(ស្វាយរៀង)៖ លោក សោម សុធា ប្រធានការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានសង្កាត់បាទី ក្រុងបាវិត បានអំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យរួមគ្នាប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដែលកំពុងរាតត្បាត ពាសពេញពិភពលោក ក៏ដូចជារាលដាលដល់ប្រទេសកម្ពុជា ត្រូវឧស្សហ៍លាងដៃនឹងសាប៊ូ ឲ្យបានញឹកញាប់។

លើសពីនោះទៀត ពេលប្រាស្រ័យទំនាក់ទំនង ត្រូវពាក់ម៉ាស ឬក្រម៉ា បើគ្មានករណីចាំបាច់ គួរកុំជួបជុំប្រមូលផ្តុំគ្នាច្រើន ពេលសង្ស័យមានជំងឺអ្វី គួររួសរាន់ទៅប្រឹក្សា ជាមួយគ្រូពេទ្យដែលនៅជិត ធ្វើអនាម័យភូមិដ្ឋាន បញ្ជៀសទៅកន្លែងចិញ្ចឹមសត្វជាដើម។

ការថ្លែងបែបនេះ ខណៈដែលលោកប្រធានក្រុមការងារ អញ្ជើញចូលរួមចែកអំណោយ ដល់ពលរដ្ឋក្រីក្រចំនួន២១គ្រួសារ ដែលជួបការខ្វះខាត នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០។ ពិធីនេះ មានការចូលរួមពីលោក លឹម សៀងហេង អភិបាលក្រុងបាវិត និងក្រុមប្រឹក្សាសង្កាត់ មេភូមិ យុវជន ស.ស.យ.ក ក្រុងបាវិត ជាច្រើនរូបផងដែរ។

លោក សោម សុធា ក៏បានថ្លែងនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីលោកនាយឧត្តមសេនីយ៍ ម៉ឹង សំផន ប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះជួយក្រុងបាវិត និងស្រុកចន្ទ្រា ជូនដល់ប្រជាពលរដ្ឋ នៅមូលដ្ឋានសង្កាត់បាទីផងដែរ។

លោកបានបន្ថែមទៀតថា បងប្អូនប្រជាពលរដ្ឋ ត្រូវពិសារម្ហូបអាហារដែលចំអិនឲ្យឆ្អិន ចៀសវាងហូបបន្លែឆៅ គួរបន្ថយការសេពគ្រឿងស្រវឹង ហើយកុំធ្វើដំណើរ ទៅទីប្រជុំនជន នៅគម្លាតពីគ្នាឲ្យបាន២មែត្រ។ ហើយយកចិត្តទុកដាក់គិតគូរជានិច្ចពីសុខភាព និងសុវត្ថិភាពផ្ទាល់ខ្លួន តាមរយៈការលើកកម្ពស់ចំណេះដឹង និងចូលរួមជាមួយអាជ្ញាធរផ្សព្វផ្សាយ ឲ្យបានទូលំទូលាយ ស្តីពីវិធានការការពារ និងរក្សា អនាម័យប្រចាំ។

លោកក៏បានជំរុញ ឲ្យប្រជាពលរដ្ឋពង្រីកការដាំដុះ បន្លែបង្ការចិញ្ចឹម សត្វ ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ និងទីផ្សារក្នុងស្រុក ដែលកំពុងត្រូវការ ខណៈការនាំចូល ត្រូវបានកាត់បន្ថយ ដើម្បីបំពេញតម្រូវការក្នុងស្រុក ដែលជាកាលានុវត្តន៍ភាពសម្រាប់វិស័យ កសិកម្ម និង ត្រូវថែរក្សាអនាម័យគ្រប់ៗក្រុមគ្រួសារ និងគោរពតាម ការណែនាំ របស់ក្រសួងសុខាភិបាល សារាចរណ៍ណែនាំរបស់ក្រសួងមហាផ្ទៃ និងរបស់រាជរដ្ឋាភិបាល និងត្រៀមឧបករណ៍ឲ្យបានគ្រប់គ្រាន់ ក្នុងការបង្កបង្កើនផល ស្រូវរដូវវស្សា ដែលនិងខិតចូលមកដល់ នាពេលខាងមុខនេះផងដែរ។

សូមជម្រាបថា អំណោយដែលនាំ ទៅចែកជូនផ្ទាល់ ដល់គ្រួសារប្រជាពលរដ្ឋក្រីក្រ នៅតាមខ្នងផ្ទះ ចំនួន២១គ្រួសារ ក្នុងមួយគ្រួសារ ទទួលបានអង្ករ៣០គីឡូ, ត្រីខ ១០កំប៉ុង, សាប៊ូលុច៤ដុំ, សាប៊ូម្សៅ៣គីឡូក្រាម , ប៊ីចេង១គីឡូក្រាម, ទឹកត្រី២ដប, ក្រមា១ និងថវិកា៥០,០០០រៀល៕