(កំពង់ចាម)៖ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០នេះ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គបំប៉នបន្ថែម ជំនាញនគរបាលសណ្ដាប់ធ្នាប់ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដោយវគ្គបំប៉ននេះមានរយៈពេលមួយថ្ងៃពេញ និងបានធ្វើពិធីបិទវគ្គ នៅពេលរសៀល។

ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ស្នងការ ក៏បានប្រគល់ជូននូវ វិទ្យុទាក់ទង និងវ៉េវទ័រចំនួន១៨គ្រឿង សម្ភារបរិក្ខារពេទ្យចំនួន១០សម្រាប់ ដល់អធិការដ្ឋាននគរបាលស្រុក ក្រុង និងកម្លាំងការិយាល័យចរាចរណ៍ផ្លូវគោក សម្រាប់យកទៅប្រើប្រាស់ដើម្បីសម្រួលដល់ការទំនាក់ទំនងការងារ បានឆាប់រហ័ស ក្រោមការឧបត្ថម្ភរបស់នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន។

បន្ថែមពីនោះទៀត លោកឧត្តមសេនីយ៍ទោ ឯម កុសល បានធ្វើការណែនាំ ដល់មន្រ្តីជំនាញរបស់ផែនសណ្ដាប់ធ្នាប់ ឲ្យខិតខំយកចិត្តទុកដាក់ ពង្រឹងលើការអនុវត្ត កិច្ចការជំនាញ តាមការណែនាំ និងសេចក្ដីសម្រេចរបស់ក្រសួងមហាផ្ទៃ ដែលបានដាក់ចេញដើម្បីអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់។

ដោយកម្មវិធីនេះ ក៏មានការអញ្ជើញចូលរួមពី លោក លោកស្រីស្នងការរង លោក លោកស្រីនាយការិយាល័យជំនាញគ្រប់រូប លោកអធិការនគរបាល ស្រុក ក្រុងទាំង១០ សរុបអ្នកចូលរួមចំនួន៨១នាក់៕