(ឧត្តរមានជ័យ)៖ ជនសង្ស័យស្រីប្រុសចំនួន ៧នាក់ ត្រូវបានកម្លាំងនគរបាលស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យឃាត់ខ្លួន និងដកហូតបានវត្ថុតាងថ្នាំញៀន និងសម្ភារមួយចំនួន នឹងបានបញ្ជូនទៅស្នងការនគរបាលខេត្តឧត្តរមានជ័យ ដើម្បីចាត់ការតាមនិតិវិធីច្បាប់ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០នេះ។

បើតាមរបាយការណ៍របស់សមត្ថកិច្ចស្រុកត្រពាំងប្រាសាទ បានបញ្ជាក់ថា កាលពីព្រលប់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ កម្លាំងជំនាញផ្នែកគ្រឿងញៀន បានសហការ ជាមួយ កម្លាំងអន្តរាគមន៍នៃអធិការនគរបាលស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ បានចុះបង្រ្កាបករណីចែកចាយ រក្សាទុកនិងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ នៅចំណុចប្រាសាទបុរាណ ក្បែវត្តត្រពាំងប្រាសាទ ស្ថិតក្នុងភូមិឃុំ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជយ័ ដោយឃាត់ខ្លួនជនសង្ស័យស្រី ប្រុស៧នាក់។

សមត្ថកិច្ចបានបញ្ជាក់ថា ក្នុងចំណោមជនសង្ស័យទាំង ៧រូបនេះ គឺមានជនសង្ស័យម្នាក់ឈ្មោះ សេង សុវណ្ណារ៉ា ភេទប្រុសអាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិ ឃុំខាងលើ ដកហូតបានវត្ថុតាងថ្នាំញៀន១កញ្ចប់ធំ ប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក) និងសម្ភារមួយចំនួនទៀត។ ដោយឡែក បក្ខពួកស្រីប្រុស៦នាក់ទៀត សមត្ថកិច្ចបានធ្វើតេស្តរកសារធាតុញៀន ក្នុងនោះវិជ្ជមាន៤នាក់ និងអវិជ្ជមាន២នាក់។

បច្ចុប្បន្នជនសង្សយ័ស្រី ប្រុស ទាំង៧នាក់ រួមនឹងវត្ថុតាងត្រូវបានសមត្ថកិច្ចបញ្ជូនទៅស្នងការនគរបាលខេត្តឧត្តរមានជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕