(ភ្នំពេញ)៖ យ៉ាងហោចណាស់មានមន្ត្រីកម្មសិក្សាក្របខណ្ឌក្រសួងមុខងារសាធារណៈចំនួន ១៣៥នាក់ (ខ្លះបម្រើការងារនៅតាមខេត្ត) បានដាក់លិខិតស្នើសុំអន្តរាគមន៍ទៅសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បន្ទាប់ពីលោក ព្រុំ សុខា រដ្ឋមន្ត្រីថ្មីនៃក្រសួងមុខងារសាធារណៈ ចេញប្រកាសនិរាករណ៍លែងទទួលស្គាល់ពួកគាត់ជាមន្ត្រីក្របខណ្ឌនេះតទៀត។ 

នេះបើយោងតាមលិខិតដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០។

លិខិតសុំអន្តរាគមន៍បន្តការងាររបស់ក្រុមមន្រ្តីកម្មសិក្សាទាំង ១៣៥រូប បានធ្វើឡើង ក្រោយពីរដ្ឋមន្រ្តីមុខងារសាធារណៈថ្មី លោក ព្រុំ សុខា បានសម្រេចនិរាករណ៍ដោយបញ្ឈប់ពួកគាត់ពីការងារ នៅក្នុងក្របខណ្ឌក្រសួងតែម្តង។

ក្រុមកម្មសិក្សាទាំង ១៣៥រូប បានស្នើសុំទៅសម្តេចតេជោ ហ៊ុន សែន ដើម្បីឲ្យបានបន្តការងារ និងបានប្រកាសថា ពួកគាត់សុខចិត្តកាត់ប្រាក់បៀវត្សនៅក្នុងដំណាក់កាលកូវីដ១៩ ទៀតផង។

ក្រុមកម្មសិក្សាទាំងអស់ បានបញ្ជាក់យ៉ាងដូច្នេះថា «សម្តេចតេជោនាយករដ្ឋមន្ត្រី សម្តេចពុក ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត! ខ្ញុំបានទ-នាងខ្ញុំ ដឹងថានៅក្នុងដំណាក់កាលដ៏លំបាក ធ្ងន់ធ្ងរនៃជំងឺកូវីដ១៩ ដ៏កំណាចនេះបានបង្កើតជាបន្ទុកដ៏ធ្ងន់ធ្ងរ សម្រាប់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ប្រយុទ្ធប្រឆាំង កុំឲ្យបន្តរីករាលដាល ក៏ដូចជាគំរាមកំហែងមកលើសុខភាព និងអាយុជីវិតរបស់ប្រជាជនកម្ពុជា។ ខ្ញុំបាទ-នាងខ្ញុំ សូមគោរពអនុញញាតស្នើសុំ សេចក្តីសណ្តោសប្រោសប្រណីពី សម្តេចតេជោនាយករដ្ឋមន្ត្រី សម្តេចពុក មេត្តារក្សាទុកក្របខណ្ឌរបស់ខ្ញុំបាទ-នាងខ្ញុំ ជាមន្ត្រីរាជការដោយខ្ញុំបាទ-នាងខ្ញុំ សុខចិត្តមិនទទួលបៀវត្ស និងប្រាក់ឧបត្ថម្ភផ្សេងៗ រហូតដល់ជំងឺកូវីដ១៩ ផុតរលត់ជាស្ថាពរ ពីមាតុភូមិជាទីស្នេហានៃយើង»

សូមបញ្ជាក់ថា មន្ត្រីកម្មសិក្សាក្របខណ្ឌក្រសួងមុខងារសាធារណៈទាំង ១៣៥នាក់ ត្រូវបានលោក ពេជ្រ ប៊ុនធិន អតីតរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ បានចេញប្រកាសស្តីពីការជ្រើសរើសមន្ត្រីរាជការឲ្យចូលក្របខណ្ឌក្រសួងមុខងារសាធារណៈ។

ប៉ុន្តែនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ លោក ព្រុំ សុខា រដ្ឋមន្ត្រីថ្មី នៃក្រសួងមុខងារសាធារណៈ ក៏បានចេញប្រកាសនិរាករណ៍សេចក្តីសម្រេចនេះ រហូតធ្វើឲ្យពួកគាត់មានការតវ៉ាតែម្តង៕