(ភ្នំពេញ)៖ មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានកាំភ្លើងធំ អគ្គបញ្ជាការ បានរួមគ្នាបរិច្ចាគប្រាក់បៀវត្សប្រចាំខែសរុប ១០១,៩៣០,០០០រៀល ជូនគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដើម្បីចូលរួមក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។

នាយឧត្តមសេនីយ៍ ណុប រតនា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ បញ្ជាការដ្ឋានកាំភ្លើងធំ អគ្គបញ្ជាការ បានគូសបញ្ជាក់ថា ការបរិច្ចាគនេះ ជាស្មារតីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលកំពុងរាលដាលនៅក្នុងប្រទេសកម្ពុជា។

នាយឧត្តមសេនីយ៍ ណុប រតនា បានបញ្ជាក់ប្រាប់ Fresh News យ៉ាងដូច្នេះ «ថវិកាទាំងនេះ គឺជាថវិកាកើតចេញពីការស្ម័គ្រចិត្តរបស់បងប្អូនកងទ័ព នៃបញ្ជាការដ្ឋានកាំភ្លើងធំ អគ្គបញ្ជាការ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ដើម្បីជួយដល់សង្គមជាតិ ជួយដល់ប្រជាពលរដ្ឋខ្មែរក្នុងពេលជួបការលំបាក ដោយសារជំងឺកូវីដ១៩»

នាយឧត្តមសេនីយ៍ ណុប រតនា បន្ថែមថា «បងប្អូនកងទ័ពរបស់យើងមិនត្រឹមតែមានតួនាទីភារកិច្ចស្នូលក្នុងការការពារជាតិ មាតុភូមិ ការពារបូរណភាពទឹកដីនោះទេ។ តែកងទ័ពរបស់យើងក៏មានស្មារតីចូលរួមចំណែករំលែកទុក្ខលំបាករបស់ជាតិ និងប្រជាជនយើងនៅគ្រប់កាលៈទេសៈ»

សូមបញ្ជាក់ថា ដើម្បីរួមចំណែកជួយរាជរដ្ឋាភិបាលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ មានសប្បុរសជនជាច្រើនបានរួមគ្នាបរិច្ចាគថវិកាជូនដល់រាជរដ្ឋាភិបាលកម្ពុជា ដែលមកដល់ពេលនេះថវិកាសប្បុរសជនជួយនោះមានជាង១០លានដុល្លារអាមេរិកហើយ។

ក្រៅពីថវិការបស់សប្បុរសជន សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភា សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល សមាជិក សមាជិកព្រឹទ្ធសភា រដ្ឋសភា មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ បានសម្រេចបរិច្ចាគប្រាក់បៀវត្សជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ផងដែរ ដើម្បីធ្វើប្រតិបត្តិការប្រយុទ្ធនឹងជំងឺកូវីដ១០ ក៏ដូចជាដោះស្រាយបញ្ហានានាបង្កដោយជំងឺនេះ៕