(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០នេះ បានរៀបចំពិធីប្រគល់ និងទទួលម៉ាសការពារចំនួន ៥០,០០០បន្ទះ ដែលបានទទួលការ ឧបត្ថម្ភពី សមាជិកសភាពាណិជ្ជកម្មចិន (កម្ពុជា) ក្រោមអធិបតីភាពរបស់ លោក វ៉ាន់ ពុទ្ធិពល និងលោកស្រី ប៊ុន នារី អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធដារ តំណាងរបស់លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធដារ។

ក្នុងនោះ ក៏មានការចូលរួមពី លោក Wang Wentian អគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំប្រទេសកម្ពុជា លោក Wu Guo Quan ទីប្រឹក្សាពាណិជ្ជកម្ម នៃស្ថានទូតចិនប្រចាំកម្ពុជា លោក Jing Jun ប្រធានសភាពាណិជ្ជកម្មចិន (កម្ពុជា និងលោកអគ្គនាយករង ថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋានពន្ធដារ និងសមាជិកសភាពាណិជ្ជកម្មចិន (កម្ពុជា) ជាច្រើនរូប។

ពិធីប្រគល់ និងទទួលម៉ាសការពារនេះ គឺត្រូវបានរៀបចំឡើង ក្នុងគោលបំណងចូលរួមក្នុងការការពារ និងទប់ស្កាត់ការ រីករាលដាលនៃជំងឺកូវីដ-១៩។

ក្នុងឱកាសនោះ លោក វ៉ាន់ ពុទ្ធិពល បានសម្តែងនូវការកោតសរសើរ ដល់ទឹកចិត្តដ៏ល្អប្រពៃរបស់សភាពាណិជ្ជកម្មចិន (កម្ពុជា) ដែលបានគិតគូដល់ សុខសុវត្ថិភាព របស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃអគ្គនាយកដ្ឋានពន្ធដារ ដែលមានតួនាទីផ្តល់សេវាកម្មពន្ធដារ ដល់អ្នកជាប់ពន្ធ បើទោះបីជាស្ថិតក្នុងកាលៈទេសៈ នៃការប្រឈមនឹងគ្រោះថ្នាក់ក្តី។

លោកថា តាមរយៈការឧបត្ថម្ភនូវម៉ាសការពារនេះ បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការទប់ស្កាត់ និងបង្ការការចម្លងជំងឺ កូវីដ-១៩។ ទន្ទឹមនឹងនេះ លោកបានបញ្ជាក់ថា នេះជាកាយវិការប្រកបដោយទឹកចិត្តសប្បុរសធម៌ ជួយគ្នាក្នុងគ្រាលំបាក ដែលបង្ហាញនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អ រវាងប្រទេសទាំង២។

ជាមួយគ្នានេះដែរ លោក Wang Wentian ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់អគ្គនាយកដ្ឋានពន្ធដារ ដែលជានិច្ចកាល អគ្គនាយកដ្ឋានពន្ធដារ បង្កនូវលក្ខណៈងាយស្រួល ក្នុងរាល់កិច្ចសហប្រតិបត្តិការ នាពេលកន្លងមក។

លោក វ៉ាន់ ពុទ្ធិពល អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធដារ ក៏បានថ្លែងអំណរគុណ និងបានជូនពរដល់លោកអគ្គរាជទូត លោកស្រីអគ្គនាយករង លោកប្រធានសភា ពាណិជ្ជកម្មចិន (កម្ពុជា) ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃអគ្គនាយកដ្ឋានពន្ធដារ និងសមាជិកសភាពាណិជ្ជកម្មចិន (កម្ពុជា) ឲ្យជួបប្រទះតែជោគជ័យ រាល់ភារកិច្ច និងសេចក្ដីសុខ ព្រមទាំងសមប្រកបនូវពុទ្ធពរទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕