(កំពង់ស្ពឺ)៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 ខេត្ត នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ បានទទួលសម្ភារមួយចំនួន សម្រាប់ប្រយុទ្ធប្រឆាំង COVID-19 ពីក្រុមហ៊ុន ទ្រី ភាព គ្រុប។

សម្ភារប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ របស់ក្រុមហ៊ុន ទ្រី ភាព គ្រុប រួមមាន ម៉ាសចំនួន ៥,០០០ម៉ាស មីជាតិចំនួន ៥០កេសធំ ថវិកាចំនួន ១២លានរៀល សម្រាប់ចូលរួមក្នុងប្រតិបត្តិការ ទប់ស្កាត់ជំងឺកូវីដ១៩ ដែលកំពុងបង្កគ្រោះភ័យដល់សុខភាព និងអាយុជីវិតរបស់ប្រជាជនកម្ពុជា។

លោក វ៉ី សំណាង បានថ្លែងនៅអំណរគុណចំពោះសប្បុរសជននានា ដែលបានផ្តល់ជូនដល់រដ្ឋបាលខេត្តកន្លង ហើយជាក់ស្តែងនៅថ្ងៃនេះ ក្រុមហ៊ុន ទ្រី ភាពគ្រុប បាននាំមកនូវសម្ភារ និងថវិកាមួយចំនួនប្រគល់ជូនសាលាខេត្តបន្ថែម។

លោកអភិបាលខេត្ត នៅតែទទួចសុំឲ្យសប្បុរសជនមេត្តាបរិច្ចាគធនធានបន្តិចបន្តួច ដើម្បីធានាបានការបង្ការចំពោះបញ្ហាជំងឺកូវីដ១៩ ដែលមិនមែនជាករណីឆាប់ចប់នោះទេ ពោលលុះត្រាតែរកឃើញ វ៉ាក់សាំង ជោគជ័យ១០០% ទើបប្រជាជនលើពិភពលោកអស់កង្វល់។

លោកបានសង្កត់ធ្ងន់ថា «ក្នុងដំណាក់កាលនេះសូមប្រជាពលរដ្ឋ មេត្តាគោរពឲ្យបានតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល និងស្តាប់ការណែនាំរបស់មន្ត្រីសុខាភិបាលនៅតាមមូលដ្ឋាន ដើម្បីបង្ការខ្លួនយើងឲ្យគេចផុតពីការរីករាលដាលនៃមេរោគកូវីដ១៩ ព្រមទាំងក្រុមគ្រួសារយើងផងដែរ»