(ភ្នំពេញ)៖ លោកឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង ប្រធានអគ្គនាយក សហគ្រាសផលិតឱសថ PPM បានឲ្យដឹងថា ការពង្រឹងឯករាជភាព នៃវិស័យផលិតឱសថក្នុងស្រុក គឺជារឿងចាំបាច់បំផុតសម្រាប់កម្ពុជា ដើម្បីដោះស្រាយនូវបញ្ហាបន្ទាន់នានា ដែលកម្ពុជាជួបប្រទះ ជាក់ស្ដែងដូចជាពេលបច្ចុប្បន្ននេះប្រទេសកម្ពុជា និងសាកលលោកបាន និងកំពុងជួបប្រទះបញ្ហានៃជំងឺកូវីដ១៩។

ថ្លែងឲ្យដឹងក្នុងកម្មវិធី «ភ្ញៀវពិសេសប្រចាំសប្តាហ៍» លោកឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង បានឲ្យដឹងថា ការផ្ទុះឡើងនៃជំងឺកូវីដ១៩ បានធ្វើឲ្យប្រទេសមួយចំនួន ក៏ដូចជាកម្ពុជាផងនោះ បានជួបប្រទះនឹងបញ្ហាជាច្រើន ក្នុងនោះឃើញថាប្រទេសដែលពឹងផ្អែកខ្លាំង ទៅលើការនាំចូលបរិក្ខាពេទ្យ និងឱសថពីបណ្ដាលប្រទេសដទៃកាន់តែជួបការលំបាកទ្វេឡើង ជាក់ស្ដែងដូចប្រទេសបារាំង ដែលមានអ្នកស្លាប់ជាច្រើន ដោយសារតែកើតជំងឺកូវីដ ហើយការរីករាលដាលឆ្លងឆាប់រហ័សនេះ ក៏ដោយសារតែខ្វះនូវឧបរកណ៍សម្រាប់ការពារខ្លួននានា ដូចជាម៉ាសការពារ, ទឹកអាកុលសំលាប់មេរោគជាដើម ដែលជាហេតុធ្វើឲ្យការបញ្ចៀសមេរោគមានភាពយឺតយ៉ាវ និងស្លាប់មនុស្សជាច្រើន។

លោកឧកញ៉ាបានបន្ដថា ប្រទេសកម្ពុជាបានរៀបចំដំណើរការ នៃការផលិតឱសថនេះ តាំងពីដើមឆ្នាំ១៩៩០មកម្ល៉េះ ដែលជាគោលដៅធ្វើឲ្យកម្ពុជាមានឯករាជភាព ក្នុងផ្នែកផលិតឱសថនេះ។ ក្នុងផ្នែកផលិតឱសថនេះ សម្រាប់ PPM បើមានការជួយជ្រោមជ្រែង យើងអាចផ្គត់ផ្គង់ទីផ្សារចន្លោះពី៦០-៧០ភាគរយ ទាំងគុណភាពស្ដង់ដារអន្ដរជាតិ និងស្ដង់ដារក្នុងស្រុក ប៉ុន្ដែបច្ចុប្បន្ននេះការផ្គត់ផ្គង់ឱសថនៅកម្ពុជា មានតែ១០ភាគរយប៉ុណ្ណោះ ដោយសារតែប្រជាពលរដ្ឋខ្វះជំនឿ និងការជួយជ្រោមជ្រែង។

លោកឧកញ៉ាបន្ថែម បើនិយាយពីសមត្ថភាពនៃការផលិតវិញ គឺយើងផលិតបានទាំងអស់ មែនទែនទៅកម្ពុជាមានសមត្ថភាព ផ្គត់ផ្គង់តម្រូវការក្នុងស្រុកដែលមានតម្លៃធូរថ្លៃ និងល្អបំផុតសម្រាប់ពលរដ្ឋមានជីវភាពខ្វះខាត ប៉ុន្ដែដោយសារតែពួកគាត់មិនយល់ពី វិស័យឱសថដូច្នេះពួកគាត់ជឿជាក់ លើផលិតផលបរទេស ច្រើនជាងផលិតផលក្នុងស្រុក។

លោកឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង បានឲ្យដឹងថា «ជំងឺកូវីដ១៩បានបង្ហាញថា ក្នុងកាលៈទេសៈដ៏លំបាកនេះ ប្រសិនបើកម្ពុជាពុំមានលទ្ធភាពសុខាភិបាល ពិសេសផ្នែកឱសថនេះទេ ច្បាស់ណាស់កម្ពុជាពិតជាមានហានីភ័យខ្ពស់ ហើយនេះក៏ជាការបង្ហាញប្រាប់អំពីថា កម្ពុជាអាចទីពឹងខ្លួនឯងបាន និងមានឯករាជភាពនៃវិស័យឱសថក្នុងស្រុក»។

លោកឧកញ៉ាបន្ថែមថា កម្ពុជាមានលទ្ធភាពគ្រប់គ្រង និងអភិវឌ្ឍន៍វិស័យឱសថដោយខ្លួនឯងបាន ហើយក៏ជាឱកាសបង្ហាញថា កម្ពុជាជាប្រទេសមាន ផលិតភាពឱសថមានគុណភាពអន្ដរជាតិ។

លោកឧកញ៉ាបញ្ជាក់ថា រហូតមកដល់ពេលនេះ មានរយៈពេលជាង២០ឆ្នាំហើយ ដែល PPM មានវត្តមាននៅកម្ពុជា ហើយកត្តាដែលនាំឲ្យសហគ្រាសផលិតឱសថ PPM អាចឈរជើងបានរឹងមាំ និងជោគជ័យ គឺអាស្រ័យលើកត្តាដូចជា៖ តម្លាភាពសមត្ថភាព ដែលជំរុញឲ្យយើងបង្កើត បានស្ដង់ដារកាន់តែខ្ពស់ឡើងៗ និងទទួលស្គាល់ពីអន្ដរជាតិ, ការមានជំនឿចិត្តជាដើម៕