(ភ្នំពេញ)៖ លោក គង់ គាំ ប្រធានកិត្តិយសនៃគណបក្សឆន្ទៈខ្មែរ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០នេះ បានប្រកាសគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើតច្បាប់ «គ្រប់គ្រងប្រទេសក្នុងភាពអាសន្ន» ខណៈពេលដែលច្បាប់មួយនេះ កំពុងរង់ចាំក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យពីធម្មនុញ្ញភាព មុនពេលច្បាប់ត្រូវប្រកាសឲ្យប្រើជាផ្លូវការ។

ថ្លែងសារតាមរយៈ Facebook របស់ខ្លួន, លោក គង់ គាំ ដែលជាមនុស្សជំនិតរបស់លោក សម រង្ស៉ី ផងនោះ បានឆ្លៀតរិះគន់លោក សម រង្ស៉ី ដែលតែងតែប្រើកលល្បិចជំរុញ ឲ្យអ្នកនាំទ្ររបស់ខ្លួន ទិតៀនសេចក្តីព្រាងច្បាប់ «គ្រប់គ្រងប្រទេសក្នុងភាពអាសន្ន» ថាជាការបិទសិទ្ធិសេរីភាព និងជាការរំលោភសិទ្ធិមនុស្ស ក្នុងគោលដៅឲ្យអន្តរជាតិវាយប្រហារកម្ពុជា ពាក់ព័ន្ធនឹងសិទ្ធិមនុស្ស។ លោកថ្លែងថា ច្បាប់ «គ្រប់គ្រងប្រទេសក្នុងភាពអាសន្ន» មិនធ្វើឱ្យប្រជាពលរដ្ឋខ្មែរដែលព្រួយបារម្ភពីមេរោគសកលដ៏សាហាវកូវីត-១៩ ភ័យខ្លាចទេ តែប្រហែលធ្វើឱ្យមេរោគកូវីត-២០ (មាតុភូមិនិវត្តន៍ទី២) ស្លខ្យល់ខ្លាំង។

លោក គង់ គាំ បានបន្តថា «សម រង្ស៉ី និងក្រុម (មេប្រុយ) ជើងមិនជាប់ដី ក្បាលមិនជាប់មេឃនៅតែប្រើកលល្បិចជំរុញឱ្យសកម្មជន និងអ្នកគាំទ្រពួកគេបន្ត ធ្វើជាក្រុមប្រថុយ គឺឱ្យខំសម្តែងមតិហិង្សា ខំបង្កចេតនាវិទ្ធង្សនាជួយរុញកាឆ្កឹះបំផុសពីការបែកបាក់ផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីឱ្យអំណាចកម្ពុជា សព្វថ្ងៃបន្តចោទចាប់មនុស្សឱ្យកាន់តែច្រើន ដែលអាចធ្វើឱ្យអន្តរជាតិជាអាទិ៍ អ្នករាយការណ៍ពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ខាងសិទ្ធិមនុស្សប្រចាំកម្ពុជា និងបណ្តាញទុច្ចរិតបម្រើលោកខាងលិចប្រឆាំងចិនជួយបន្ទរឱ្យកងរំពងឡើងៗដោយមានចេតនាដុតកម្ពុជាឱ្យឆេះ ទើបក្រុមគេអាចទាញប្រយោជន៍របស់ខ្លួនបាន។ អាសូរណាស់អ្នកគាំទ្រទ្រើសៗសម្ងំសុខ អ្នកគាំទ្រទ្រើកៗចេញមុខរងទុក្ខរងទោស (កម្មឯង ព្រេងគេ) គឺមិនមែនដើម្បីជាតិទេ»

បើតាមលោក គង់ គាំ លោកមានឆន្ទៈប្រឆាំងសកម្មភាពអតីតអ្នកនយោបាយហិង្សានិយម បញ្ឆេះជម្លោះផ្តួលរំលំអំណាចកម្ពុជាតាមមហិច្ឆិតាដែលថា ទាល់តែអញ និងមានតែក្រុមអញ ទើបកម្ពុជាមានប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និងការអភិវឌ្ឍ ដែលធាតុពិតគឺសុទ្ធតែនៅក្នុងសុបិន្តទាំងអស់។ បរិបទមេរោគកូវីត-១៩ ពិភពលោកទាំងមូល ប្រទេសទោះធំ និងមាន ទោះតូច និងក្រ ក៏សុទ្ធតែរងការប៉ះពាល់ដូចៗគ្នាដែរ។ ការបិទប្រទេស ការបិទច្រកចេញចូល ការបិទកន្លែងការងារ ការបិទការជួបជុំ។ល។ «ដាក់ប្រទេសក្នុងភាពអាសន្ន» គឺជួយសុវត្ថិភាព ជួយសុខភាព ជួយជីវិត។

លោកបន្ថែមថា «ខ្ញុំ គង់ គាំ ដែលជឿជាក់ថា អតីតសកម្មជន និងអ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិ រួមទាំងម្ចាស់ឆ្នោតឆ្នាំ២០១៣ និងឆ្នាំ២០១៧ បានស្គាល់ខ្ញុំថា ជាមេដឹកនាំម្នាក់បន្ទាប់ពីលោក សម រង្ស៉ី និងលោក កឹម សុខា នោះគឺយើងទាំងអស់គ្នាពិតជាចង់ឱ្យមានការផ្លាស់ប្តូរជាវិជ្ជមាន តាមរយៈការបោះឆ្នោតបែបប្រជាធិបតេយ្យ ដើម្បីប្រជាពលរដ្ឋខ្មែរ និងកម្ពុជាស្គាល់តែសុខចម្រើនជានិច្ចតែប៉ុណ្ណោះ»

លោក គង់ គាំ មានមោទនភាពទទួលតួនាទីជាប្រធានកិត្តិយសគណបក្សឆន្ទៈខ្មែរ សញ្ញាព្រះអាទិត្យថ្មី ជាជម្រើសថ្មី និងដើម្បីការផ្លាស់ប្តូរថ្មីនៅកម្ពុជាពិតៗតទៅ។ លោកថ្លែងទៀតថា គណបក្សឆន្ទៈខ្មែរ ក៏មានមោទនភាពដែលអតីតគណបក្សសង្គ្រោះជាតិលាបពណ៌គណបក្សឆន្ទៈខ្មែរ ថាជាអាយ៉ងគណបក្សប្រជាជនកម្ពុជា ឯគណបក្សប្រជាជនកម្ពុជា ចាត់ទុកគណបក្សឆន្ទៈខ្មែរ ជាអតីតគណបក្សសង្គ្រោះជាតិ។

លោកអះអាងថា ការពិតគណបក្សឆន្ទៈខ្មែរ បង្កើតដោយក្រុមអតីត CNRP បន្តវេន ដោយក្រុមអ្នកនយោបាយស្រករក្រោយ ដោយក្រុមអ្នកនយោបាយវ័យក្មេង ដែលមានវប្បធម៌នយោបាយថ្មី គឺគណបក្សឆន្ទៈខ្មែរ ជារបស់ខ្មែរដែលមានទឹកចិត្តជាខ្មែរ ជារបស់ខ្មែរដែលបម្រើបំណងរបស់ខ្មែរ។ គួរឱ្យចាប់អារម្មណ៍ ដែលគណបក្សឆន្ទៈខ្មែរ បានបង្កើត និងចូលរួមការបោះឆ្នោតឆ្នាំ២០១៨ ជាមួយពេលវេលា និងមធ្យោបាយមិនគ្រប់គ្រាន់ តែទទួលបានសម្លេងគាំទ្រដ៏មានអត្ថន័យ។

លោកសំណូមពរ ឲ្យអ្នកគាំទ្រទាំងអស់ ជួយគាំទ្របន្ត និងជួយផ្សព្វផ្សាយ ជួយទាក់ទាញអ្នកគាំទ្របន្ថែមឱ្យកាន់តែទូលំទូលាយគ្រប់ទិសទី ដើម្បីគណបក្សឆន្ទៈខ្មែរ ក្លាយជាគណបក្សគូរប្រជែង និងជាដៃគូរស្ថាបនាអំណាចប្រជាធិបតេយ្យនៅកម្ពុជាដូចប្រទេសរីកចម្រើននានាលើពិភពលោក។ លោកថែមទាំងសំណូមពរ ប្រជាពលរដ្ឋខ្មែរ ពិសេសយុវជន ម្ចាស់កម្ពុជាអនាគត ប្រើប្រាស់ឱកាសសម្រេចបំណងខ្លួន និងប្រទេសជាតិខ្លួនឱ្យរួសរាន់ មោះមុតបំផុតដោយចូលរួមបោះឆ្នោត និងឈរឈ្មោះឱ្យគេបោះឆ្នោត ដើម្បីកសាងរបបប្រជាធិបតេយ្យសេរី ពហុបក្សឡើងវិញនៅឆ្នាំ២០២២ និងឆ្នាំ២០២៣នេះកុំបីខាន៕