(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា លោក Ermenegildo Kupa Lopes ឯកអគ្គរដ្ឋទូតថ្មីរបស់ទីម័រឡែស្តប្រចាំកម្ពុជា នឹងធ្វើឲ្យទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ កាន់តែមានការរីកចម្រើនឡើងថែមទៀត។

នេះបើយោងតាម លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយជំនួបសម្តែងការគួរសម រវាងប្រមុខការទូតកម្ពុជា និងឯកអគ្គរដ្ឋទូតថ្មីទីម័រឡែស្តប្រចាំកម្ពុជា នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០នេះ នៅទីស្តីការក្រសួង។

លោក កុយ គួង បានបញ្ជាក់យ៉ាងដូច្នេះថា៖ «លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងក្តីសង្ឃឹមថា អំឡុងបេសកកម្មរបស់លោកឯកអគ្គរដ្ឋទូត នឹងធ្វើឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរ កាន់តែមានការរីកចម្រើនបន្ថែមទៀត ព្រោះកន្លងមកប្រទេសទាំងពីរ ក៏មានទំនាក់ទំនងល្អនឹងគ្នា ជាពិសេសតាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ច នៃថ្នាក់ដឹកនាំជាន់ខ្ពស់រវាងប្រទេសទាំងពីរជាញឹកញាប់»

ក្នុងឱកាសនោះដែរ លោក ប្រាក់ សុខុន បានសម្តែងការស្វាគមន៍ និងអបអរសាទរលោកឯកអគ្គរដ្ឋទូត ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតទីម័រឡែស្តប្រចាំកម្ពុជា។ ប្រមុខការទូតកម្ពុជា ក៏បានជូនពរដល់បេសកកម្មរបស់ទូតថ្មីទីម័រ ឲ្យប្រកបដោយជោគជ័យ ហើយលោកអះអាងថា ស្ថាប័នពាក់ព័ន្ធនៅកម្ពុជា ក៏ត្រៀមលក្ខណៈសហការជាមួយលោកទូត ក៏ដូចជាស្ថានទូតទីម័រឡែស្តេប្រចាំកម្ពុជា ទាំងមូលផងដែរ។

ជាការឆ្លើយតប ឯកអគ្គរដ្ឋទូតទីម័រឡែស្តេប្រចាំកម្ពុជា បានថ្លែងអំណរគុណដល់ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ដែលបានចំណាយពេលវេលាដ៏មានតម្លៃ អនុញ្ញាតឲ្យលោកចូលជួបសម្តែងការគួរសម ហើយលោកទូត ក៏បាននាំការសួរសុខទុក្ខពីលោកប្រធានាធិបតីទីម័រឡែស្ត ក៏ដូចជានាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេស មកកាន់ថ្នាក់ដឹកនាំកម្ពុជាផងដែរ។ លោកបានវាយតម្លៃខ្ពស់ ចំពោះវិធានការរបស់រាជរដ្ឋាភិបាលកន្លងមក ដែលបានអនុវត្តន៍វិធានការដ៏មានប្រសិទ្ធភាព ចំពោះការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដោយសារក្នុងនោះលោកមើលឃើញថា ចំនួនអ្នកឆ្លងមានតិច ហើយអ្នកជាសះស្បើយវិញស្ទើរតែទាំងអស់ទៅហើយ។

តាងនាមឲ្យរដ្ឋាភិបាលទីម័រឡែស្ត លោកឯកអគ្គរដ្ឋទូតទីម័រឡែស្តប្រចាំកម្ពុជា ក៏មិនភ្លេចអរគុណរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែគាំទ្រចំពោះប្រទេសរបស់លោក ឲ្យធ្វើជាសមាជិកទី១១ នៃសមាគមប្រជាជាតិអាស៉ីអាគ្នេយ៍ ដែលហៅកាន់ថាអាស៊ាន។ សម្រាប់រឿងនេះ ប្រមុខការទូតបញ្ជាក់ថា បើទោះបីកម្ពុជាតែងតែគាំទ្រទីម័រឡែស្ត ឲ្យធ្វើជាសមាជិកអាស៊ាន តែអាស៊ានមានគោលការណ៍កុងសង់ស៉ីស ដែលទាល់តែមានការ ឯកគ្នាគ្រប់រដ្ឋភាគីទាំងអស់ ទើបទីម័រឡែស្តក្លាយជាសមាជិកនៃសមាគមនេះបាន។

អ្នកនាំពាក្យក្រសួងការបរទេស បានបញ្ជាក់ថា «លោកទូតបានសម្តែងមោទនភាពចំពោះវិធានការទប់ស្កាត់នេះ ក៏ដូចជាដឹកនាំប្រទេសឲ្យមានការរីកចម្រើន ផ្នែកសេដ្ឋកិច្ចលើគ្រប់វិស័យ ហើយក្នុងនោះក៏លោកបានបញ្ជាក់ថា និស្សិតទីម័រចំនួន១០នាក់ ដែលកំពុងរៀននៅប្រទេសយើងនេះ មានសុវត្ថិភាពល្អ ហើយមានអារម្មណ៍ថា ដូចនៅប្រទេសខ្លួនផងដែរ»

សូមបញ្ជាក់ថា កម្ពុជានិងទីម័រឡែស្ត បានបង្កើតចំណងទំនាក់ទំនងការទូត កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០០២ ហើយតាំងពីពេលនោះមក ប្រទេសទាំងពីរបានពង្រឹងទំនាក់ទំនងទ្វេភាគី កាន់តែរីកចម្រើនជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ។ លើពីនេះទៅទៀត ថ្នាក់ដឹកនាំកម្ពុជាគ្រប់ជាន់ថ្នាក់ តែងតែងសម្តែងការគាំទ្រជាខ្លាំង ដល់ទីម័រឡែស្តេ ឲ្យធ្វើជាសមាជិកទី១១ របស់អាស៊ានផងដែរ៕