(ភ្នំពេញ)៖ ម៉ាសជាច្រើនប្រអប់ និងទឺកបរិសុទ្ធជាច្រើនយួរ ត្រូវបានប្រគល់ជូនលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០នេះ ដើម្បីចូលរួម បង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺ COVID-19 ខណៈដែលនេះបាន និងកំពុងរីករាលដាលនៅលើពិភពលោក ហើយកម្ពុជាក៏ជាប្រទេសមួយមានបញ្ហាប្រឈមនឹងជំងឺនេះផងដែរ។

អំណោយសប្បុរសធម៌ដែលបានទទួលនៅព្រឹកនេះ រួមមាន៖ ម៉ាសចំនួន ២ម៉ឺនម៉ាស និងទឹកបរិសុទ្ធចំនួន ៥០០យួរ ដើម្បីចាត់វិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19។

ក្នុងឱកាសនោះ លោក ឃួង ស្រេង បានលើកឡើងថា ក្នុងនាមក្រុមប្រឹក្សារាជធានី គណៈអភិបាលរាជធានីភ្នំពេញ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក Peng Ting Gang ព្រមទាំងសហការីដែលបានឧបត្ថម្ភជាម៉ាស និងទឹកបរិសុទ្ធខាងលើនេះ ដើម្បីចាត់វិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19។

អភិបាលរាជធានីភ្នំពេញ បានចាត់ទុកថា តាមរយៈកាយវិការប្រកបដោយមនុស្សធម៌ និងគុណធម៌ខាងលើនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ជាមួយរាជធានីភ្នំពេញ និងរាជរដ្ឋាភិបាលស្របតាមការអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19 នៅរាជធានីភ្នំពេញ ដូចជានៅកម្ពុជាទាន់ពេលវេលា។

លោកថា «ទឹកចិត្តសប្បុរសធម៌នេះ ស្តែងឲ្យឃើញពីការគិតគូរនិងក្តីអាណិតស្រឡាញ់ ចំពោះជនរួមឈាម ដោយឈរលើបុព្វហេតុជាតិសាមគ្គីជាធ្លុងក្នុងមួយក្នុងស្មារតីជួយគ្នា នៅក្នុងកាលៈទេសៈដែលប្រទេសជាតិ បាននិងកំពុងជួបប្រទះនឹងគ្រោះភ័យនៃការរាតត្បាតនៃមេរោគ COVID-19»