(កំពង់ឆ្នាំង)៖ ប្រឡាយទឹក១ខ្សែ និងផ្លូវលំ ២ខ្សែ ជាប់សងខាងខ្នងប្រឡាយមានប្រវែង ៣ពាន់ម៉ែត្រ ដែលកំពុងកសាងពីភូមិកំពង់ព្រះ ទៅកាន់ភូមិសេះស្លាប់ នៅក្នុងឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ដែលជាសមិទ្ធផលមួយដ៏ថ្មីស្រឡាងមិនធ្លាប់មាននៅក្នុងឃុំឆ្នុកទ្រូ ជាភូមិសាស្ត្រទឹកលិច ជារៀងរាល់រដូវនោះ ឥឡូវត្រូវបានរាជរដ្ឋាភិបាលកសាងហេដ្ឋារចនាសម្ព័ន្ធ មានដូចជា ប្រព័ន្ធប្រឡាយសម្រាប់ផ្លូវទឹក និងផ្លូវថ្នល់ជាច្រើនខ្សែខ្វាត់ខ្វែង ដើម្បីរៀបចំទុកជូនប្រជាពលរដ្ឋក្នុងការបំលាស់ទីឡើងមករស់នៅលើគោកវិញ។

ដោយឡែកផ្លូវ ២ខ្សែ និងប្រឡាយ ១ខ្សែខាងលើនេះ មកដល់ពេលនេះដំណើរការធ្វើបានប្រមាណ៤៥% ហើយ ដើម្បីរៀបចំដីលំនៅដ្ឋាន ចែកជូនប្រជាពលរដ្ឋ ដែលបានបន្លាស់ទីផ្ទះបណ្តែតទឹក ឡើងគោកហើយពុំទាន់ទទួលបានដីធ្លី និងចែកជូនប្រជាពលរដ្ឋ ដែលបានបែកចេញពីគ្រួសារ ទើបរៀបការរថ្មីជិត ២០០គ្រួសារបន្ថែមទៀត។

លោក សាំង គឹមស៊ន មេឃុំឆ្នុកទ្រូ បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នារសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ ម្សិលមិញថា ដោយមានការយកចិត្តទុកដាក់ និងឯកភាព ពីប្រមុខរាជរដ្ឋាភិបាល ក្នុងរយៈពេលជាង១ខែនេះ លោកអភិបាលខេត្ត និងគណៈអភិបាលស្រុកបរិបូណ៌ ដោយមានទំនាក់ទំនងល្អ ជាមួយសប្បុរសជនជាម្ចាស់ក្រុមហ៊ុន (គីរីឧត្តម) ក្រុមហ៊ុនបានជួយអនុវត្តគម្រោងជីកប្រឡាយធ្វើជាផ្លូវទឹក និងផ្លូវ ២ខ្សែទៀត នៅតាមខ្នងប្រឡាយទាំងសងខាងមានប្រវែង ៣ពាន់ម៉ែត្រ ចេញពីភូមិកំពង់ព្រះ ទៅកាន់ភូមិសេះស្លាប់ ដែលមកដល់ពេលនេះ បានដំណើរការកសាងបានប្រមាណ ៤៥%ហើយ។

លោកមេឃុំឆ្នុកទ្រូរូបនេះ បានបន្តថា ប្រឡាយមួយខ្សែនេះមានបាតក្រោម ៣ម៉ែត្រ ជម្រៅ ៥ម៉ែត្រ និងមាត់លើ១២ម៉ែត្រ ចំណែកខ្នងប្រឡាយជាផ្លូវលំ មានខ្នងលើ៤ម៉ែត្រ ដែលអាចធ្វើចរាចរណ៍ទាំងផ្លូវទឹក និងផ្លូវគោកបានយ៉ាងងាយស្រួលផងដែរ។

ផលប្រយោជន៍នៃគម្រោងការកសាងប្រឡាយមួយខ្សែនេះ គឺទី១៖ ដើម្បីធ្វើជាផ្លូវទឹកបើកបរទូកកាណូតចេញចូលពីទន្លេមកភូមិឋានប្រជាពលរដ្ឋ, ទី២៖ ខ្នងប្រឡាយគឺជាផ្លូវលំ ដែលអាចអោយយានយន្តបើកបរដឹកជញ្ជូនកសិផលបាន។ ដោយឡែកដីសងខាងប្រឡាយនិងផ្លូវថ្នល់ អាជ្ញាធរ និងរៀបចំចែកជូនប្រជាពលរដ្ឋជាង ២០០គ្រួសារ ដែលបានបន្លាស់ទីផ្ទះទឹកឡើងគោក ហើយនៅមិនទាន់ទទួលបានដីធ្លី សម្រាប់សង់លំនៅដ្ឋាន ក្នុងនោះក៏មានប្រជាពលរដ្ឋដែលបានបែកពីគ្រួសាររៀបការ បង្កើតជាគ្រួសារថ្មី ចំនួន ១៨៩គ្រួសារផងដែរ។ ចំណែកទឹកក្នុងប្រឡាយ គឺប្រជាពលរដ្ឋអាចយកមកស្រោចស្រពដីស្រែ ចំការ និងប្រើប្រាស់ទៅតាមតម្រូវការ ក្នុងភូមិឋានរបស់ពួកគាត់ បានដោយងាយស្រួសផងដែរ។

លោកមេឃុំ បានបញ្ជាក់ទៀតថា ដោយអនុវត្តតាមគោលនយោបាយដឹកនាំដ៏ល្អរបស់ប្រមុខរាជរដ្ឋាភិបាល ប្រជាពលរដ្ឋនៅក្នុងឃុំឆ្នុកទ្រូ ជាង ១ពាន់គ្រួសារ ដែលពីមុនធ្លាប់រស់នៅលើផ្ទះបណ្តែតទឹកក្នុងទន្លេ ជាអ្នកប្រកបមុខរបរនេសាទត្រី បានឡើងមករស់នៅលើគោកវិញ នឹងចាប់យកមុខរបរធ្វើស្រែចំការជាធំ ដើម្បីកែរប្រែជីវភាពរស់នៅរបស់ពួកគាត់។

ក្នុងនាមលោកជាមេឃុំ តំណាងឱ្យប្រជាពលរដ្ឋ សូមថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅ ចំពោះប្រមុខរាជរដ្ឋាភិបាល អរគុណសម្តេច គង់ សំអុល ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តកំពង់ឆ្នាំង អរគុណគណៈអភិបាលខេត្តកំពង់ឆ្នាំង គណៈអភិបាលស្រុកបរិបូណ៌ ដែលបានយកចិត្ត ទុកដាក់គិតគូរអំពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នៅតាមដងទន្លេ ជាពិសេសទៅទៀតនោះ លោកក៏មិនភ្លេចថ្លែងនូវអំណរគុណដល់ក្រុមហ៊ុន (គិរីឧត្តម) ដែលបានយកចិត្តទុកដាក់ជួយកសាងប្រឡាយទឹក និងផ្លូវដ៏មានសារសំខាន់ខាងលើនេះ ជូនប្រជាពលរដ្ឋឃុំឆ្នុកទ្រូ៕