(ភ្នំពេញ)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០នេះ នឹងរៀបចំសន្និសីទសារព័ត៌មានពីរ គឺទី១៖ ស្ដីពី «ការរឹតបន្ដឹងច្បាប់ចរាចរណ៍ ដោយបង្កើនការផាកពិន័យតាមអនុក្រឹត្យថ្មី» និងទី២៖ «បច្ចុប្បន្នភាព នៃការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ របស់សហគមន៍ពុទ្ធសាសនា» នៅជាន់ផ្ទាល់ដី សាលសេរីភាព នៃទីស្ដីការគណៈរដ្ឋមន្ដ្រី។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

សន្និសីទនេះ មានគោលបំណងបង្ហាញជូនសាធារណជនឲ្យបានជ្រាបច្បាស់ ពីវិធានការរបស់មន្ដ្រីនគរបាល ក្នុងការចុះអនុវត្តការរឹតបន្ដឹងការអនុវត្តច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ឲ្យបានជាអតិបរមា ក្នុងន័យការពារអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ក្នុងសង្គមកម្ពុជា។

ដោយឡែក ប្រធានបទមួយទៀត ពាក់ព័ន្ធបច្ចុប្បន្នភាព នៃការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ របស់សហគមន៍ពុទ្ធសាសនា គឺមានគោលបំណង ជម្រាបជូនសាធារណជនឲ្យបានជ្រាប អំពីបច្ចុប្បន្នភាពជំងឺកូវីដ១៩ ក្នុងសហគមន៍ពុទ្ធសាសនា ក្នុងកិច្ចចូលរួមចំណែកដ៏សកម្ម ជាមួយនឹងវិធានការអនុវត្តរបស់រាជរដ្ឋាភិបាលដើម្បីបង្ការ ការពារ ទប់ស្កាត់ការរាតត្បាតកូវីដ១៩៕