(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ផល សាម៉ន អ្នកនាំពាក្យមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០នេះថា កងទ័ពមួកខៀវកម្ពុជាចំនួន ៣រូប បានឆ្លងវីរុស COVID-19 នៅក្នុងតំបន់បេសកកម្ម នៃប្រទេសម៉ាលី។
លោកឧត្តមសេនីយ៍ឯក ផល សាម៉ន បានឱ្យដឹងថា បច្ចុប្បន្ននេះកម្ពុជាមានកងកម្លាំងទ័ពមួកខៀវជិត ៣០០នាក់ បាននិងកំពុងបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅប្រទេសម៉ាលី ហើយកងកម្លាំងជិត ៣០០នាក់នោះ គឺបានបែងចែកគ្នា ទៅបំពេញបេសកកម្មចំនួន៦ តំបន់ផ្សេងៗគ្នារួមមាន៖ តំបន់បាម៉ាកូម្នាក់, តំបន់គីដាល់ ៨២នាក់, តំបន់ទេសាលីត ៧២នាក់, តំបន់ហ្កាវ ១០៥នាក់, តំបន់ទុំបុកទូ ២១នាក់ និងតំបន់ម៉ប់ទី ១៨នាក់។
លោកឧត្តមសេនីយ៍ឯក ផល សាម៉ន បានបន្តថា ហើយបច្ចុប្បន្ននេះអង្គការសហប្រជាជាតិ ហៅកាត់ UN និងក្រសួងការពារជាតិកម្ពុជា បាននិងកំពុងតាមដាន និងបញ្ជូនសម្រាកព្យាបាល យកចិត្តទុកដាក់បំផុត នៅក្នុងមន្ទីរពេទ្យបាមាកូ ប្រទេសម៉ាលី។
លោកឧត្តមសេនីយ៍ឯក ផល សាម៉ន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «សម្រាប់អ្នកដែលបំពេញបេសកកម្ម នៅក្នុងតំបន់គីដាល ៣នាក់ ក្នុងនោះមានប្រុស ២នាក់ និងស្រីម្នាក់ គឺមានផ្ទុកមេរោគឆ្លង COVID-19 ហើយត្រូវបានកម្លាំងអង្គការសហប្រជាជាតិ បញ្ជូនយកទៅព្យាបាលនៅមន្ទីរពេទ្យ បាម៉ាកូ ស្ថិតនៅក្រោមការតាមដាន និងព្យាបាលយ៉ាងយកចិត្តបំផុតពីក្រុមគ្រូពេទ្យ UN»។
លោកឧត្តមសេនីយ៍ឯក បានបន្ថែមទៀត កាលពីអំឡុងដើមខែមេសា កន្លងទៅនេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការពារជាតិកម្ពុជា បានបញ្ជូនសម្លារការពារមេរោគឆ្លង COVID-19 រួមមាន៖ ម៉ាស់ ទឹកអាល់កុល និងជែលលាងដៃ ដែលចំណាយថវិកាជាង ២ម៉ឺន ៥ពាន់ដុល្លារ ព្រមទាំងបានផ្តល់អាវពាក់ការពារមេរោគឆ្លងប្រមាណជិត ៨០កំប្លេ ចំណាយថវិកាអស់ប្រមាណ១៤,០០០ដុល្លារ។ បន្ថែមពីលើជំនួយពីអង្គការសហប្រជាជាតិ ផ្តល់ជូនកងទ័ពមួកខៀវ កម្ពុជាកំពុងឈរជើង តាមបណ្តាប្រទេសចំនួន៤ រួមមាន៖ ប្រទេសលីបង់, ប្រទេសស៊ូដង់ខាងត្បូង ប្រទេសម៉ាលី និងសាធារណរដ្ឋអាហ្វ្រិកកណ្តាល។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះ កម្ពុជាមានកងទ័ពមួកខៀវ ចំនួន៥ កងកម្លាំងធំៗ សរុបជិត ៨០០នាក់ ក្នុងនារីជិត ៨០នាក់ បាននឹងកំពុងបំពេញបេសកកម្មរក្សា សន្តិភាព UN នៅតាមបណ្តាប្រទេសចំនួន៤ ខណៈស្ថានភាពវិបត្តិមេរោគឆ្លង COVID-19 នៅតាមបណ្តាប្រទេសទាំង៤ នោះ។
យោងតាមគេហទំព័រ Worldmeters គិតត្រឹមរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០នេះ នៅក្នុងប្រទេសម៉ាលី មានអ្នកឆ្លងវីរុស COVID-19 ចំនួន ៣០៩នាក់ ក្នុងនោះស្លាប់២១នាក់។
ប្រទេស ម៉ាលី ឬមានឈ្មោះពេញ សាធារណរដ្ឋម៉ាលី គឺជាប្រទេសមួយស្ថិតនៅក្នុងតំបន់អាហ្រ្វិកខាងលិច និងមានរដ្ឋធានីឈ្មោះ Bamako។
ប្រទេសនេះមានប្រជាជន ១៩.៨លាននាក់ (ឆ្នាំ២០១៨) ហើយមានផ្ទៃ ១.២៥លានគីឡូម៉ែត្រក្រឡា។ លោក Ibrahim Boubacar Keïta គឺជាប្រធានាធិបតីម៉ាលី ចាប់តាំងពីឆ្នាំ២០១៣មក។ ប៉ុន្តែប្រទេសអាហ្វ្រិកខាងលិចមួយនេះ នៅតែប្រឈមមុខនឹងវិបត្តិអំពើហិង្សា ដែលបង្កឡើងដោយការប្រយុទ្ធគ្នារវាងកងកម្លាំងរដ្ឋាភិបាល និងក្រុមសកម្មប្រយុទ្ធ ក៏ដូចជា ក្រុមឧទ្ទាម ដែលមានទំនាក់ទំនងជាមួយក្រុមអាល់កៃដា។
មកទល់នឹងបច្ចុប្បន្ន ម៉ាលី នៅតែបន្តពឹងផ្អែកលើការគំាទ្រពីកម្លាំងមួកខៀវ នៃអង្គការសហប្រជាជាតិ ដែលកំពុងស្វះស្វែងរកបទឈប់បាញ់ជាអចិន្ត្រៃយ៍មួយ សម្រាប់ប្រទេសដ៏ក្រីក្រមួយនេះ៕