(បាត់ដំបង)៖ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ បានបញ្ជាក្រុមសង្គ្រោះ៧១១ របស់កងពលតូចលេខ៧០ ចុះបាញ់ថ្នាំសម្លាប់មេរោគ នៅទីលានហ្វឹកហ្វឺនបាញ់គ្រាប់ពិត មរតកតេជោសែន ភ្នំវាលចាប, នៅបញ្ជាការដ្ឋានរថក្រោះ កងទ័ពជើងគោក និងសាលាពលទាហានយោធភូមិភាគទី៥ ខេត្តបាត់ដំបង ដើម្បីការពារ និងទប់ស្កាត់ជំងឺ COVID-19 នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០។

គួរជម្រាបថា ប៉ុន្មានថ្ងៃមកនេះ ក្រុមសង្គ្រោះ ៧១១ របស់្ងពលតូចលេខ៧០ ក្រោយទទួលបានការណែនាំពី លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ បានបើកយុទ្ធនាការជាបន្ដបន្ទាប់ នូវការបាញ់ថ្នាំសម្លាប់មេរោគនៅតាមអង្គភាព និងសាលាហ្វឹកហ្វឺននាយទាហាន ដើម្បីចូលរួមទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺ COVID-19។

គិតត្រឹមព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០នេះ អ្នកជំងឹកូវីដចំនួន២នាក់ទៀត បានជាសះស្បើយ សរុបអ្នកជាសះស្បើយកើនដល់១១៩នាក់ នៅសល់តែ៣នាក់ទៀតប៉ុណ្ណោះ មិនមានករណីឆ្លងថ្មីទេ។

យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលបានឲ្យដឹងថា អ្នកជាសះស្បើយចំនួន២នាក់ រួមមានជនជាតិបារាំងម្នាក់ អាយុ៣៥ឆ្នាំ និងស្រ្តីជនជាតិបារាំង ជាភរិយា អាយុ២៨ឆ្នាំ ដែលជាឪពុកម្តាយរបស់ទារកអាយុ០៤ខែ ដែលបានធ្វើដំណើរមកពីប្រទេសបារាំង ឆ្លងកាត់តាមប្រទេសសាំងហ្គាពួរ និងស្នាក់នៅបណ្តោះអាសន្ន នៅម្តុំទួលទំពូង រាជធានីភ្នំពេញ បានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវិដ១៩ ចំនួន០២ដង និងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យកុមារជាតិទាំងអស់គ្នា។

ចំណែកអ្នកកំពុងសម្រាកព្យាបាលសរុបបានថយចុះមកត្រឹម៣នាក់ ក្នុងនោះស្រ្តីម្នាក់ បុរស២នាក់ នៅតាមមន្ទីរពេទ្យរដ្ឋថ្នាក់ជាតិ និងថ្នាក់ខេត្ត៕