(ភ្នំពេញ)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកទឹកចិត្តដល់ក្រុមហ៊ុនទឹកបំបាត់ក្លិន និងកម្ចាត់មេរោគ «សាគូរ៉ា អេចអេសភី ឯ.ក» ដែលជាក្រុមហ៊ុនក្នុងស្រុក ឱ្យបង្កើនផលិតភាពចង្វារផលិតកម្មរបស់ខ្លួន ឱ្យកាន់តែច្រើនឡើង ដើម្បីបំពេញសេចក្តីត្រូវការនៅក្នុងស្រុក។

ការលើកទឹកចិត្តបែបនេះ របស់លោក ខៀវ កាញារីទ្ធ បានធ្វើឡើងនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០នេះ នៅក្នុងឱកាសដែលលោករដ្ឋមន្ត្រី បានអញ្ញាតឱ្យលោក ឈុន តិច ប្រធានរោងចក្រផលិតទឹកបំបាត់ក្លិន និងកម្ចាត់មេរោគ «សាគូរ៉ា អេចអេសភី ឯ.ក» ដឹកនាំសហការីចូលជួបសម្តែងការគួរ និងពិភាក្សាការងារ នៅទីស្តីការក្រសួងព័ត៌មាន។

លោក ខៀវ កាញារីទ្ធ បានថ្លែង ដូច្នេះ ប្រសិនបើក្រុមហ៊ុនផលិតបានច្រើនវានឹងអាចឱ្យប្រជាពលរដ្ឋយើង អាចមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការទិញយកទៅប្រើប្រាស់ ព្រោះផលិតផលក្នុងស្រុកវាមានតម្លៃសមរម្យជាងផលិតផលនាំចូលពីបរទេស។

បន្ថែមពីនេះ ក្នុងកិច្ចពិភាក្សានេះដែរ លោករដ្ឋមន្ត្រី ក៏បានបង្ហាញអារម្មណ៍សប្បាយរីករាយ ក្រោយពិនិត្យឃើញការដាក់ឱ្យសសាកល្បង នូវម៉ាស៊ីនសម្លាប់មេរោគ បំបាត់ក្លិននេះ ក្នុងសាលាប្រជុំ ព្រមទាំងណែនាំដល់មន្ត្រីត្រូវប្រើប្រាស់ម៉ាស៊ីន ក្នុងពេលមានប្រជុំនានា ដើម្បីកម្ចាត់មេរោគ និងក្លិនមិនជាដើម។

នាឱកាសនោះដែរ លោក ឈុន តិច ក៏បានប្រគល់ម៉ាស៊ីនបាញ់ថ្នាំសម្លាប់មេរោគចំនួន ៤គ្រឿង ទឹកថ្នាំបាញ់សម្លាប់មេរោគចំនួន ២០ធុង និងទឹកថ្នាំបាញ់កំពុងតូចចំនួន ២៥កំប៉ុង ជូនដល់លោក ខៀវ កាញារីទ្ធ ដើម្បីបែងចែកដល់អគ្គនាយកដ្ឋានចំណុះក្រសួងព័ត៌មាន ដើម្បីសម្លាប់មេរោគ និងបំបាត់ក្លិន។

បើតាមលោក ជឺ ឈុនឡេង នាយកគ្រប់គ្រងទូទៅ នៃក្រុមហ៊ុនផលិតទឹកបំបាត់ក្លិន និងកម្ចាត់មេរោគ «សាគូរ៉ា អេចអេសភី ឯ.ក» បានឱ្យដឹងថា សម្រាប់ផលិតផលរបស់ក្រុមហ៊ុនលោក គឺបានឆ្លងកាត់ពីវិទ្យាស្ថានស្តងដារកម្ពុជា ជាពិសេសបានចុះឈ្មោះក្នុងបញ្ជី របស់ក្រសួងពាណិជ្ជកម្មយ៉ាងត្រឹមត្រូវផងដែរ។

លោក ជឺ ឈុនឡេង បានបន្តថា សម្រាប់បច្ចេកវិទ្យា និងស្តងដារ គឺនាំមកពីប្រទេសជប៉ុន សុទ្ធសាធ ប៉ុន្តែ គ្រាន់តែមានមូលដ្ឋានផលិត នៅក្នុងប្រទេសកម្ពុជា តែប៉ុណ្ណោះ ដូច្នេះ លោកសង្ឃឹមថាប្រជាពលរដ្ឋនឹងគាំទ្រនូវផលិតផលក្នុងស្រុក ដើម្បីជាចំណែកលើកស្ទួយវិស័យ ដល់សហគ្រិនរបស់ជាតិ។ លោកបានបញ្ជាក់ថា ផលិតផលនេះ គឺផ្តោតសំខាន់ទៅលើសុខមាលភាពសង្គម បរិស្ថាន និងអនាម័យល្អ ផងដែរ៕