត្តបន្ទាយមានជ័យ នូវថវិកា ១០០លានរៀល៕