(ភ្នំពេញ)៖ ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០នេះ បានជូនដំណឹងដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលកំពុងស្នាក់នៅ សិក្សា និងធ្វើការនៅក្នុងប្រទេស អំពីការសម្រេចថ្មីទៀតរបស់រាជរដ្ឋាភិបាលថៃ ដើម្បីអនុគ្រោះដល់ ពលរដ្ឋខ្មែរដែលអស់សុពលភាពស្នាក់នៅប្រទេសថៃ។ នេះបើតាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

បើតាមសេចក្តីជូនដំណឹងរបស់ស្ថានទូត, ដើម្បីសម្រួលដល់ប្រជាពលរដ្ឋខ្មែរ ដែលជាប់នៅក្នុងប្រទេសថៃ ដោយសារការរឹតត្បិតនៃការធ្វើឱ្យដំណើរផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស ក្នុងការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ រាជរដ្ឋាភិបាលថៃ បានសម្រេចផ្តល់អនុគ្រោះ ដូចខាងក្រោម៖

១៖ ប្រជាពលរដ្ឋខ្មែរ រួមទាំងពលករ ដែលអស់សុពលភាពស្នាក់នៅ ចាប់ពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ ត្រូវបានអនុញ្ញាតឱ្យបន្តស្នាក់នៅដោយស្វ័យប្រវត្តិ រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ដោយពុំមានការផាកពិន័យលើការស្នាក់នៅលើសកំណត់ (Over Stay) ប៉ុន្តែមិនអនុញ្ញាតឱ្យធ្វើការនោះទេ។

២៖ ពលករខ្មែរ ដែលនិយោជក បានបញ្ជូនបញ្ជីទៅក្រសួង ឬមន្ទីរការងារក្រុង/ខេត្តរបស់ថៃ តាមរយៈប្រព័ន្ធអនឡាញរួចរាល់ ត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ អាចបន្តធ្វើការជាបណ្ដោះអាសន្នរហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ២០២០។

៣៖ ប្រជាពលរដ្ឋខ្មែរ រួមទាំងពលករ ដែលត្រូវទៅបង្ហាញខ្លួនក្នុងរយៈពេល ៩០ថ្ងៃ ក្នុងចន្លោះថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ ដល់៣១ ខែកក្កដា ឆ្នាំ២០២០ មិនត្រូវទៅបង្ហាញខ្លួននោះទេ រហូតដល់មានការជូនដំណឹងជាថ្មីឡើងវិញ។

ស្ថានទូតខ្មែរ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់នៅក្នុងប្រទេសថៃ មេត្តាបន្តចូលរួមសហការអនុវត្តវិធានការនានា និងនិងបម្រាមគោចរដែលដាក់ចេញដោយរាជរដ្ឋាភិបាលថៃ ឱ្យមានប្រសិទ្ធភាព និងសូមរក្សាសុខភាពអនាម័យ ដើម្បីបង្ការ និងទប់ស្កាត់ការវឹករាលដាលនៃជំងឺកូវ័យ១៩៕

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសថៃ៖