(មណ្ឌលគិរី)៖ មានដំរីព្រៃឈ្មោលមួយក្បាលចុះប្រេង នៅភូមិពូត្រុំ ក្រុម២ សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បានបង្កការភ័យខ្លាចដល់អ្នកស្រុក។

លោក ភី ងូក ជាជនជាតិភ្នង និងជាចៅសង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បានប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តមណ្ឌលគិរីថា មានសត្វដំរីព្រៃឈ្មោល មួយក្បាលចុះប្រេង មកដោយញីឈ្មោលជាមួយដំរីញីស្រុក នៅភូមិឃុំខាងលើ រយៈពេល២ថ្ងៃ ហើយបង្កការភ័យខ្លាចដល់អ្នកស្រុក អ្នកភូមិយ៉ាងខ្លាំង។

មូលហេតុនៃការភ័យខ្លាចដំរីចុះប្រេងរបស់អ្នកស្រុកភូមិ លោកចៅសង្កាត់ បានធ្វើការអះអាងថា ដោយសារកាលពីឆ្នាំមុនៗជាញឹកញាប់ មានករណីដំរីស្រុកចុះប្រេង ដោយញីឈ្មោល បានសម្លាប់មនុស្សក្នុងភូមិអស់ជាច្រើននាក់។

លោកបានបន្តថា ជាទូទៅដំរីស្រុកឈ្មោល នៅពេលនៅពេលចុះប្រេងម្តងៗ វាមានចរិតកាចខ្លាំងណាស់ ចុះទម្រាំដំរីព្រៃឈ្មោលចុះប្រេងអាចកាចខ្លាំងជាងដំរីស្រុក។

លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី កំពុងបញ្ជាឲ្យមន្រ្តីបរិស្ថានខេត្តចុះទៅទីតាំងខាងលើ ដើម្បីធ្វើការចាត់ការតាមបច្ចេកកទេសជំនាញរបស់ខ្លួន ធ្វើយ៉ាងណាការពារសុខសុវត្ថិភាព ប្រជាពលរដ្ឋក្នុងភូមិកុំឲ្យមានគ្រោះថ្នាក់។

ចំណែកលោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ក៏កំពុងបញ្ជាឲ្យមន្រ្តីរបស់ខ្លួនចុះទៅគោលដៅ និងទីតាំងខាងលើដើម្បីចាត់ការទៅតាមបច្ចេកទេសជំនាញផងដែរ៕