(ភ្នំពេញ)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ស្អែកនេះ នឹងរៀបចំសន្និសីទសារព័ត៌មានពីរ ដោយនៅពេលព្រឹក ស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា» លុះពេលរសៀល ស្ដីពី «បច្ចុប្បន្នភាព នៃការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ របស់សហគមន៍គ្រីស្ដសាសនា» នៅជាន់ផ្ទាល់ដី សាលសេរីភាព នៃទីស្ដីការគណៈរដ្ឋមន្ដ្រី។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

សន្និសីទនេះ មានគោលបំណង ជម្រាបជូនសាធារណជនឲ្យបានជ្រាប អំពីបច្ចុប្បន្នភាពជំងឺកូវីដ១៩ ក្នុងសហគមន៍គ្រីស្ដសាសនា ក្នុងកិច្ចចូលរួមចំណែកដ៏សកម្ម ជាមួយនឹងវិធានការអនុវត្តរបស់រាជរដ្ឋាភិបាលដើម្បីបង្ការ ការពារ ទប់ស្កាត់ការរាតត្បាតកូវីដ១៩។

មួយវិញទៀត ក៏បង្ហាញជូនសាធារណៈឲ្យបានយល់ច្បាស់ ពីសកម្មភាព សមិទ្ធផល និងទិសដៅការងារបន្ដរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្នុងទិសដៅស្នួល ជំរុញគោលនយោបាយ អភិបាលកិច្ចល្អ ឲ្យកាន់តែមានប្រសិទ្ធភាព ឆ្លើយតបទៅ នឹងយុទ្ធសាស្ដ្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល៕