(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក បានអំពាវនាវយុវជនទាំងអស់ នាំគ្នាចូលរួមហ្វឹកហាត់កីឡា ហែលទឹកដោយឥតគិតថ្លៃ ដើម្បីក្លាយជាអ្នកជំរើសជាតិ ចូលរួមក្នុងការប្រកួតលក្ខណអន្តរជាតិ និងខិតខំហែលទឹកឱ្យបានឈ្នះគេ ដើម្បីដណ្តើមយកមេដាយជូនជាតិមាតុភូមិ។

លោកទេសរដ្ឋមន្ត្រីបានបញ្ជាក់ថា នៅជំនាន់ឆ្នាំ១៩៦០ កីឡាហែលទឹកនេះប្រទេសកម្ពុជាមានភាពល្បីល្បាញណាស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ គឺកម្ពុជាឈ្នះគេ ដោយដណ្តើមបានមេដាយមាស មេដាយប្រាក់ និងមេដាយសំរឹទ្ធ ជាច្រើនជូនជាតិមាតុភូមិ។ ដោយឡែក ដោយសាររបបប្រល័យពូជសាសន៍បានបំផ្លាញចោលទាំងអស់នូវអ្វីៗដែលមាន ដែលជារឿងមួយគួរឱ្យសោកស្តាយបំផុត។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងអំពាវនាវយ៉ាងដូចនេះនាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០នេះ ក្នុងឱកាសដែលលោកបានដឹកនាំគណៈប្រតិភូចុះ ត្រួតពិនិត្យ វឌ្ឍនភាពការដ្ឋានសាងសង់ អាងហែលទឹកនៅពហុកីឡដ្ឋានជាតិអូឡាំពិក។

ប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក បានបញ្ជាក់ទៀតថា ការសាងសង់អាងហែលទឹកនៅពហុកីឡដ្ឋានជាតិអូឡាំពិកនេះ គឺបានធ្វើរួចរាល់ហើយដោយប្រើប្រាស់ ពេលវេលាអស់១៨ខែ និងបានចំណាយថវិកាអស់ជិត ៣លានដុល្លារ ជាជំនួយរបស់ក្រុមហ៊ុនសៀងហៃ ខនស្រ្តាកសិន ដោយបានជួសជុលផង និងពង្រីកផង ទាំងអាងហែលទឹក និងកន្លែងលោតទឹក ក្រៅពីនោះទៀតគឺបានដូរថ្មីទាំងអស់នូវម៉ាស៊ីនបូមទឹក ម៉ាស៊ីនចម្រោះទឹក និងបានដាក់កៅអីអង្គុយបានជាង ១,៦០០នាក់ និងបានធ្វើជាបន្ទប់ ដាក់ឧបកណ៍ហ្វឹកហាត់បន្ថែមទៀតផងដែរ ព្រោះដើម្បីធ្វើការប្រកួតឱ្យបានឈ្នះគេ គឺមិនមែនតែធ្វើការហាត់ក្នុងទឹកមួយមុខនោះទេគឺត្រូវហាត់លើ គោកបន្ថែមទៀតផងដែរ។

លោកបានបញ្ជាក់ទៀតថា គិតមកដល់ពេលនេះ កម្ពុជាយើងបានការសាងសង់អាងហែលទឹកនៅពហុកីឡដ្ឋានជាតិអូឡាំពិកបានរួចរាល់ និងកំពុងសាងសង់ អាងហែលទឹក នៅខេត្តបាត់ដំបង បានសាងសង់រួចរាល់អាងហែលទឹកនៅស្រុកកោះធំ និងមានអាងហែលទឹកនៅខេត្តកំពុងចាម និងនៅពហុកីឡដ្ឋានជាតិមរតកតេជោ សម្រាប់ត្រៀមធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ខាងមុខនេះផងដែរ។

សូមបញ្ជាក់ដែរថា សាងសង់អាងហែលទឹកពហុកីឡដ្ឋានជាតិអូឡាំពិក ចំណាយថវិកាអស់ជិត៣លានដុល្លារ មានអាងហែលទឹក១ ដោយមានខ្នាត ២៥ម៉ែត្រ X ៥០ម៉ែត្រ ស្មើនឹង១០ខ្សែបន្ទាត់, មានអាងលោតទឹក១ មានឈ្នាន់រលាស់សម្រាប់លោតចំនួន៤ ដោយមានខ្នាត ២០ម៉ែត្រ X ២៥ម៉ែត្រ, មានការិយាល័យសម្រាប់ធ្វើការរបស់សហព័ន្ធ ៣បន្ទប់ ឃ្លាំង២បន្ទប់, មានសាលប្រជុំ១បន្ទប់ បន្ទប់ពេទ្យ១បន្ទប់ បន្ទប់បញ្ជារឧបករណ៍អេឡិចត្រូនិច១បន្ទប់, មានសាលហ្វឹកហាត់សាច់ដុំ ១បន្ទប់ មានកន្លែងស្នាក់របស់ គ្រូ បង្វឹក កីឡាករ កីឡាការិនី ចំនួន៥៥នាក់, មានផ្ទាំងLED ១ មានខ្នាត ៥ម៉ែត្រ X ៩ម៉ែត្រ៕