(ភ្នំពេញ)៖ សាលាអន្តរជាតិផារ៉ាហ្គន បានសម្រេចបញ្ចុះថ្លៃសិក្សា ១៥ភាគរយ សម្រាប់សិក្សាអនឡាញ និងមិនដំឡើងថ្លៃសិក្សាសម្រាប់ឆ្នាំសិក្សា២០២០-២០២១ ចំពោះសិក្សាគ្រប់កម្រិត។

ការសម្រេចបែបនេះ បន្ទាប់ពីមានការសម្របសម្រួលពីលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។ សូមរំលឹកថា ដោយសារតែវិបត្តិហិរញ្ញវត្ថុបណ្តាលមកពីជំងឺកូវីដ១៩នោះ អាណាព្យាបាលសិស្សមួយចំនួន ដែលមានកូនសិក្សានៅសាលាអន្តរជាតិផារ៉ាហ្គន បានស្នើសុំឱ្យសាលាបញ្ចុះថ្លៃសិក្សារហូតដល់ទៅប្រមាណ ៣០ភាគរយ និងមិនដំឡើងថ្លៃសិក្សាសម្រាប់ឆ្នាំថ្មី។

ពីដំបូងឡើយសាលាអន្តរជាតិផារ៉ាហ្គន ហាកពិបាកទទួលសម្រាប់សំណើនេះ ព្រោះតែសាលាបានចំណាយការវិនិយោគជាច្រើន ទៅលើការសិក្សាពីចម្ងាយ ឬអនឡាញ ដើម្បីធានានូវគុណភាពអប់រំរបស់ខ្លួនក្នុងនាមជាសាលាដែលមានការទទួលស្គាល់ពីក្រុមប្រឹក្សាសាលាអន្តរជាតិនោះ។

បន្ទាប់ពីការចរចាមិនត្រូវគ្នានេះ ហើយទើបនាំឱ្យមានការចេញមុខសប្របសម្រួល ពីរដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ យុវជន និងកីឡា ពីលទ្ធផលនៃកិច្ចសម្របសម្រួលដែលចេញផ្សាយនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០នេះ បានឱ្យដឹងផងដែរថា ក្រៅពីការព្រមព្រៀងលើលក្ខខណ្ឌទាំងពីរខាងលើ សាលាអន្តរជាតិផារ៉ាហ្គន ក៏បានពន្យារពេលបិទបញ្ចប់ការចុះឈ្មោះចូលរៀនឆ្នាំសិក្សា ២០២០- ២០២១ រហូតដល់មានប្រកាសពីរាជរដ្ឋាភិបាលកម្ពុជា ឬក្រសួងអប់រំ យុវជន និងកីឡាអំពីការចាប់ផ្តើមការចូលរៀនឡើងវិញ ដោយមិនអនុវត្តលក្ខខណ្ឌអ្នកចុះឈ្មោះក្រោយបង់ច្រើនជាងអ្នកចុះឈ្មោះមុននោះឡើយ។

ក្នុងសេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ទៀតថា បើទោះបីមានការបញ្ចុះតម្លៃសិក្សាបែបនេះយ៉ាងណាក្តី ក៏សាលានៅតែបន្តពង្រឹងគុណភាពការសិក្សា តាមប្រព័ន្ធអេឡិចត្រូនិក ដែលសាលាកំពុងមាននាពេលបច្ចុប្បន្ននេះ។

ក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះតំណាងសាលា និង តំណាងមាតាបិតា អ្នកអាណាព្យាបាលសិស្ស ដែលបានឯកភាពយល់ព្រមជាមួយគ្នា ក្នុងស្មារតីបង្ហាញអំពីការគាំទ្រ និងការយោគយល់គ្នាទៅវិញទៅមក ប្រកបដោយទឹកចិត្តអាណិតអាសូរ និងមនោសញ្ចេតនា សណ្ដោសគ្នាទៅវិញទៅមក។

សូមបញ្ជាក់ថា សាលាអន្តរជាតិផារ៉ាហ្គន ជាសាលាអប់រំចំណេះដឹងទូទៅមួយនៅក្នុងប្រទេសកម្ពុជា ដែលមានការទទួលស្គាល់គុណភាពអប់រំពីក្រុមប្រឹក្សាសាលាអន្តរជាតិ ពោលសិស្សបញ្ចប់ការសិក្សាចំណេះដឹងទូទៅពីសាលានេះ អាចបន្តថ្នាក់មហាវិទ្យាល័យនៅគ្រប់ប្រទេសទាំងអស់លើពិភពលោក។

ក្នុងពេលមានវិបត្តិដោយសារជំងឺកូវីដ១៩នេះ ដើម្បីធានាបាននូវគុណភាពអប់រំតាមកម្រិតស្តង់ដារអន្តរជាតិ សាលាបានវិនិយោគជាច្រើន ទៅលើការសិក្សាអនឡាញ ដោយបានបង្កើតកម្មវិធីបង្រៀន បង្កើត App បណ្តុះបណ្តាលគ្រូ និងបំពាក់ឧបករណ៍ បរិក្ខារបច្ចេកទេសជាច្រើនទៀត។ តាមការវិនិយោគនេះ ធ្វើឱ្យសិស្សានុសិស្សរបស់សាលាអាចរៀននៅតាមផ្ទះរបស់ពួកគេ ដូចនឹងរៀននៅក្នុងបន្ទប់រៀនផងដែរ ដោយគ្រូ និងសិស្សបានឃើញមុខគ្នាដោយផ្ទាល់ក្នុងម៉ោងបង្រៀន និងរៀន៕